
សូមដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព!
ដោយBill Crowder
February 22, 2018
“អ្នកបើកបរយន្តហោះ ក៏បានបើកភ្លើងសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបង្ហាញឲ្យយើងដឹងថា យើងកំពុងតែចូលក្នុងកន្លែងរលាក់ហើយ។ សូមវិលត្រឡប់ ទៅកាន់កន្លែងអង្គុយរបស់អ្នកជាបន្ទាន់ ហើយដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នក ឲ្យជាប់”។ អ្នកបម្រើយន្តហោះបានផ្តល់ឲ្យ នូវការដាស់តឿនដូចនេះ នៅពេលដែលចាំបាច់ ព្រោះពេលយន្តហោះបើកចូលដល់កន្លែងមានខ្យល់រលាក់ អ្នកដំណើរដែលមិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព អាចមានគ្រោះថ្នាក់។ ពេលដែលពួកគេនៅអង្គុយនៅកៅអីរបស់ខ្លួន ដោយដាក់ខ្សែក្រវ៉ាត់ជាប់ ពួកគេអាចធ្វើដំណើរចេញពីកន្លែងរលាក់ ដោយសុវត្ថិភាព។ នៅក្នុងការរស់នៅ យើងមិនតែងតែទទួលបាននូវការដាស់តឿន អំពីរឿងមិនល្អ ដែលកំពុងមករកយើងឡើយ។ ប៉ុន្តែ ព្រះវរបិតានៃយើង ដែលមានក្តីស្រឡាញ់ ទ្រង់ជ្រាប ហើយក៏យកព្រះទ័យទុកដាក់ ចំពោះទុក្ខលំបាករបស់យើង ហើយទ្រង់ក៏បានអញ្ជើញយើង ឲ្យថ្វាយការខ្វល់ខ្វាយ ការឈឺចាប់ និងការភ័យខ្លាចដល់ទ្រង់។ ព្រះគម្ពីរបានប្រាប់យើងថា “ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើរ ៤:១៥-១៦)។ នៅក្នុងពេលដែលមានភាពរំជើបរំជួល ការទៅរកព្រះវរបិតា ដោយការអធិស្ឋាន ជាការប្រសើរបំផុត ដែលយើងអាចធ្វើ។ ឃ្លាដែលថា “ព្រះគុណសម្រាប់នឹងជួយ” គឺមានន័យថា ក្នុងព្រះវត្តមានទ្រង់ យើងអាចអង្គុយ ដោយសុវត្ថិភាព និងស្ងប់ចិត្ត ក្នុងពេលដែលមានការគំរាមកំហែង ព្រោះយើងថ្វាយការខ្វល់ខ្វាយរបស់យើង ដល់ព្រះមួយអង្គ ដែលធំលើសអ្វីៗទាំងអស់។ ពេលដែលយើងមានអារម្មណ៍ថា ហាក់ដូចជាពិបាកហួសសមត្ថភាព យើងអាចអធិស្ឋាន។ ទ្រង់អាចជួយយើង ឲ្យឆ្លងកាត់ពេលដ៏រំជើបរំជួល។—BILL CROWDER
បទគម្ពីរប្រចាំថ្ងៃ
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។-ហេព្រើរ ៤:១៦