
ការចែករំលែកនូវការកម្សាន្តចិត្ត
ដោយJames Banks
April 6, 2018
“ព្រះទ្រង់បានរៀបចំ ឲ្យអ្នកមកជួបខ្ញុំ នៅយប់នេះ!” នេះជាពាក្យសម្តីលាគ្នា ដែលស្រ្តីម្នាក់បាននិយាយមកកាន់ខ្ញុំ ខណៈពេលដែលគាត់កំពុងឈរនៅពីមុខខ្ញុំ មុនពេលយើងចេញពីយន្តហោះ ដែលបានធ្វើដំណើរមកដល់ទីក្រុងឈីកាហ្គោ។ គាត់អង្គុយនៅជួរកៅអី នៅម្ខាងខ្ញុំ ក្នុងយន្តហោះ ហើយខ្ញុំក៏បានដឹងថា គាត់កំពុងធ្វើដំណើរទៅផ្ទះ បន្ទាប់ពី គាត់បានធ្វើដំណើរពីរបីត្រឡប់ នៅថ្ងៃនោះ។ ខ្ញុំក៏បានសួរគាត់ ពីមូលហេតុដែលគាត់ធ្វើដំណើរត្រឡប់ចុះឡើង លឿនយ៉ាងនេះ។ គាត់ក៏បានឈ្ងោកមុខ ហើយនិយាយថា គាត់ទើបតែបាននាំកូនស្រីគាត់ ទៅមជ្ឈមណ្ឌលកែប្រែអ្នកញៀនថ្មាំ នៅថ្ងៃនេះ។ នៅពេលបន្ទាប់មកទៀត ខ្ញុំក៏បានចែកចាយដល់គាត់ នូវទីបន្ទាល់នៃការដែលកូនប្រុសខ្ញុំ តយុទ្ធនឹងការញៀនថ្មាំហេរ៉ូអ៊ីន និងអំពីរបៀបដែលព្រះយេស៊ូវបានប្រោសគាត់ឲ្យរួចពីការញៀនថ្នាំ។ ពេលដែលគាត់កំពុងស្តាប់ខ្ញុំនិយាយ គាត់ក៏បានញញឹមទំាងទឹកភ្នែក។ បន្ទាប់ពីយន្តហោះបានចុះដល់ដីហើយ មុនពេលយើងបែកផ្លូវគ្នា យើងក៏បានអធិស្ឋានជាមួយគ្នា សូមឲ្យព្រះទ្រង់រំដោះកូនស្រីគាត់ ឲ្យរួចពីចំណងនៃការញៀនថ្នាំ។ នៅពេលល្ងាចថ្ងៃនោះ ខ្ញុំក៏បានជញ្ជឹងគិត អំពីបទគម្ពីរ ២កូរិនថូស ១:៣-៤ ដែលក្នុងនោះ សាវ័កប៉ុលបានមានប្រសាសន៍ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក។ ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ”។ មនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែជាអ្នកដែលត្រូវការការលើកទឹកចិត្ត ឬការកម្សាន្តចិត្ត ដែលមានតែព្រះទេ ដែលអាចប្រទានឲ្យពួកគេបាន។ ទ្រង់សព្វព្រះទ័យឲ្យយើង ឈោងទៅរកពួកគេ ដោយក្តីអាណឹត ដើម្បីចែករំលែកសេចក្តីស្រឡាញ់ ដែលទ្រង់បានចែកដល់យើង។ សូមព្រះទ្រង់ចាត់យើង ឲ្យទៅរកមនុស្ស ដែលត្រូវការការកម្សាន្តចិត្តទ្រង់ នៅថ្ងៃនេះ! —JAMES BANKS
បទគម្ពីរប្រចាំថ្ងៃ
រួចព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្តីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ។-យ៉ូហាន ២០:២១