
ព្រះទ្រង់តាមដានយើងជានិច្ច
ដោយDennis Fisher
December 31, 2017
សៀវភៅមានចំណងជើងថា “នៅលើស្លាប” ជាស្នាដៃនិពន្ធរបស់លោកលោកអាឡាន ធេននិន(Alan Tennant) ដែលពិពណ៌នាអំពីកិច្ចប្រឹងប្រែងរបស់គាត់ នៅក្នុងការតាមដានការបន្លាស់ទី របស់សត្វស្ទាំងពេរេគ្រីន។ ដោយសារពួកវាជាពូជសត្វស្ទាំងដ៏មានតម្លៃ ដែលមានរូបរាង្គស្អាតល្អ មានភាពរហ័សរហួន និងកម្លាំង នោះសត្វបក្សីប្រម៉ាញ់ដ៏អស្ចារ្យនេះបានក្លាយជា ដៃគូរប្រម៉ាញ់ដែលពួកអធិរាជ្យ និងពួកអភិជនចូលចិត្តយកទៅជាមួយ ពេលចេញទៅបរបាញ់សត្វ។ តែគួរឲ្យស្តាយណាស់ ការប្រើថ្នាំសម្លាប់សត្វល្អិត DDT យ៉ាងទូលំទូលាយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បានរំខានដល់វដ្តនៃការបង្ករកំណើតរបស់ពួកវា ហើយគេក៏បានដាក់ពួកវាក្នុងចំណោមសត្វដែលជិតផុតពូជ។ ដោយសារលោកធេននិនមានការចាប់អារម្មណ៍ នៅក្នុងការជួយស្រោចស្រង់ពូជសត្វស្ទាំងមួយប្រភេទនេះ គាត់ក៏បានដាក់ឧបករណ៍តាមដានជាប់នឹងជើងសត្វស្ទាំងមួយចំនួន ដែលគាត់បានជ្រើសរើស ដើម្បីតាមដានរបៀបនៃការបន្លាស់ទីរបស់ពួកវា។ ប៉ុន្តែ ពេលគាត់ និងអ្នកបើកបរយន្តហោះរបស់គាត់ កំពុងបើកបរយន្តហោះតាមពីក្រោយសត្វបក្សីទាំងនោះ ពួកគេក៏ស្រាប់តែបាត់សញ្ញាទាក់ទងម្តងហើយម្តងទៀត ពីឧបករណ៍តាមដានដែលបានភ្ជាប់នឹងជើងសត្វស្ទាំងទាំងនោះ។ ទោះពួកគេមានបច្ចេកវិទ្យាទំនើបក៏ដោយ ក៏ពួកគេនៅតែមិនអាចតាមដានសត្វបក្សីដែលពួកគេចង់ជួយស្រោចស្រង់នោះឡើយ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះដែលថែរក្សាយើងរាល់គ្នា ទ្រង់យាងទៅជាមួយយើងជានិច្ច ហើយទោះយើងទៅទីណា ក៏មិនដែលបាត់ពីព្រះភក្រ្តទ្រង់ឡើយ។ តាមពិត ព្រះយេស៊ូវបានមានបន្ទូលថា “គ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ … យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន”(ម៉ាថាយ ១០:២៩-៣១)។ ពេលយើងជួបស្ថានភាពដែលពិបាក ការភ័យខ្លាចអាចធ្វើឲ្យយើងសង្ស័យថា តើព្រះទ្រង់ជ្រាបអំពីស្ថានភាពរបស់យើងឬទេ។ តែការបង្រៀនរបស់ព្រះយេស៊ូវបានធានាដល់យើងថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង ហើយក៏កំពុងគ្រប់គ្រងស្ថានភាពរបស់យើងផង។ ទ្រង់កំពុងតាមដានជីវិតយើង មិនដែលខានម្តងណាឡើយ។-Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន។-ខ.៣១