
ត្រូវជួសជុស ឬផ្លាស់ប្ដូរ
ដោយDave Branon
October 30, 2017
មានពេលមួយ ខ្ញុំត្រូវជួសជុសរឹមបង្អួចផ្ទះរបស់ខ្ញុំ។ ខ្ញុំបានកោស រួចខាត់ថ្នាំរបស់រឹមបង្អួចទាំងនោះ ហើយបៀកកាវលាយជាមួយកំទេចឈើ នៅត្រង់ស្នាមប្រេះ មុននឹងចាប់ផ្តើមលាបថ្នាំថ្មីពីលើ។ ខ្ញុំបានខិតខំធ្វើអស់ពីលទ្ធភាព ដោយលាបថ្នាំទ្រនាប់ ហើយលាបថ្នាំថ្លៃៗពីលើរឹមទាំងអស់នោះហើយ ឃើញថា រឹមបង្អួចនោះ ហាក់ដូចជាស្អាតគួរសមដែរ។ ប៉ុន្តែ វាមើលទៅមិនស្អាតដូចថ្មីទេ។ មានវិធីមួយ ដើម្បីធ្វើឲ្យរឹមបង្អួចមើលទៅដូចថ្មី គឺត្រូវផ្លាស់ប្ដូររឹមចាស់ៗចោល។ រឹមបង្អួចដែលបានខូចដោយសារអាកាសធាតុ អាចប្រែជាមានសម្រស់ “ស្អាតគួរសម” ដោយសារការជួសជុល ដូចនេះ ខ្ញុំមិនចាំបាច់ផ្លាស់រឹមចាស់ចោលក៏បាន។ ប៉ុន្តែ បើចិត្តគំនិតរបស់យើង ដែលត្រូវបានបំផ្លាញ ដោយសារអំពើបាបហើយ នោះការខិតខំជួសជុលចិត្តនោះឡើងវិញតែម្យ៉ាង គឺមិនគ្រប់គ្រាន់ឡើយ។ ព្រះទ្រង់សព្វព្រះទ័យ ឲ្យយើងបានកើតជាថ្មីតែម្តង ដើម្បីឲ្យអ្វីៗទាំងអស់បានប្រែជាថ្មីឡើង(២កូរិនថូស ៥:១៧)។ នោះហើយជា លក្ខណៈពិសេសនៃសេចក្តីសង្រ្គោះ ដែលមនុស្សអាចទទួលបានដោយសេចក្តីជំនឿ លើព្រះយេស៊ូវគ្រីស្ទ។ ទ្រង់បានសុគតនៅលើឈើឆ្កាង ធ្វើជាយញ្ញបូជា ជំនួសអំពើបាបរបស់យើង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសម្តែងឲ្យឃើញព្រះចេស្ដារបស់ទ្រង់ ដែលបានឈ្នះអំពើបាប និងសេចក្តីស្លាប់។ ព្រះទ្រង់បានទតមកឃើញថា យើងបាន“កើតជាថ្មី” បន្ទាប់ពីយើងបានប្រែចិត្តទទួលជឿព្រះគ្រីស្ទ(២កូរិនថូស ៥:១៧) ហើយជីវិតចាស់របស់យើង ត្រូវបានជំនួសដោយ “ជីវិតថ្មី” (កិច្ចការ ៥:២០)។ ដូចនេះ ដោយសារព្រះយេស៊ូវ និងព្រះរាជកិច្ចដែលទ្រង់បានបំពេញនៅលើឈើឆ្កាង នោះព្រះវរបិតានៃយើងរាល់គ្នា ដែលគង់នៅស្ថានសួគ៌ ក៏ទតឃើញអ្នក ដែលបានដាក់សេចក្តីជំនឿលើព្រះគ្រីស្ទ ថាជាមនុស្សថ្មី ហើយក៏ឥតកន្លែងបន្ទោសបានផង។ អំពើបាបបានបង្ករឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យើងមិនអាចជួសជុលជីវិតរបស់យើង ដោយខ្លួនឯងបានទេ។ យើងត្រូវទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះរបស់យើង ហើយអនុញ្ញាតឲ្យទ្រង់ប្រទានជីវិតថ្មីទាំងស្រុង ដល់យើង។-DAVE BRANON
បទគម្ពីរប្រចាំថ្ងៃ
បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ។-ខ.១៧