
ការកាត់ទោសអ្នកដទៃ
ដោយLinda Washington
June 18, 2018
ខ្ញុំរហ័សនឹងរិះគន់នរណាក៏ដោយ ដែលខ្ញុំឃើញដើរបណ្តើរ មើលទូរស័ព្ទបណ្តើរ នៅតាមផ្លូវ។ ខ្ញុំក៏បាននិយាយម្នាក់ឯងថា តើពួកគេមិនខ្លាចឡានបុកទេឬ? តើពួកគេខ្វល់អំពីសុវត្ថិភាពរបស់ខ្លួនឯងឬទេ? ប៉ុន្តែ ថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងតែឆ្លងតាមច្រកចូល ទៅក្នុងផ្លូវចង្អៀតមួយ ខ្ញុំមានការជក់ចិត្តនឹងសារ នៅក្នុងទូរស័ព្ទខ្ញុំយ៉ាងខ្លាំង បានជាខ្ញុំមិនបានមើលឡាន ដែលខាងឆ្វេងដៃខ្ញុំ។ អរព្រះគុណព្រះអង្គ ដែលអ្នកបើកបរបានឃើញខ្ញុំទាន់ ហើយក៏បានបញ្ឈប់ឡានភ្លាមៗ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ខ្មាស់អៀន។ ពេលនោះ ម្រាមដែលចង្អុលរិះគន់គេ ដោយតាំងខ្លួនជាអ្នកសុចរិត បានបែរមកចង្អុលខ្លួនឯងវិញ។ ខ្ញុំបានកាត់ទោសអ្នកដទៃ ប៉ុន្តែ ទីបំផុត ក៏បានកាត់ទោសខ្លួនឯងវិញ។ ការមានពុត ក៏ជាប្រធានបទដែលព្រះយេស៊ូវ បានលើកមកមានបន្ទូល នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលថា “អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ”(ម៉ាថាយ ៧:៥)។ ខ្ញុំមាន “ធ្នឹម” ដ៏ធំមួយ នៅក្នុងភ្នែក ដែលធ្វើឲ្យខ្ញុំកាត់ទោសអ្នកដទៃ ដោយភ្លេចមើលមកខ្លួនឯង។ ព្រះយេស៊ូវក៏មានបន្ទូលផងដែរថា “ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ”(៧:២)។ ពេលខ្ញុំនឹកចាំអំពីទឹកមុខដែលទើសទាល់ ដែលខ្ញុំបានឃើញនៅលើមុខអ្នកបើកបរ បន្ទាប់ពីគាត់បានជាន់ហ្រ្វាំងឈប់ភ្លាមៗ ពេលខ្ញុំដើរពីមុខឡានគាត់ ខ្ញុំក៏បាននឹកចាំ អំពីទឹកមុខដែលទើសទាល់ ដែលខ្ញុំមាន ពេលខ្ញុំរិះគន់អ្នកដទៃដែលជក់មើលទូរស័ព្ទ។ យើងរាល់គ្នា គ្មាននរណាដែលល្អឥតខ្ចោះទេ។ ប៉ុន្តែ ជួនកាល ខ្ញុំបានភ្លេចខ្លួន ពេលដែលខ្ញុំប្រញាប់កាត់ទោសអ្នកដទៃ។ យើងរាល់គ្នាសុទ្ធតែត្រូវការព្រះគុណរបស់ព្រះ។—LINDA WASHINGTON
បទគម្ពីរប្រចាំថ្ងៃ
កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ។ ម៉ាថាយ ៧:១