
អ្នកបម្រើដ៏ស្មោះត្រង់
ដោយKeila Ochoa
December 7, 2017
លោកម៉ាដាលេណូ(Madaleno) ជាអ្នករៀបឥដ្ឋ។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត្តិ៍ គាត់បានសង់ជញ្ជាំងផ្ទះ និងជួសជុលដំបូល។ គាត់ជាមនុស្សស្ងាត់ស្ងៀម គួរឲ្យជឿជាក់បាន ហើយខិតខំធ្វើការ។ បន្ទាប់មក ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ គាត់ឡើងទៅលើភ្នំ ដើម្បីបង្រៀនព្រះបន្ទូលព្រះ។ លោកម៉ាដាលេណូបាននិយាយភាសា ណាហួត(Nahuatl ដែលជាក្រៀមភាសារបស់ជនជាតិមិចស៊ិចកូ) ដូចនេះ គាត់អាចផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ យ៉ាងងាយស្រួល ដល់ប្រជាជនក្នុងតំបន់នោះ។ ពេលគាត់មានអាយុ៧០ឆ្នាំ គាត់នៅតែធ្វើការដោយដៃ ក្នុងការសាងសង់ផ្ទះឲ្យគេ តែគាត់ក៏បានរួមចំណែកនៅក្នុងការបង្កើតមហាគ្រួសារនៃព្រះផងដែរ។ ជីវិតគាត់បានទទួលការគំរាមកំហែង ជាច្រើនដង។ គាត់បានគេងនៅកណ្តាលវាល ហើយប្រឈមមុខនឹងការស្លាប់ ដោយសារគ្រោះថ្នាក់រថយន្ត និងការធ្លាក់ពីកន្លែងខ្ពស់។ គេបានបណ្តេញគាត់ចេញពីក្រុង។ តែគាត់គិតថា ព្រះបានត្រាស់ហៅគាត់ ឲ្យបម្រើទ្រង់ ហើយគាត់ក៏បានធ្វើដោយអំណរ។ គាត់បានជឿថា មនុស្សត្រូវស្គាល់ព្រះអម្ចាស់ បានជាគាត់ពឹងផ្អែកលើទ្រង់ ដើម្បីទទួលបាននូវកម្លាំង ដែលគាត់ត្រូវការ។ ភាពស្មោះត្រង់របស់លោកម៉ាដាលេណូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពស្មោះត្រង់របស់លោកកាលែប និងលោកយ៉ូស្វេ ពេលដែលអ្នកទាំងពីរត្រូវបានលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលទឹកដីសន្យា ហើយវិលត្រឡប់មករាយការណ៍ដល់ជនជាតិអ៊ីស្រាអែលវិញ(ជនគណនា ១៤:៦-១៣)។ ពួកឈ្លបដទៃទៀត ដែលទៅជាមួយគាត់មានការភ័យខ្លាច ចំពោះមនុស្សដែលរស់នៅទីនោះ តែលោកកាលែប និងលោកយ៉ូស្វេបានទុកចិត្តលើព្រះ ហើយជឿថា ទ្រង់នឹងជួយពួកគេ ឲ្យចូលកាន់កាប់ទឹកដីសន្យា។ ការងារដែលព្រះបានប្រទានឲ្យយើងធ្វើ ប្រហែលជាខុសពីការងាររបស់លោកម៉ាដាលេណូ លោកកាលែប និងលោកយ៉ូស្វែ។ តែយើងអាចមានការទុកចិត្តដូចពួកគេផងដែរ។ នៅក្នុងការឈោងចាប់អ្នកដទៃ យើងមិនត្រូវពឹងផ្អែកលើខ្លួនឯងឡើយ តែត្រូវពឹងផ្អែកលើកម្លាំងរបស់ព្រះអម្ចាស់វិញ។-Keila Ochoa
បទគម្ពីរប្រចាំថ្ងៃ
បើអ្នកណាបំរើ នោះត្រូវបំរើដោយកំឡាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ។-១ពេត្រុស ៤:១១