
ការដឹងគុណកាន់តែខ្លាំង
ដោយLinda Washington
January 17, 2018
តើអ្នកចង់ឲ្យខ្លួនឯង មានការដឹងគុណព្រះ កាន់តែខ្លាំងឬទេ? លោកចច ហឺបឺត(George Herbert) ដែលជាកវីកំណាព្យជនជាតិអង់គ្លេស នៅសតវត្សរ៍ទី១៧ បានលើកទឹកចិត្តប្រិយមិត្តអ្នកអានរបស់គាត់ ឲ្យមាន “ការដឹងគុណចំពោះព្រះ” កាន់តែខ្លាំង ដែលគោលដៅនៃបទកំណាព្យរបស់គាត់ ដែលចែងថា “ព្រះអង្គប្រទានទូលបង្គំ ជាច្រើនដ៏ម្ល៉េះ សូមប្រទានឲ្យទូលបង្គំនូវការមួយទៀត គឺចិត្តដែលដឹងគុណទ្រង់”។ លោកហឺបឺតបានទទួលស្គាល់ថា ដើម្បីឲ្យគាត់មានការដឹងគុណចំពោះព្រះ គាត់ត្រូវជញ្ជឹងគិតអំពីព្រះពរ ដែលទ្រង់បានប្រទានគាត់។ ព្រះគម្ពីរបានប្រកាសថា ព្រះគ្រីស្ទ ជាប្រភពនៃព្រះពរគ្រប់យ៉ាង គឺដូចដែលមានចែងក្នុងបទគម្ពីរ រ៉ូម ១១:៣៦ ថា “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់”។ “របស់សព្វសារពើ” គឺរាប់បញ្ចូលរបស់ដ៏ច្រើនសណ្ឋឹក ក៏ដូចជារបស់ដ៏តិចតួច ដែលជាអំណោយដែលមានជារៀងរាល់ថ្ងៃក្នុងជីវិតយើង។ អ្វីៗគ្រប់យ៉ាងដែលយើងបានទទួល ក្នុងជីវិត គឺបានមកដោយផ្ទាល់ពីព្រះវរបិតា(យ៉ាកុប ១:១៧) ហើយទ្រង់សព្វព្រះទ័យនឹងប្រទានអំណោយនោះមកយើង ដោយសេចក្តីស្រឡាញ់ចំពោះយើង។ ដើម្បីឲ្យខ្ញុំបាននឹកចាំអំពីព្រះពររបស់ព្រះ ក្នុងជីវិតខ្ញុំ ខ្ញុំបានរៀនបង្កើតចិត្តដែលទទួលស្គាល់ប្រភពនៃក្តីអំណរទាំងអស់ ដែលខ្ញុំមានជារៀងរាល់ថ្ងៃ ជាពិសេសព្រះពរ ដែលខ្ញុំបានទទួល ហើយច្រើនតែភ្លេចអរព្រះគុណទ្រង់។ សព្វថ្ងៃនេះ ព្រះពរទាំងនោះ គឺរាប់បញ្ចូលអាកាសធាតុដ៏ល្អសម្រាប់ឲ្យខ្ញុំរត់ហាត់ប្រាណពេលព្រឹក ការទន្ទឹងរង់ចាំជួបមិត្តភក្តិនៅពេលល្ងាច អាហារដែលខ្ញុំបរិភោគជាមួយក្រុមគ្រួសារខ្ញុំ ទេសភាពដ៏ស្រស់ត្រកាល នៃពិភពលោកដែលនៅជុំវិញខ្លួនខ្ញុំ និងក្លឹនដ៏ឈ្ងុយ នៃកាហ្វេដែលគេទើបតែឆុងជាដើម។ តើព្រះទ្រង់បានប្រទានព្រះពរអ្វីខ្លះ ដល់អ្នក? ការបើកភ្នែក មើលទៅព្រះពរទាំងនោះ អាចជួយឲ្យអ្នកមានចិត្តដឹងគុណទ្រង់កាន់តែខ្លាំង។-LISA SAMRA
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់។-រ៉ូម ១១:៣៦