
ការស្កប់ចិត្តបំផុត
ដោយLinda Washington
September 14, 2018
នៅពេលដែលក្រុមការងារយើងបានចែកអាហារសម្រន់ដល់កុមារ នៅកម្មវិធីរបស់សាលាព្រះគម្ពីរ យើងបានកត់សំគាល់ ឃើញក្មេងប្រុសតូចម្នាក់ កំពុងញ៉ាំអាហារដែលយើងចែកឲ្យអស់គ្មានសល់ ដោយសារស្រេកឃ្លានយ៉ាងខ្លាំង ហើយក៏បានទៅរើ អាហារដែលក្មេងដទៃទៀតញាំសល់ នៅលើតុជាមួយគាត់។ ក្រោយមក ខ្ញុំបានឲ្យពោតលីងមួយកញ្ចប់ ឲ្យគាត់ញាំថែមទៀត តែគាត់នៅតែមិនឆ្អែតដដែល។ ក្នុងនាមជាអ្នកដឹកនាំ យើងមានការព្រួយបារម្ភថា ហេតុអ្វីបានជាក្មេងតូចម្នាក់នេះឃ្លានខ្លាំងយ៉ាងនេះ។ រឿងនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំថា យើងក៏អាចមានការស្រេកឃ្លាន ក្នុងផ្លូវអារម្មណ៍ ដែលមិនចេះឆ្អែតឆ្អន់ ដូចក្មេងប្រុសម្នាក់នេះដែរ។ យើងខំប្រឹងស្វែងរកវិធីជាច្រើន ដើម្បីបំពេញការស្រេកឃ្លាន ក្នុងជម្រៅចិត្តយើង ប៉ុន្តែ យើងនៅតែមិនអាចបំពេញចិត្តខ្លួនឯងឲ្យឆ្អែតបាន។ ហោរាអេសាយបានអញ្ជើញអស់អ្នកដែលស្រេកឃ្លាន ឲ្យ“មកទិញ ហើយបរិភោគ” (អេសាយ ៥៥:១) ។ ប៉ុន្តែ បន្ទាប់មកគាត់ក៏បានសួរថា “ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ?” (ខ.២)។ ត្រង់ចំណុចនេះ លោកអេសាយមិនគ្រាន់តែនិយាយសំដៅ ទៅលើការស្រេកឃ្លាន ខាងរូបកាយប៉ុណ្ណោះទេ។ ព្រះទ្រង់អាចចម្អែតការស្រេកឃ្លាន ទាំងខាងវិញ្ញាណ និងខាងផ្លូវអារម្មណ៍របស់យើង តាមរយៈការសន្យាថា ទ្រង់នឹងមានព្រះវត្តមាន នៅជាប់ជាមួយយើងជានិច្ច។ “ការតាំងសេចក្ដីសញ្ញាដ៏អស់កល្ប” នៅ ខ.៣ គឺជាការរំឭក អំពីការសន្យាមួយ ដែលព្រះទ្រង់ប្រទានស្តេចដាវីឌ នៅក្នុងគម្ពីរ បទគម្ពីរ ២សាំយូអែល ៧:៨-១៦។ ព្រះទ្រង់បានសន្យាថា ព្រះសង្រ្គោះមួយអង្គនឹងយាងមកប្រសូត្រ តាមរយៈពូជពង្សរបស់ស្តេចដាវីឌ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងព្រះឡើងវិញ។ ក្រោយមក នៅក្នុងបទគម្ពីរ យ៉ូហាន ៦:៣៥ និង ៧:៣៧ ព្រះយេស៊ូវបានត្រាស់ហៅអស់អ្នកស្រេកឃ្លាន ដូចដែលហោរាអេសាយ បានធ្វើដែរ គឺបានសេចក្តីថា ទ្រង់បានប្រកាសថា ទ្រង់ជាព្រះអង្គសង្រ្គោះ ដែលលោកអេសាយ និងពួកហោរាដទៃទៀត សុទ្ធតែបានថ្លែងទំនាយអំពីទ្រង់។ តើអ្នកកំពុងតែស្រេកឃ្លានមែនទេ? ព្រះទ្រង់កំពុងតែត្រាស់ហៅមនុស្សគ្រប់គ្នា ឲ្យចូលមករកទ្រង់ ដើម្បីឲ្យបានឆ្អែត នៅក្នុងព្រះវត្តមានរបស់ទ្រង់ ។—Linda Washington
បទគម្ពីរប្រចាំថ្ងៃ
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ។ អេសាយ ៥៥:១