
ការបម្រើដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន
ដោយRandy Kilgore
July 25, 2018
មានមនុស្សមួយក្រុមតូច កំពុងតែឈរផ្តុំគ្នា តែមើលទៅ នៅឃើញតូច បើធៀបនឹងដើមឈើដ៏ធំមួយដើម កំពុងតែដេកដួលនៅក្នុងទីធ្លាផ្ទះ។ ដូនចាស់ម្នាក់កំពុងឈរទប់ខ្លួន នឹងឈើច្រត់ ក៏បានរៀបរាប់អំពីហេតុការណ៍ ដែលគាត់បានមើលឃើញខ្យល់ព្យុះកាលពីពេលយប់ម្សិលមិញ បក់បោកមកលើ ដើមអ៊ែមដ៏ធំសម្បើមរបស់គាត់ ធ្វើឲ្យវាដួលរលំ។ គាត់ក៏បាននិយាយបន្តទៀត ដោយសម្លេងអួលដើមករថា អ្វីដែលអាក្រក់បំផុតនោះ គឺវាបានបំផ្លាញរបងថ្មដ៏គួរឲ្យស្រឡាញរបស់គាត់ផងដែរ។ ស្វាមីរបស់គាត់បានសាងសង់របងថ្មនោះ ពេលដែលពួកគាត់ទើបតែរៀបការថ្មីៗ។ ស្វាមីគាត់ស្រឡាញ់របងថ្មនោះណាស់។ គាត់ក៏ស្រឡាញ់របងថ្មនោះដែរ។ តែវាបានខូចហើយ គឺមិនខុសពីស្វាមីគាត់ទេ។ នៅពេលព្រឹកបន្ទាប់ ខណៈពេលដែលគាត់កំពុងតែលបមើលកម្មកររបស់ក្រុមហ៊ុនដាំដើមឈើ កំពុងតែយកដើមឈើដែលបានរំលំនោះចេញពីទីធ្លាផ្ទះគាត់ ស្នាមញញឹមដ៏ធំមួយ ក៏បានលេចឡើងនៅលើផ្ទៃមុខគាត់។ នៅចន្លោះមែកឈើទាំងនោះ គាត់សង្កេតឃើញមនុស្សពេញវ័យពីរនាក់ និងក្មេងប្រុសម្នាក់ បានកាត់ស្មៅឲ្យគាត់ ដោយធ្វើការវាស់វែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីសាងសង់របងថ្មដែលគួរឲ្យស្រឡាញ់របស់គាត់ឡើងវិញ។ ហោរាអេសាយបានពិពណ៌នា អំពីប្រភេទនៃការបម្រើ ដែលព្រះទ្រង់សព្វព្រះទ័យ គឺការប្រព្រឹត្តដែលកម្សាន្តចិត្តអ្នកដែលនៅក្បែរយើង ដែលមានដូចជាការជួយជួសជុលរបងថ្ម ឲ្យដូនចាស់នោះជាដើម។ បទគម្ពីរនេះបានបង្រៀនយើងថា សម្រាប់ព្រះជាម្ចាស់ ការបម្រើអ្នកដទៃ ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន គឺមានតម្លៃជាងការធ្វើពីធីបុណ្យខាងវិញ្ញាណ។ តាមពិត ព្រះទ្រង់មានព្រះពរពីរយ៉ាង សម្រាប់ការបម្រើរបស់កូនទ្រង់ ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ ទីមួយ ទ្រង់ប្រើការបម្រើដោយស្ម័គ្រពីចិត្តរបស់យើង ដើម្បីជួយដល់អ្នកដែលគេគាបសង្កត់ និងខ្វះខាត(អេសាយ ៥៨:៧-១០)។ ទីពីរ ព្រះទ្រង់ប្រទានពរដល់អ្នកដែលបានបម្រើគេ ដោយឲ្យពួកគេមានកេរ្តិ័ឈ្មោះល្អ ធ្វើជាកម្លាំងវិជ្ជមានដ៏មានអំណាច ក្នុងនគរទ្រង់(ខ.១១-១២)។ តើអ្នកនឹងផ្តល់ឲ្យអ្នកដទៃ នូវការបម្រើអ្វីខ្លះ នៅថ្ងៃនេះ? —RANDY KILGORE
បទគម្ពីរប្រចាំថ្ងៃ
បើឯងផ្តល់សេចក្តីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត។ អេសាយ ៥៨:១០