
ការរំពឹងចង់ឲ្យព្រះមែស៊ីជួយ
ដោយPatricia Raybon
December 11, 2018
មានពេលមួយឡានរបស់ស្វាមីខ្ញុំ ដេរមិនឆេះ។ មើលទៅជាងឡាន ដែលមកជួសជុលឡាន មានវ័យក្មេងណាស់ គឺក្មេងពេក មិនអាចជួសជុលបានទេ។ ស្វាមីរបស់ខ្ញុំខ្វះទំនុកចិត្តចំពោះគាត់ ហើយក៏បាននិយាយខ្សិបៗប្រាប់ខ្ញុំថា “គាត់នៅក្មេងណាស់”។ ពេលដែលខ្ញុំដឹងថា សា្វមីខ្ញុំមិនទុកចិត្តគាត់ ខ្ញុំក៏បាននឹកចាំ អំពីអ្នកភូមិណាសារ៉ែត ដែលបានរអ៊ូរទាំ ពេលដែលពួកគេមានមន្ទិលចំពោះព្រះយេស៊ូវ។ ពេលដែលព្រះយេស៊ូវបង្រៀន ក្នុងសាលាប្រជុំ ពួកគេក៏បានសួរគ្នាថា “តើគាត់មិនមែនជាកូនរបស់ជាងឈើទេឬអី?”(ម៉ាថាយ ១៣:៥៥)។ ពួកគេក៏បានចំអកឲ្យទ្រង់ ដោយមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា បុគ្គលម្នាក់ ដែលពួកគេបានស្គាល់នោះ បានប្រោសជម្ងឺ និងបង្រៀនព្រះបន្ទូល បានជាពួកគេចោទសួរថា “តើអ្នកនេះបានចំណេះ និងការឫទ្ធិបារមីទាំងនេះពីណាមក?”(ខ.៥៤)។ ពួកគេមិនបានជឿព្រះយេស៊ូវទេ ផ្ទុយទៅវិញ ពួកគេមានការរវាតចិត្ត ពេលដែលពួកគេដឹងថា ទ្រង់មានអំណាច នៅក្នុងការបង្រៀន និងធ្វើការអស្ចារ្យ(ខ.១៥,៥៨)។ នៅក្នុងការរស់នៅធម្មតា ប្រចាំថ្ងៃ យើងក៏ប្រហែលជាមានការពិបាក នៅក្នុងការទុកចិត្តប្រាជ្ញា និងអំណាចរបស់ព្រះអង្គសង្រ្គោះរបស់យើងផងដែរ។ ពេលដែលយើងមិនបានរំពឹងឲ្យទ្រង់ជួយយើង យើងក៏បានបាត់ឱកាសអនុញ្ញាតឲ្យទ្រង់ធ្វើការអស្ចារ្យ ដែលនាំឲ្យជីវិតយើងផ្លាស់ប្រែ(ខ.៥៨)។ សូមត្រឡប់មករឿងរបស់ខ្ញុំវិញ។ ស្វាមីរបស់ខ្ញុំក៏បានដឹងថា ជំនួយដែលគាត់ត្រូវការ គឺកំពុងតែឈរនៅពីមុខគាត់ស្រាប់ហើយ។ ទីបំផុត ស្វាមីខ្ញុំក៏ព្រមទទួលជំនួយពីយុវជនម្នាក់នោះ ដោយអនុញ្ញាតឲ្យគាត់មើលអាគុយឡានចាស់របស់យើង។ គាត់គ្រាន់តែមួលខ្ចៅតែបន្តិច ម៉ាស៊ីនឡានក៏មានដំណើរការឡើងវិញ ដោយបន្លឺសម្លេង និងបញ្ចេញពន្លឺអំពូលភ្លើងរបស់វា។ ស្វាមីខ្ញុំក៏បាននិយាយថា “វាបានបញ្ចេញពន្លឺភ្លឺឡើង ដូចនៅថ្ងៃណូអែលអញ្ចឹង”។ រឿងនេះបានរំឭកខ្ញុំថា យើងមិនត្រូវមានការសង្ស័យចំពោះព្រះជាម្ចាស់ឡើយ ហើយត្រូវមានចិត្តដែលរំពឹងចង់ឲ្យព្រះមែស៊ី ប្រទាននូវពន្លឺនៃជីវិត និងជំនួយ នៅក្នុងដំណើរជីវិត ដែលយើងមានជាមួយទ្រង់ជារៀងរាល់ថ្ងៃ។—PATRICIA RAYBON
បទគម្ពីរប្រចាំថ្ងៃ
តើមិនមែនជាកូនរបស់ជាងឈើទេឬអី តើម្តាយមិនមែនឈ្មោះម៉ារា? ម៉ាថាយ ១៣:៥៥