
លេងជាមួយភ្លើង
ដោយDennis Fisher
October 5, 2017
កាលនៅពីក្មេង ម្ដាយរបស់ខ្ញុំបានហាមមិនឲ្យខ្ញុំលេងភ្លើង។ ប៉ុន្តែ មានថ្ងៃមួយ ខ្ញុំចង់ដឹងថា តើនឹងមានអ្វីកើតឡើង ពេលខ្ញុំលេងភ្លើង។ ខ្ញុំក៏បានយកឈើគូសមួយប្រអប់ និងក្រដាសខ្លះ ហើយដើរចេញទៅឯទីធ្លាខាងក្រោយផ្ទះ ដើម្បីធ្វើការពិសោធន៍។ ខ្ញុំក៏បានលុតជង្គង់លើដីទាំងបេះដូងលោតដុកដាក់ៗ រួចគូសឈើគូស ហើយដុតក្រដាសឆេះជាអណ្ដាតភ្លើង។ រំពេចនោះ ខ្ញុំក៏បានឃើញម្ដាយខ្ញុំកំពុងរត់តម្រង់មករកខ្ញុំ។ ខ្ញុំមិនចង់ឲ្យគាត់ឃើញខ្ញុំលេងភ្លើងទេ បានជាខ្ញុំដាក់ជើងរបស់ខ្ញុំបាំងពីលើអណ្ដាតភ្លើង ដើម្បីលាក់ភ្លើងដែលខ្ញុំកំពុងលេង។ ប៉ុន្តែ ម្ដាយខ្ញុំស្រែកថា “ដែននី(Denny) ដកជើងចេញ! មានអណ្ដាតភ្លើងនៅពីក្រោមជើងកូន!” ខ្ញុំក៏បានដកជើងទាន់ ជើងខ្ញុំមិនរលាកភ្លើងទេ។ ដល់ពេលនោះ ទើបខ្ញុំបានដឹងច្បាស់ថា បំរាមរបស់ម្ដាយខ្ញុំដែលហាមមិនឲ្យខ្ញុំលេងភ្លើង គឺមិនមែនដើម្បីបំផ្លាញការសប្បាយរបស់ខ្ញុំទេ ប៉ុន្តែ នោះគឺដោយព្រោះតែក្ដីបារម្ភពីសុវត្ថិភាពរបស់ខ្ញុំប៉ុណ្ណោះ។ ជួនកាលយើងមិនយល់អំពីហេតុផល ដែលព្រះទ្រង់ចេញសេចក្ដីបញ្ញត្តិណាមួយ ឲ្យយើងប្រព្រឹត្ត ឬមិនប្រព្រឹត្តការអ្វីមួយឡើយ។ យើងថែមទាំងអាចគិតថា ទ្រង់គឺជាអ្នកបំផ្លាញការសប្បាយ ដោយបានដាក់ច្បាប់ និងក្រឹត្យវិន័យនានា ដើម្បីហាមឃាត់កុំឲ្យយើងមានការសប្បាយ ក្នុងជីវិត។ ប៉ុន្តែ ព្រះទ្រង់ចង់ឲ្យយើងស្ដាប់បង្គាប់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើងទេ។ នៅពេលដែលយើងស្ដាប់បង្គាប់ទ្រង់ នោះយើង “នឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់” ហើយក៏នឹងមានអំណរដ៏ពោរពេញឡើង (យ៉ូហាន ១៥:១០-១១)។ ដូច្នេះ នៅពេលដែលព្រះហាមយើងកុំឲ្យធ្វើបាប គឺទ្រង់ហាម ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះអង្គពិតជាចង់ការពារ កុំឲ្យយើង “លេងជាមួយភ្លើង” និងរលាកដៃ។-DENNIS FISHER
បទគម្ពីរប្រចាំថ្ងៃ
អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ . . . ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង។ -យ៉ូហាន ១៤:២១