
ទាំងក្នុងពេលសម្បូរសប្បាយ ក៏ដូចជាពេលរងទុក្ខ
ដោយKirsten Holmberg
December 23, 2018
អ្នកស្រីអាន វ៉ូសខាម(Ann Voskamp) ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អំណោយមួយពាន់ ។ សៀវភៅនេះ បានលើកទឹកចិត្តអ្នកអាន ឲ្យឆែកមើលខ្លួនឯង ជារៀងរាល់ថ្ងៃ ឲ្យដឹងថា ព្រះអម្ចាស់បានធ្វើអ្វីខ្លះសម្រាប់ពួកគេ។ ក្នុងសៀវភៅនេះ គាត់បានធ្វើការកត់សំគាល់ អំពីសេចក្តីសប្បុរសជាបរិបូរ ដែលព្រះទ្រង់បានបង្ហាញដល់គាត់ តាមរយៈអំណោយទាំងធំ ទាំងតូច ដែលរាប់ចាប់តាំងពីពពុះសាប៊ូនៅក្នុងកន្លែងលាងចាន ដែលមានសម្រស់ដ៏សាមញ្ញ រហូតដល់សេចក្តីសង្រ្គោះដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន សម្រាប់មនុស្សមានបាបដូចនាង(ក៏ដូចជាយើងរាល់គ្នា)។ អ្នកស្រីអានបានលើកឡើងថា ការដឹងគុណ គឺជាគន្លឹះ ដែលនាំឲ្យយើងមើលឃើញព្រះជាម្ចាស់ សូម្បីតែនៅក្នុងពេលដ៏ពិបាកបំផុត ក្នុងជីវិត។ លោកយ៉ូបជាបុគ្គលដែលល្បីបំផុត នៅក្នុងផ្នែករងទុក្ខ ក្នុងពេលដ៏លំបាកបំផុត។ ជាការពិតណាស់ គាត់បានជួបការបាត់បង់ដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីគាត់បាត់បង់ហ្វូងសត្វមិនទាន់បានប៉ុន្មានផង គាត់ក៏បានទទួលដំណឹងថា កូនរបស់គាត់ទាំង១០នាក់ ក៏បានស្លាប់អស់ទៀត។ លោកយ៉ូបក៏បានបង្ហាញចេញនូវការសោកសង្រេង ដោយហែកអាវ ហើយកោរសក់(១:២០)។ ពាក្យសម្តីដែលគាត់បាននិយាយ ក្នុងពេលដ៏ឈឺចាប់នោះ បានធ្វើឲ្យខ្ញុំយល់ឃើញថា លោកយ៉ូបដឹងអំពីរបៀបដឹងគុណព្រះ ព្រោះគាត់បានទទួលស្គាល់ថា អ្វីៗដែលគាត់បានបាត់បង់ គឺសុទ្ធតែជាការប្រទានរបស់ព្រះជាម្ចាស់(ខ.២១)។ ស្ថិតក្នុងពេលដ៏ឈឺចាប់ដែលបណ្តាលឲ្យគាត់រកធ្វើអ្វីមិនកើត គាត់នៅតែអាចថ្វាយបង្គំព្រះ ព្រោះគាត់នៅតែដឹងគុណទ្រង់ជានិច្ច។ បើយើងគ្រាន់តែអនុវត្តនូវការអរព្រះគុណព្រះជាម្ចាស់ ជាប្រចាំថ្ងៃ នោះគឺមិនអាចលប់បំបាត់ការឈឺចាប់ជាពន់ពេក ដែលយើងទទួលរង ក្នុងរដូវកាលនៃការបាត់បង់បានឡើយ។ លោកយ៉ូបបានចោទសួរ និងមានការប្រកែកគ្នា ក្នុងពេលកាន់ទុក្ខ ដូចដែលមានចែងក្នុងកណ្ឌគម្ពីរយ៉ូប។ ប៉ុន្តែ ពេលដែលគាត់អរព្រះគុណព្រះ គឺគាត់បានទទួលស្គាល់សេចក្តីល្អ ដែលទ្រង់មានចំពោះគាត់ សូម្បីតែនៅក្នុងការដ៏តូចបំផុត។ ការទទួលស្គាល់នេះ អាចជួយឲ្យយើងលត់ជង្គង់ចុះ ថ្វាយបង្គំនៅចំពោះព្រះដ៏មានគ្រប់ចេស្តា ក្នុងពេលដ៏ងងឹតបំផុត ក្នុងជីវិតយើងនៅលើផែនដី។—KIRSTEN HOLMBERG
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ។ យ៉ូប ១:២១