
កិច្ចការនៅទីលាក់កំបាំង
ដោយAmy Boucher Pye
November 21, 2018
កាលពីមុន ខ្ញុំមានកិច្ចការសាលាដ៏ធំមួយ ដែលត្រូវធ្វើ។ ពេលនោះ ខ្ញុំមានការព្រួយបារម្ភខ្លាចមិនអាចបញ្ចប់វា ឲ្យទាន់ពេលកំណត់។ ស្ថិតក្នុងពេលដ៏ថប់បារម្ភនោះ ខ្ញុំក៏បានទទួលក្រដាសលើកទឹកចិត្តបីសន្លឹក ពីមិត្តភក្តិខ្ញុំមួយចំនួន។ ពួកគេម្នាក់ៗសុទ្ធតែនិយាយថា “ព្រះអង្គបានធ្វើឲ្យខ្ញុំនឹកចាំអំពីអ្នក ពេលដែលខ្ញុំអធិស្ឋាននៅថ្ងៃនេះ”។ ខ្ញុំមានការលើកទឹកចិត្តណាស់ ពេលដែលមិត្តភិក្តទាំងនោះបានទំនាក់ទំនងមកខ្ញុំ ដោយមិនដឹងថា ខ្ញុំកំពុងតែជួបរឿងអ្វី ហើយខ្ញុំជឿថា ព្រះជាម្ចាស់បានប្រើពួកគេ ជាអ្នកនាំសារនៃសេចក្តីស្រឡាញ់របស់ទ្រង់។ សាវ័កប៉ុលបានស្គាល់អំណាចនៃការអធិស្ឋាន ពេលដែលគាត់សរសេរសំបុត្រ ផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស។ គាត់មានប្រសាសន៍ថា គាត់ជឿថា ព្រះទ្រង់នឹងបន្តរំដោះពួកគេ ឲ្យរួចពីទុក្ខលំបាក ដោយសារពួកគេបានជួយអធិស្ឋានឲ្យគាត់(២កូរិនថូស ១:១០-១១)។ ហើយនៅពេលដែលព្រះទ្រង់ឆ្លើយតប ការអធិស្ឋានរបស់ពួកគេ សិរីល្អរបស់ទ្រង់នឹងបានដំកើងឡើង ខណៈពេលដែលរាស្រ្តរបស់ទ្រង់អរព្រះគុណទ្រង់ សម្រាប់ “ការឆ្លើយតប ចំពោះការអធិស្ឋានរបស់មនុស្សជាច្រើន”(ខ.១១)។ មិត្តភក្តិរបស់ខ្ញុំ និងពួកជំនុំដែលជួយអធិស្ឋានឲ្យសាវ័កប៉ុល កំពុងតែចូលរួម នៅក្នុងការងារទូលអង្វរ ដែលលោកអូសវល ឆេមប័រ(Oswald Chambers) បានហៅថា “កិច្ចការនៅទីកំបាំង ដែលនាំមកនូវផលផ្លែ ដែលថ្វាយសិរីល្អដល់ព្រះវរបិតា”។ ខណៈពេលដែលយើងផ្តោតគំនិត និងចិត្តរបស់យើង ទៅលើព្រះយេស៊ូវ យើងបានដឹងថា ទ្រង់កំពុងតែកែច្នៃយើង ដោយរាប់បញ្ចូលរបៀបនៃការអធិស្ឋានរបស់យើងផងដែរ។ ទ្រង់ជួយឲ្យយើងអាចឲ្យអំណោយនៃការទូលអង្វរដ៏ពិត សម្រាប់មិត្តសំឡាញ់ សមាជិកគ្រួសារ និងសូម្បីតែមនុស្សដែលយើងមិនស្គាល់ក៏ដោយ។ តើព្រះជាម្ចាស់បានដាក់នរណាម្នាក់នៅក្នុងចិត្ត និងគំនិតរបស់អ្នក ដើម្បីឲ្យអ្នកអធិស្ឋានឲ្យពួកគេឬទេ? —AMY BOUCHER PYE
បទគម្ពីរប្រចាំថ្ងៃ
យើងខ្ញុំសង្ឃឹមថា ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ ដោយអ្នករាល់គ្នាខំប្រឹងជួយអង្វរជួសយើងខ្ញុំផង។ ២កូរិនថូស ១:១០-១១