ព្រឹក

ដោយអំណាចនៃព្រះវិញ្ញាណ
ដោយMarvin Williams
January 19, 2018
តើអ្នកនឹងធ្វើដូចម្តេច ពេលដែលមានភ្នំមួយកំពុងតែរាំងផ្លូវអ្នក? សូមយើងទទួលការលើកទឹកចិត្ត ពីរឿងរបស់លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូចតទៅ។ ពេលភរិយារបស់គាត់ស្លាប់ ដោយសារគាត់មិនអាចនាំនាងទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ លោកម៉ានជី ក៏បានធ្វើនូវកិច្ចការមួយ ដែលហាក់ដូចជាមិនអាចទៅរួច។ គឺគាត់បានចំណាយពេល២២ឆ្នាំ នៅក្នុងការដាប់ធ្វើផ្លូវដ៏ធំ កាត់តាមភ្នំ ដើម្បីឲ្យអ្នកភូមិដទៃទៀត អាចទៅមន្ទីរពេទ្យ ទទួលការព្យាបាល តាមដែលត្រូវការ។ មុនពេលគាត់លាចាកលោក រដ្ឋាភិបាលប្រទេសឥណ្ឌា ក៏បានអបអរសាទរគាត់ សម្រាប់ស្នាដៃដ៏អស្ចារ្យមួយនេះ។ ស្តេចសូរ៉ូបាបិលប្រាកដជាគិតថា ការសាងសង់ព្រះវិហារក្រុងយេរូសាឡិមឡើងវិញ ជាកិច្ចការដែលទ្រង់មិនអាចធ្វើបានទេ។ ស្តេចសូរ៉ូបាបិលស្ថិតក្នុងចំណោមអ្នកដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ដែលបានវិលត្រឡប់ពីការនិរទេស។ ប្រជាជនអ៊ីស្រាអែលមានការបាក់ទឹកចិត្ត និងបានជួបការប្រឆាំង ពីពួកខ្មាំងសត្រូវរបស់ពួកគេ ហើយក៏ខ្វះធនធាន ឬខ្វះទាហានដែលមានគ្នាច្រើន។ ប៉ុន្តែ ព្រះទ្រង់បានចាត់លោកសាការី ដើម្បីរំឭកស្តេចសូរ៉ូបាបិលថា កិច្ចការនេះត្រូវការជំនួយពីអំណាច ដែលធំលើសកម្លាំងទាហាន អំណាចរបស់បុគ្គល ឬធនធានដែលមនុស្សបង្កើត។ និយាយរួម ទ្រង់ត្រូវពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(សាការី ៤:៦)។ ដោយមានការធានាថា ទ្រង់នឹងបានទទួលជំនួយពីព្រះ នោះទ្រង់ក៏បានទុកចិត្តថា ព្រះទ្រង់នឹងធ្វើឲ្យភ្នំនៃការលំបាកទាំងឡាយរាបស្មើ ឈប់រារាំងដំណើរនៃការសាងសង់ព្រះវិហារឡើងវិញ និងការស្អាងសហគមន៍នៃជនជាតិអ៊ីស្រាអែល(ខ.៧)។ តើយើងធ្វើដូចម្តេច ពេលដែលមានភ្នំមួយ កំពុងរាំងផ្លូវយើង? យើងមានជម្រើសពីរប៉ុណ្ណោះ គឺត្រូវពឹងផ្អែកលើកម្លាំងរបស់យើង ឬត្រូវទុកចិត្តលើអំណាចនៃព្រះវិញ្ញាណ។ ពេលយើងទុកចិត្តលើអំណាចចេស្តាទ្រង់ ទ្រង់នឹងធ្វើឲ្យភ្នំនៃទុក្ខលំបាករាបស្មើ ពុំនោះទេ ទ្រង់នឹងប្រទានយើងនូវកម្លាំង និងការអត់ធ្មត់ ដើម្បីឡើងភ្នំនោះ។-MARVIN WILLIAMS
បទគម្ពីរប្រចាំថ្ងៃ
ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល។-សាការី ៤:៧
ល្ងាច

សម្រស់នៃសេចក្តីស្រឡាញ់
ដោយKeila Ochoa
January 19, 2018
របាំយ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺជារបាំមួករបស់ប្រជាជនមិចស៊ីកូ ដែលអបអរសាទរសេចក្តីស្នេហាររបស់គូរស្នេហ៍។ ក្នុងអំឡុងពេលនៃការរាំដ៏រស់រវើក មនុស្សប្រុសបានដាក់មួករបស់ខ្លួនដែលមានហាមធំ នៅលើដី។ នៅចុងបញ្ចប់នៃការរាំ ស្រ្តីដែលជាដៃគូរាំក៏បានរើសមួកនោះឡើង ហើយអ្នកទាំងពីរក៏បានលាក់មុខនៅពីក្រោយមួកនោះ ដើម្បីបញ្ជាក់សេចក្តីស្នេហារបស់ពួកគេ ដោយការថើប។ របាំនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃភាពស្មោះត្រង់ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ បទគម្ពីរសុភាសិត ជំពូក៥ បានចែងអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃអំពើអសីលធម៌ ជាពិសេសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ ខ.១៥ បានចែងថា “ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ”។ បទគម្ពីរនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នករាំរបាំយ៉ារ៉ាបេ នៅលើវេទិកា។ ទោះអ្នករាំមានគ្នា១០គូក៏ដោយ ក៏អ្នករាំម្នាក់ៗបានផ្តោតចិត្ត ទៅលើដៃគូរបស់ខ្លួនតែប៉ុណ្ណោះ។ បានសេចក្តីថា អ្នកដែលមានប្តី ឬប្រពន្ធ អាចអរសប្បាយ នៅក្នុងការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ និងមិនអាចបំបែកបាន ចំពោះប្តីប្រពន្ធរបស់ខ្លួន(ខ.១៨)។ អ្នកដទៃកំពុងតែសង្កេតមើលទំនាក់ទំនងស្នេហារបស់ប្តីនិងប្រពន្ធ។ គឺមិនខុសពីអ្នករាំរបាំនោះ ដែលដឹងថា អ្នកដទៃកំពុងតែមើលមកពួកគេ ខណៈពេលដែលពួកគេកំពុងតែរីករាយ ក្នុងការរាំជាមួយដៃគូរបស់ខ្លួន។ ខ.២១ បានចែងថា “អស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ”(ខ.២១)។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងការពារទំនាក់ទំនងប្តីប្រពន្ធ ហេតុនេះហើយទ្រង់តែងតែទតមើលប្តីប្រពន្ធរាល់គូ។ សូមឲ្យប្តីប្រពន្ធម្នាក់ៗ ធ្វើឲ្យព្រះទ្រង់គាប់ព្រះទ័យ តាមរយៈភាពស្មោះត្រង់ ដែលពួកគេបានបង្ហាញចំពោះគ្នាទៅវិញទៅមក។ ជីវិតរបស់យើងមានការផ្លាស់ប្តូរ តាមចង្វាក់ គឺមិនខុសពីរបាំយ៉ារ៉ាបេឡើយ។ ពេលដែលយើងដើរតាមចង្វាក់ ដែលព្រះអាទិករយើងបានដាក់ឲ្យ ដោយបន្តមានភាពស្មោះត្រង់ចំពោះទ្រង់ យើងនឹងរកឃើញព្រះពរ និងក្តីអំណរ ទោះយើងមានប្តីប្រពន្ធ ឬនៅលីវក្តី។—KEILA OCHOA
បទគម្ពីរប្រចាំថ្ងៃ
សូមឲ្យរន្ធទឹកឯងបានពរ។ សុភាសិត ៥:១៨