ព្រឹក

បង្កើតចិត្តដែលបម្រើអ្នកដទៃ
ដោយArthur Jackson
January 10, 2018
មានពេលមួយ ខ្ញុំបានធ្វើការពេញមួយថ្ងៃ។ ប៉ុន្តែ ពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំដល់ពេលដែលត្រូវធ្វើកិច្ចការ “មួយទៀត” គឺ ធ្វើជាឪពុកល្អមួយរូប។ មិនយូរប៉ុន្មាន ការស្វាគមន៍ពីភរិយា និងកូនៗរបស់ខ្ញុំ មានដូចជា “ប៉ា យើងបានម្ហូបអីញាំល្ងាចនេះ?” “សូមប៉ាដងទឹកឲ្យខ្ញុំបន្តិចមក?” “ប៉ា យើងលេងបាល់ទាត់បានអត់?” ខ្ញុំមិនចង់ធ្វើអ្វីច្រើនទេ គឺគ្រាន់តែចង់អង្គុយចុះប៉ុណ្ណោះ។ ហើយទោះបីជា ក្នុងខ្លួនខ្ញុំ មានផ្នែកដែលពិតជាចង់ឲ្យខ្ញុំ ធ្វើជាឪពុកដ៏ល្អម្នាក់ក៏ដោយ ក៏ខ្ញុំមិនមានអារម្មណ៍ថា ចង់បំពេញសេចក្តីត្រូវការរបស់ក្រុមគ្រួសារខ្ញុំ មិនចេះឈប់នោះដែរ។ បន្ទាប់មក ខ្ញុំក៏បានឃើញកាតថ្លែងអំណរគុណ ដែលភរិយាខ្ញុំបានទទួលពីមនុស្សម្នាក់ នៅព្រះវិហារ។ នៅក្នុងកាតនោះ មានរូបទឹកមួយផើង កន្សែងពោះគោមួយ និងស្បែកជើកសង្រែកដែលប្រឡាក់។ នៅខាងក្រោម មានខគម្ពីរ លូកា ២២:២៧ ដែលចែងថា “ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ”។ ខគម្ពីរនេះបានលើកទឹកចិត្តខ្ញុំណាស់ បានជាខ្ញុំនឹកចាំ អំពីខគម្ពីរមួយទៀត ដែលចែងថា ទ្រង់បានយាងមក ដើម្បីស្វែងរក និងបម្រើគេ(លូកា ១៩:១០)។ បើសិនជាព្រះយេស៊ូវស្ម័គ្រព្រះទ័យធ្វើកិច្ចការដ៏កខ្វក់សម្រាប់ពួកសាវ័ករបស់ទ្រង់ ដូចជាការលាងជម្រះជើងដ៏គគ្រិចរបស់ពួកគេ(យ៉ូហាន ១៣:១-១៧) នោះខ្ញុំក៏អាចដងទឹកមួយកែវឲ្យកូនខ្ញុំ ដោយគ្មានការត្អូញត្អែរ។ គឺនៅពេលនោះហើយ ដែលខ្ញុំបាននឹកចាំថា ការដែលក្រុមគ្រួសារខ្ញុំសុំឲ្យខ្ញុំបម្រើពួកគេ គឺមិនគ្រាន់តែជា កាតព្វកិច្ចប៉ុណ្ណោះទេ តែក៏ជាឱកាស ដើម្បីឆ្លុះបញ្ចាំងឲ្យពួកគេស្គាល់ ព្រះទ័យព្រះយេស៊ូវដែលបម្រើ និងស្រឡាញ់ពួកគេ។ ពេលគេសុំឲ្យយើងបម្រើ គឺមានន័យថា យើងមានឱកាសផ្លាស់ប្រែ ឲ្យមានលក្ខណៈសម្បត្តិកាន់តែដូចព្រះមួយអង្គ ដែលបានបម្រើអ្នកដើរតាមទ្រង់ ដោយលះបង់ជីវិតទ្រង់សម្រាប់ពួកគេ។-ADAM HOLZ
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ។-លូកា ២២:២៧
ល្ងាច

ព្រះជាម្ចាស់ស្វាគមន៍
ដោយXochitl Dixon
January 10, 2018
ពួកជំនុំរបស់ខ្ញុំបានជួបជុំគ្នា នៅក្នុងសាលាបឋមសិក្សា ដ៏ចំណាស់មួយកន្លែង ។ សាលានោះបានបិទទ្វារ ក្នុងឆ្នាំ១៩៥៨ ជាជាងអនុវត្តតាមបទបញ្ជារបស់តុលាការអាមេរិក ដែលបានបង្គាប់ឲ្យឈប់ប្រកាន់ជាតិសាសន៍(តាមច្បាប់ ដែលបានអនុញ្ញាតសិស្សអាមេរិកស្បែកខ្មៅ ទៅរៀននៅសាលា ដែលពីមុនទទួលតែសិស្សស្បែកស)។ នៅឆ្នាំបន្ទាប់ សាលារៀននេះក៏បានបើកឡើងវិញ ហើយអេលវ៉ា(Elva) ជាសមាជិកពួកជំនុំរបស់ខ្ញុំនៅពេលបច្ចុប្បន្ន ដែលកាលនោះ នាងស្ថិតក្នុងចំណោមសិស្សស្បែកខ្មៅដំបូងគេ ដែលបញ្រ្ជៀតចូលនៅក្នុងពិភពនៃពួកស្បែកស។ គាត់បានរំឭកថា “នៅសម័យនោះ គេបានយកខ្ញុំចេញពីសហគមន៍ដ៏មានសុវត្ថិភាពរបស់ខ្ញុំ ដែលមានគ្រូបង្រៀន ដែលជាផ្នែកមួយនៃជីវិតខ្ញុំ ហើយគេក៏បានយកខ្ញុំទៅដាក់ ក្នុងបរិយាកាសដ៏គួរឲ្យខ្លាច នៅក្នុងថ្នាក់រៀនមួយ ដែលមានសិស្សស្បែកខ្មៅតែម្នាក់ទៀត”។ កាលនោះ អេលវ៉ាបានជួបការលំបាកជាច្រើន ដោយសារនាងមានពណ៌សម្បុរខុសពីគេ ប៉ុន្តែ នាងបានប្រែក្លាយជាស្រ្តី នៃសេចក្តីក្លាហាន ជំនឿ និងការអត់ឱនទោស។ ទីបន្ទាល់របស់គាត់ គឺពិតជាមានន័យខ្លាំងណាស់ ព្រោះនាងបានអត់ទ្រាំនឹងការអាក្រក់ជាច្រើន ពីសំណាក់មនុស្សមួយចំនួន នៅក្នុងសង្គមមួយ ដែលបានបដិសេធសេចក្តីពិត ដែលថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សម្នាក់ៗ ដោយមិនគិតពណ៌សម្បុរ ឬពូជសាសន៍ឡើយ។ សមាជិកមួយចំនួន នៅក្នុងពួកជំនុំដំបូង ក៏បានបដិសេធសេចក្តីពិតនេះផងដែរ ដោយជឿថា ព្រះជាម្ចាស់ស្រឡាញ់តែជាតិសាសន៍មួយ ដោយសារដើមកំណើតរបស់ពួកគេ ហើយទ្រង់បដិសេធជាតិសាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់ពីសាវ័កពេត្រុសបានទទួលការបើកសម្តែងពីព្រះជាម្ចាស់ហើយ គាត់ក៏បានធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើល ដោយប្រកាសថា “ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្តីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ”(កិច្ចការ ១០:៣៤-៣៥)។ ព្រះទ្រង់បើកចំហរព្រះហស្តទ្រង់ ដើម្បីប្រទានសេចក្តីស្រឡាញ់របស់ទ្រង់ ដល់មនុស្សគ្រប់គ្នា។ ចូរយើងទទួលស្វាគមន៍អ្នកដទៃ ដោយអំណាចចេស្តាទ្រង់ផងដែរ។—WINN COLLIER
បទគម្ពីរប្រចាំថ្ងៃ
ព្រះមិនរើសមុខអ្នកណាទេ។ កិច្ចការ ១០:៣៤