
ការថ្វាយ ដោយគ្មានការភ័យខ្លាច
ដោយXochitl Dixon
February 25, 2018
ពេលដែលហ្សាវៀរ(Xavier) កូនប្រុសរបស់ខ្ញុំ មានអាយុ៦ឆ្នាំ មិត្តភក្តិរបស់ខ្ញុំម្នាក់ បាននាំកូនតូចរបស់នាង ដែលនៅដើរតេសតាស់ មកលេងផ្ទះខ្ញុំ ហើយហ្សាវៀរចង់ឲ្យរបស់លេងខ្លះ ដល់កូនតូចនោះ។ ពេលនោះ ខ្ញុំមានការសប្បាយចិត្ត ពេលឃើញកូនរបស់ខ្ញុំមានចិត្តសប្បុរស ប៉ុន្តែ ខ្ញុំមានការទើសទាល់បន្តិច ពេលដែលវាឲ្យតុក្កតាសត្វដ៏កម្រ ដែលគេញាត់គរ ដែលស្វាមីខ្ញុំបានស្វែងរក នៅតាមហាងទំនិញជាច្រើន តាមទីក្រុងមួយចំនួន។ ពេលដែលមិត្តភក្តិខ្ញុំដឹងថា វាជាតុក្កតា ដែលពិបាករកទិញ គាត់ក៏បានបដិសេធមិនព្រមទទួលយក ដោយសុភាព។ ប៉ុន្តែ ហ្សាវៀរនៅតែដាក់អំណោយមួយនោះ នៅក្នុងដៃរបស់កូនប្រុសគាត់ ហើយនិយាយថា “ប៉ារបស់ខ្ញុំ បានឲ្យខ្ញុំមានតុក្កតាជាច្រើន សម្រាប់ចែករំលែកដល់អ្នកដទៃ”។ ខ្ញុំយល់ថា ហ្សាវៀរបានរៀនចែករំលែកតាមខ្ញុំ ប៉ុន្តែ ជាញឹកញាប់ ខ្ញុំបានខកខានមិនបានចែករំលែកធនធានខ្ញុំ ថ្វាយដល់ព្រះ និងអ្នកដទៃ។ ប៉ុន្តែ ខ្ញុំមានភាពងាយស្រួលជាង នៅក្នុងការចែករំលែក ពេលដែលខ្ញុំនឹកចាំថា អ្វីៗទាំងអស់ ដែលខ្ញុំមាន និងត្រូវការ គឺជាការប្រទានរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានបង្គាប់ពួកអ៊ីស្រាអែល ឲ្យទុកចិត្តទ្រង់ ដោយថ្វាយទ្រព្យសម្បត្តិមួយផ្នែក ពីចំណោមធនធានទាំងអស់ដែលព្រះទ្រង់ប្រទាន គឺចែករំលែកដល់ពួកលេវី ដែលជាសង្ឃរបស់ព្រះ ធ្វើឲ្យពួកគេមានលទ្ធភាពជួយអ្នកដែលមានការខ្វះខាតផងដែរ។ ពេលពួកបណ្តាជនបដិសេធមិនព្រមអនុវត្តតាម ហោរាម៉ាឡាគីក៏បានមានប្រសាសន៍ថា ពួកគេកំពុងតែកោងយករបស់ព្រះអម្ចាស់(ម៉ាឡាគី ៣:៨-៩)។ ប៉ុន្តែ បើពួកគេថ្វាយដោយស្ម័គ្រពីចិត្ត ដោយបង្ហាញការទុកចិត្តចំពោះការផ្គត់ផ្គង់ និងការការពាររបស់ព្រះអម្ចាស់(ខ.១០-១១) នោះអ្នកដទៃនឹងបានដឹងថា ពួកគេជារាស្រ្តដ៏មានពររបស់ព្រះ(ខ.១២)។ ការចែករំលែកដល់អ្នកដទៃ និងការថ្វាយដល់ព្រះ អាចជាសកម្មភាពនៃការថ្វាយបង្គំ ទោះយើងកំពុងគ្រប់គ្រងហិរញ្ញវត្ថុ កាលវិភាគ ឬអំណោយទានដែលព្រះបានប្រទានដល់យើងក៏ដោយ។ ការចែករំលែក ដោយអស់ពីចិត្ត និងដោយគ្មានការភ័យខ្លាច អាចបង្ហាញថា យើងមានការទុកចិត្ត ចំពោះការមើលថែររបស់ព្រះវរបិតានៃយើង ដែលពេញដោយក្តីស្រឡាញ់ និងជាអ្នកចែករំលែកដែលសប្បុរសបំផុត។—XOCHITL DIXON
បទគម្ពីរប្រចាំថ្ងៃ
ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ។-ម៉ាឡាគី ៣:១០