
ខំប្រឹងបិទភ្នែក
ដោយKirsten Holmberg
January 3, 2019
គាត់ដឹងថា គាត់មិនគួរធ្វើវាទេ។ ទឹកមុខគាត់បានបង្ហាញយ៉ាងច្បាស់ថា គាត់ពិតជាបានដឹងថា គាត់បានធ្វើខុស។ ខ្ញុំក៏បានអង្គុយចុះ ដើម្បីពិភាក្សាជាមួយក្មួយប្រុសម្នាក់នេះ អំពីកំហុសរបស់គាត់។ តែគាត់ក៏បានប្រញាប់បិទភ្នែកយ៉ាងលឿន។ គាត់បានអង្គុយគិត តាមហេតុផល ឬឡូហ្ស៊ិករបស់គាត់ ដែលជាក្មេងអាយុ៣ឆ្នាំថា បើគាត់មិនអាចមើលឃើញខ្ញុំ នោះខ្ញុំក៏ច្បាស់ជាមិនអាចមើលគាត់ឃើញដែរ។ ហើយបើខ្ញុំមិនអាចមើលគាត់ឃើញ នោះគាត់អាចជៀសវាងការសន្ទនា និងទទួលលទ្ធផល ដែលគាត់បានរំពឹងទុក។ តែខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចមើលគាត់ឃើញ ក្នុងពេលនោះ។ ខ្ញុំមិនអាចឲ្យគាត់គេចចេញទៅ ដោយមិនបានកែតម្រង់គាត់បានឡើយ បានជាយើងត្រូវនិយាយគ្នា អំពីរឿងនោះ ដោយគ្មានអ្វីមករារាំងយើងឡើយ។ ខ្ញុំចង់ឲ្យគាត់មើលមុខខ្ញុំ ហើយដឹងថា ខ្ញុំស្រឡាញ់គាត់ ហើយចង់អត់ទោសឲ្យគាត់ខ្លាំងប៉ុណ្ណា។ នៅពេលនោះ ខ្ញុំក៏បានគិតថា តើព្រះជាម្ចាស់មានអារម្មណ៍យ៉ាងណា ពេលដែលអ័ដាម និងនាងអេវ៉ាមិនស្តាប់បង្គាប់ទ្រង់ ក្នុងសួនច្បារអេដែន។ ពេលពួកគេដឹងថាខ្លួនខុស ពួកគេក៏បានព្យាយាមលាក់ខ្លួនពីព្រះអង្គ(លោកុប្បត្តិ ៣:១០) ដែលអាចមើលឃើញពួកគេយ៉ាងច្បាស់។ ពេលណាយើងដឹងខ្លួនថា យើងបានធ្វើអ្វីខុស យើងច្រើនតែចង់គេចចេញ ដើម្បីកុំឲ្យទទួលលទ្ធផល ពីអ្វីដែលយើងបានធ្វើ។ យើងរត់គេចពីវា ឬលាក់បាំងវា ឬក៏បិទភ្នែកខ្លួនឯង មិនព្រមមើលសេចក្តីពិត។ ព្រះទ្រង់នឹងឲ្យយើងទទួលខុសត្រូវ ចំពោះកំហុសរបស់យើង ផ្អែកទៅលើខ្នាតគំរូនៃសេចក្តីសុចរិតរបស់ទ្រង់។ ទ្រង់មើលឃើញយើង (ហើយស្វែងរកយើង!) ព្រោះទ្រង់ស្រឡាញ់យើង ហើយប្រទានការអត់ទោសបាប តាមរយៈព្រះយេស៊ូវគ្រីស្ទ។—KIRSTEN HOLMBERG
បទគម្ពីរប្រចាំថ្ងៃ
អ័ដាម និងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។ លោកុប្បត្តិ ៣:៨