
អត្តសញ្ញាណដ៏ពិតរបស់យើង
ដោយAlbert Lee
November 15, 2017
នៅក្នុងសៀវភៅជីវប្រវត្តិរបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) គាត់បានរៀបរាប់ អំពីពេលដែលគួរឲ្យភ័យតក់ស្លត់ ដែលគាត់ និងប្អូនស្រីគាត់ជួយប្រទះ នៅក្នុងជំរុំប្រមូលផ្តុំរបស់ពួកណាហ្ស៊ី ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៤០។ មានពេលមួយ គេបានបង្ខំអ្នកទាំងពីរឲ្យដោះសម្លៀកបំពាក់អស់ ក្នុងអំឡុងពេលត្រួតពិនិត្យ។ ពេលនោះ អ្នកស្រីខូរីបានឈរក្នុងជួរ ដោយអារម្មណ៍អៀនខ្មាស់យ៉ាងខ្លាំង ហើយបានគិតថា ព្រះទ្រង់បានបោះបង់នាងចោលហើយ។ ភ្លាមៗនោះ នាងក៏បាននឹកចាំថា ព្រះយេស៊ូវក៏បានសុគត ដោយជាប់ឆ្កាងទំាងអាក្រាតផងដែរ។ អ្នកស្រីខូរីមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ហើយក៏បានថ្វាយបង្គំព្រះនៅក្នុងចិត្ត ហើយក៏បាននិយាយខ្សិបៗទៅកាន់ប្អូនស្រីរបស់នាងថា “ប៊ែតស៊ី(Betsie) គេក៏បានដោះសម្លៀកបំពាក់ព្រះអង្គចេញដែរ”។ ប៊ែតស៊ីក៏បាននិយាយទំាងដង្ហក់ថា “អូហ៍ ខូរី …ខ្ញុំមិនដែលបានអរព្រះគុណព្រះអង្គសោះ”។ យើងងាយនឹងរស់នៅ ដោយគ្មានការអរព្រះគុណព្រះ ក្នុងលោកិយដែលមានពេញដោយបញ្ហា ការតស៊ូ និងទុក្ខព្រួយ។ នៅថ្ងៃខ្លះ យើងមានហេតុផលជាច្រើន ដើម្បីនឹងរអ៊ូរទាំ។ ទោះជាយ៉ាងណាក៏ដោយ បទគម្ពីរទំនុកដំកើង ជំពូក១០០ បានលើកទឹកចិត្តរាស្រ្តរបស់ព្រះ ឲ្យមានអំណរ និងចិត្តរីករាយឡើង ហើយអរព្រះគុណទ្រង់ ដ្បិត “ព្រះអម្ចាស់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងមក យើងជារបស់ផងទ្រង់ យើងជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់”(ខ.៣)។ ពេលដែលយើងនឹកចាំថា យើងជានរណានៅក្នុងព្រះគ្រីស្ទ នោះយើងអាចឆ្លើយតបចំពោះទ្រង់ ដោយការអរព្រះគុណទ្រង់។ ព្រោះសូម្បីតែនៅពេលដែលអាក្រក់បំផុត ក៏យើងនៅតែអាចនឹកចាំអំពីសេចក្តីស្រឡាញ់ និងការលះបង់ដែលព្រះគ្រីស្ទមានសម្រាប់យើងផងដែរ។ ចូរកុំបណ្តោយឲ្យភាពសាហាវព្រៃផ្សៃនៃលោកិយ ដកយកចិត្តកត្តុញ្ញូ ចេញពីជីវិតអ្នកឡើយ។ ចូរចាំថា អ្នកជាកូនព្រះ ហើយទ្រង់បានបង្ហាញឲ្យអ្នកឃើញសេចក្តីល្អ និងសេចក្តីមេត្តារបស់ទ្រង់ តាមរយៈព្រះរាជកិច្ចដែលទ្រង់បានធ្វើសម្រេចនៅលើឈើឆ្កាង។-Albert Lee
បទគម្ពីរប្រចាំថ្ងៃ
តែអ្នករាល់គ្នា…ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់។-១ពេត្រុស ២:៩