
កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង
ដោយTim Gustafson
October 1, 2018
ខណៈពេលដែលផ្ទះកំពុងតែត្រូវភ្លើងឆាបឆេះ ស្រ្តីដែលជាអ្នកបម្រើក្នុងផ្ទះ ក៏បានប្រញាប់រត់ចេញមកក្រៅ ទាំងភ័យស្លន់ស្លោ។ នាងបានរត់ ដោយស្រែកហៅឈ្មោះជែកគី(Jacky) ដែលជាក្មេងអាយុ៤ឆ្នាំ។ ប៉ុន្តែ ជែកគីមិនបានរត់តាមគាត់ទេ។ មនុស្សម្នាក់ដែលបានឈរមើលហេតុការណ៍នេះ នៅក្រៅផ្ទះ ក៏មានប្រតិកម្មឆ្លើយតបភ្លាមៗ ដោយឡើងឈរពីលើស្មារបស់មិត្តភក្តិរបស់គាត់។ គាត់ក៏បានឈោងទៅរកបង្អួច នៅជាន់លើ ហើយក៏បានទាញជែកគីចុះមកក្រោម ដោយសុវត្ថិភាព។ គ្រាន់តែបានជួយសង្រ្គោះជែកគីភ្លាម ដំបូលផ្ទះក៏បានបាក់ចុះមកក្រោម។ ម្តាយរបស់ក្មេងតូចជែកគី ក៏បាននិយាយថា ជែកគី គឺជា “កន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើង”។ តើអ្នកដឹងទេថា ក្មេងតូចដែលជាកន្ទុយឧសនោះ គឺជាលោកចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែលជាបេសកជន ដ៏ល្បីល្បាញ។ ត្រង់ចំណុចនេះ អ្នកស្រីស៊ូសានណា វេសលី(Susanna Wesly) ដែលជាម្តាយរបស់គាត់ កំពុងតែដកស្រង់ពាក្យសម្តីរបស់លោកសាការី ជាហោរា ដែលបានផ្តល់ឲ្យនូវការបកស្រាយដ៏មានតម្លៃ អំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ហោរាសាការីបានបកស្រាយ អំពីការបើកសម្តែងដែលខ្លួនបានទទួល យ៉ាងដូចនេះថា អារក្សសាតាំងបានឈរនៅខាងស្តាំលោកយេស៊ួ ដែលជាសម្តេចសង្ឃ ដើម្បីចោទប្រកាន់លោក(៣:១)។ នោះព្រះអម្ចាស់ក៏បានស្តីបន្ទោសសាតាំងថា តើលោកយេសួរមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?(ខ.២)។ ព្រះអម្ចាស់ក៏បានប្រាប់លោកយេសួរថា “អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ” (ខ.៤)។ បន្ទាប់មក ព្រះអម្ចាស់ក៏ប្រទាននូវការជំរុញចិត្ត និងឱកាសដល់គាត់ ដោយបន្ទូលថា “បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញ ព្រមទាំងរក្សាទីលានរបស់អញផង”(ខ.៧)។ រឿងនេះ ក៏បានឆ្លុះបញ្ចាំងអំពីអំណោយ ដែលយើងបានទទួលពីព្រះជាម្ចាស់ តាមរយៈជំនឿដែលយើងមាន ចំពោះព្រះយេស៊ូវ។ ទ្រង់បានកញ្ឆក់យើងចេញពីភ្លើង ទ្រង់លាងសម្អាតយើង ហើយក៏ធ្វើការក្នុងជីវិតយើង ពេលដែលយើងដើរតាមការត្រាសហៅរបស់ព្រះវិញ្ញាណទ្រង់។ យើងគឺជាកន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង។—TIM GUSTAFSON
បទគម្ពីរប្រចាំថ្ងៃ
អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ។ សាការី ៣:៤