
បញ្ចេញពន្លឺព្រិចៗ
ដោយElisa Morgan
October 5, 2018
បទចម្រៀងកុមារជាភាសាអង់គ្លេស ដែលមានចំណងជើងថា “ដួងផ្កាយដ៏តូច ដែលបញ្ចេញពន្លឺព្រិចៗ” ជាបទចម្រៀងដ៏ល្បីល្បាញដែលក្មេងៗចូលចិត្តច្រៀង។ ទំនុកច្រៀងរបស់បទនេះ មានប្រភពដើម នៅក្នុងបទកំណាព្យ ដែលអ្នកស្រីចេន ថេយល័រ(Jane Taylor)បាននិពន្ធ ដែលបានពិពណ៌នា អំពីភាពអស្ចារ្យនៃចក្រវាលដែលព្រះទ្រង់បានបង្កើត ដែលនៅក្នុងនោះ មានផ្កាយ “ដ៏ខ្ពស់ នៅពីលើផែនដី”។ បទកំណាព្យនេះ មានវគ្គមួយទៀត ដែលគេបានបោះពុម្ភផ្សាយ និងមិនងាយរកបាន ដែលបានរៀបរាប់ថា ផ្កាយនោះបានធ្វើជាអ្នកនាំផ្លូវអ្នកដំណើរក្នុងទីងងឹត ដោយបញ្ចេញពន្លឺដ៏តូចរបស់ខ្លួន។ ក្នុងបទគម្ពីរភីលីព សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ នៅទីក្រុងភីលីព ឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីធ្វើជាកូនព្រះដែលរកបន្ទោសមិនបាន … ហើយភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក ហើយផ្សាយដំណឹងល្អ ដល់មនុស្សដែលនៅក្បែរពួកគេ(២:១៥-១៦)។ យើងប្រហែលជាឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យយើងអាចបញ្ចេញពន្លឺភ្លឺ ដូចផ្កាយនៅលើមេឃ។ ជាញឹកញាប់ យើងច្រើនតែមានអារម្មណ៍ថា យើងមានចំណុចខ្វះខាត និងការពិបាកជាច្រើន បានជាយើងគិតថា “ពន្លឺ”របស់យើងមិនអាចបញ្ចេញរស្មីភ្លឺល្មម នឹងនាំឲ្យមានការផ្លាស់ប្តូរឡើយ។ ប៉ុន្តែ ផ្កាយមិនដែលព្យាយាមដើរតួជាផ្កាយឡើយ។ ពួកវាគឺជាផ្កាយស្រាប់ហើយ។ ពន្លឺធ្វើឲ្យមានការផ្លាស់ប្តូរក្នុងពិភពលោក ហើយក៏បានធ្វើឲ្យយើងផ្លាស់ប្តូរ។ ព្រះទ្រង់ប្រទានពន្លឺដល់ពិភពលោក(លោកុប្បត្តិ ១:៣) ហើយតាមរយៈព្រះយេស៊ូវ ព្រះទ្រង់បានប្រទានពន្លឺខាងវិញ្ញាណ ចូលក្នុងជីវិតយើង(យ៉ូហាន ១:១-៤)។ ក្នុងនាមជាមនុស្សដែលមានពន្លឺរបស់ព្រះនៅក្នុងជីវិត យើងត្រូវបញ្ចេញពន្លឺ ដើម្បីឲ្យអ្នកនៅក្បែរយើងបានឃើញពន្លឺនោះ ហើយមានចិត្តចង់ស្វែងរកប្រភពនៃពន្លឺនោះ។ ពន្លឺដែលយើងបញ្ចេញ នាំឲ្យមានការផ្លាស់ប្តូរ គឺមិនខុសពីផ្កាយ ដែលនៅលើមេឃ ពេលរាត្រីនោះឡើយ។ ពេលយើងបញ្ចេញពន្លឺនោះ មានន័យថា យើងបានតោងព្រះបន្ទូលជីវិតជាប់ក្នុងលោកិយ ដែលមានពេញដោយភាពងងឹត ដូចដែលសាវ័កប៉ុលបានបង្គាប់ ហើយយើងនាំអ្នកដទៃ ទៅរកប្រភពនៃសេចក្តីសង្ឃឹមរបស់យើង គឺព្រះអម្ចាស់យេស៊ូវ។—ELISA MORGAN
បទគម្ពីរប្រចាំថ្ងៃ
អ្នករាល់គ្នាភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក។ ភីលីព ២:១៥