
អ្វីដែលអ្នកមិនអាចបោះបង់ចោល?
ដោយPohfang Chia
January 17, 2019
ថ្ងៃមួយ ពិធីករវិទ្យុបានចោទជាសំណួរថា “តើមានរបស់អ្វីមួយ ដែលអ្នកមិនអាចលះបង់?” ប្រិយមិត្តអ្នកស្តាប់ទាំងឡាយ ក៏បានទូរស័ព្ទចូលមក ដោយនាំមកនូវចម្លើយដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន។ អ្នកខ្លះនិយាយថា ពួកគេមិនអាចលះបង់គ្រួសារ ហើយក្នុងចំណោមនោះ មានបុរសជាស្វាមីម្នាក់បានចែករំលែក អំពីបទពិសោធន៍នៃការបាត់បង់ភរិយារបស់ខ្លួន ដែលបានលាចាកលោកទៅ។ អ្នកខ្លះទៀតបានចែករំលែកថា ពួកគេមិនអាចលះបង់ក្តីស្រមៃរបស់ខ្លួន ដែលមានដូចជា ការស្រមៃចង់មានអាជីពជាតន្ត្រីករ ឬក្លាយជាម្តាយគេជាដើម។ យើងរាល់គ្នាសុទ្ធតែមានអ្វីមួយ ដែលយើងឲ្យតម្លៃយ៉ាងខ្លាំង ដែលមានដូចជា មនុស្ស សេចក្តីប្រាថ្នា ឬរបស់ទ្រព្យអ្វីមួយ ដែលសុទ្ធតែជាអ្វីដែលយើងមិនអាចលះបង់។ ក្នុងកណ្ឌគម្ពីរហូសេ ព្រះជាម្ចាស់បានប្រាប់យើងថា ទ្រង់នឹងមិនបោះបង់ប្រជាជនអ៊ីស្រាអែល ដែលជារាស្រ្តជ្រើសតាំង និងទ្រព្យដ៏មានតម្លៃរបស់ទ្រង់នោះឡើយ។ ក្នុងនាមទ្រង់ជាស្វាមីដែលមានក្តីស្រឡាញ់របស់រាស្រ្តអ៊ីស្រាអែល ទ្រង់បានប្រទានពួកគេ នូវអ្វីៗដែលពួកគេត្រូវការ ដែលមានដូចជា ទឹកដី អាហារ ទឹក សំលៀកបំពាក់ និងសេចក្តីសុខសាន្តជាដើម។ តែរាស្រ្តអ៊ីស្រាអែលចេះតែបដិសេធទ្រង់ ហើយស្វែងរកសុភមង្គល និងសេចក្តីសុខរបស់ខ្លួន ជាមួយព្រះដទៃ ដូចជាប្រពន្ធដែលផឹតក្បត់។ ពេលដែលព្រះអម្ចាស់តាមរកពួកគេកាន់តែខ្លាំង នោះពួកគេក៏បានរសាត់ទៅកាន់តែឆ្ងាយពីទ្រង់(ហូសេ ១១:២)។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់នៅតែមិនបោះបង់ពួកគេចោល ទោះពួកគេបានធ្វើឲ្យព្រះទ័យទ្រង់ឈឺចាប់យ៉ាងណាក៏ដោយ(ខ.៨)។ ទ្រង់នឹងបន្តវាយផ្ចាល់រាស្រ្តអ៊ីស្រាអែល ដើម្បីប្រោសលោះពួកគេ ដ្បិតទ្រង់នៅតែមានព្រះទ័យចង់ផ្សះផ្សាទំនាក់ទំនងជាមួយពួកគេឡើងវិញ(ខ.១១)។ សព្វថ្ងៃនេះ កូនរបស់ព្រះ សុទ្ធតែអាចមានការធានាថា សេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង ជាសេចក្តីស្រឡាញ់ដែលនឹងមិនដែលបោះបង់យើងចោលឡើយ(រ៉ូម ៨:៣៧-៣៩)។ បើយើងវង្វេងចេញពីទ្រង់ ទ្រង់សព្វព្រះទ័យឲ្យយើងវិលត្រឡប់មកទ្រង់វិញ។ ពេលណាទ្រង់វាយផ្ចាលយើង យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ការវាយផ្ចាលនោះជាសញ្ញាបញ្ជាក់ថា ទ្រង់កំពុងតែតាមរកយើង គឺមិនមែនបដិសេធយើងឡើយ។ យើងជាទ្រព្យដ៏មានតម្លៃរបស់ទ្រង់ បានជាទ្រង់មិនអាចបោះបង់យើងចោលឡើយ។—POH FANG CHIA
បទគម្ពីរប្រចាំថ្ងៃ
ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ។ រ៉ូម ៨:៣៩