
តើខ្ញុំផ្ចង់ចិត្តលើអ្វី?
ដោយDavid C. McCasland
October 27, 2017
កាលពីដើមខែកញ្ញា ឆ្នាំ២០១១ ភ្លើយឆេះព្រៃដ៏សាហាវមួយ បានបំផ្លាញផ្ទះសម្បែងអស់៦០០ខ្នង នៅក្នុងទីក្រុងបាសស្ត្រុប (Bastrop) និងតំបន់ជិតខាង ក្នុងភូមិភាគកណ្តាលនៃរដ្ឋតិចសាស់។ ពីរបីសប្តាហ៍ក្រោយមក ការសែត អាមើរីខិន ស្តេតស៍មិន នៃទីក្រុងអូស្ទីន បានចេញផ្សាយពត៌មាន ក្រោមចំណងជើងទំព័រមុខថា “មនុស្សដែលបានបាត់បង់ច្រើនជាងគេបំផុត បែរជាផ្ដោតសំខាន់លើអ្វីដែលមិនបានបាត់បង់”។ អត្ថបទនេះបានពណ៌នា អំពីអំណោយសប្បុរសធម៌ដែលសហគមន៍បានឧបត្ថម្ភ ព្រមទាំងបានរៀបរាប់ថា អ្នកទទួលជំនួយទាំងនោះ បានដឹងថា អ្នកជិតខាង មិត្តភក្តិ និងសហគមន៍ មានតម្លៃខ្ពស់ជាងរបស់របរដែលពួកគេបានបាត់បង់ឆ្ងាយណាស់។ អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានរំឭកដល់ពួកអ្នកដើរតាមព្រះយេស៊ូវ នៅសតវត្សរ៍ទីមួយ ឲ្យនឹកចាំអំពីការរងទុក្ខលំបាក ដោយសារការបៀតបៀន ក្នុងជីវិតនៃសេចក្តីជំនឿរបស់ពួកគេ កាលពីដើម។ ពួកគេបានឈរយ៉ាងមាំមួន នៅចំពោះមុខនៃការប្រមាថមាក់ងាយ និងការគៀបសង្កត់ ប៉ុន្តែ នៅតែបានឈរប្រកៀកស្មាគ្នា ជាមួយនឹងអ្នកជឿឯទៀតយ៉ាងក្លាហាន(ហេព្រើរ ១០:៣២-៣៣)។ គឺដូចដែលមានសេចក្តីចែងថា “ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ ដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌” (ខ.៣៤)។ ពួកគេមិនបានផ្ចង់ចិត្តលើអ្វីដែលពួកគេបានបាត់បង់នោះឡើយ តែបានផ្តោតទៅលើរបស់ទ្រព្យដ៏អស់កល្បជានិច្ច ដែលគ្មានអ្នកណាអាចនឹងដកយកពីពួកគេបានឡើយ។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថា “ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ” (ម៉ាថាយ ៦:២១)។ នៅពេលដែលយើងផ្ចង់ចិត្តចំពោះព្រះអម្ចាស់ និងចំពោះរបស់ទាំងអស់ដែលយើងមាននៅក្នុងទ្រង់ នោះសូម្បីតែទ្រព្យសម្បត្តិដ៏ថ្លៃវិសេសបំផុតរបស់យើង នៅលើផែនដីនេះ ក៏នឹងប្រែជាមានតម្លៃតិចវិញ ទោះបាត់បង់ ក៏មិនសូវសោកស្តាយដែរ។-DAVID MCCASLAND
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ . . . ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌។-ខ.៣៤