
ព្រះទ្រង់ជ្រាបអំពីរឿងរបស់អ្នក
ដោយCindy Hesskasper
August 18, 2021
ខណៈពេលដែលខ្ញុំបើកឡានត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានញាំអាហារថ្ងៃត្រង់ជាមួយមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំ ខ្ញុំក៏បានពោលពាក្យអរព្រះគុណព្រះ ដែលបានធ្វើការក្នុងជីវិតនាង។ នាងស្គាល់ខ្ញុំ និងស្រឡាញ់ខ្ញុំ ទោះខ្ញុំមានចំណុចដែលសូម្បីតែខ្លួនខ្ញុំផ្ទាល់មិនចូលចិត្តក៏ដោយ។ នាងស្ថិតក្នុងចំណោមមនុស្សមួយក្រុមតូច ដែលទទួលស្វាគមន៍ខ្ញុំ ដោយមិនប្រកាន់ បុគ្គលិកលក្ខណៈ ទម្លាប់ និងចំណុចខ្វះខាតរបស់ខ្ញុំ។ តែនៅមានផ្នែកខ្លះនៃរឿងរបស់ខ្ញុំ ដែលខ្ញុំមិនចង់ចែកចាយដល់នាង និងអ្នកដទៃទៀតដែលខ្ញុំស្រឡាញ់ គឺត្រង់ផ្នែកដែលខ្ញុំពិតជាមិនបានជួយពួកគេ ខ្ញុំចូលចិត្តវិនិច្ឆ័យគេ មិនសប្បុរស ឬខ្វះក្តីស្រឡាញ់។ ប៉ុន្តែ ព្រះទ្រង់ពិតជាបានជ្រាបអំពីរឿងរបស់ខ្ញុំទាំងមូល។ ខ្ញុំអាចនិយាយទៅកាន់ព្រះអង្គ អំពីរឿងខ្ញុំ ដោយសេរី ទោះខ្ញុំមានការស្ទាក់ស្ទើរនៅក្នុងការនិយាយទៅកាន់អ្នកដទៃក៏ដោយ។ បទគម្ពីរទំនុកដំកើង ជំពូក១៣៩ បានពិពណ៌នា អំពីការប្រកបស្និទ្ធស្នាលដែលយើងអាចមាន ដោយអំណរជាមួយព្រះដ៏ជាស្តេច។ ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះ(ខ.១)។ ព្រះអង្គស្គាល់ផ្លូវទាំងអស់របស់យើង(ខ.៣)។ ព្រះអង្គត្រាស់ហៅយើង ឲ្យចូលមករកព្រះអង្គ ពេលយើងមានការភ័ន្តភាំង មានចិត្តថប់បារម្ភ និងតយុទ្ធនឹងការល្បួង។ ពេលណាយើងព្រមចុះចូលព្រះអង្គទាំងស្រុង ព្រះអង្គឈោងមករកយើង ដើម្បីស្តាយើងឡើងវិញ ហើយសរសេររឿងរបស់យើងជាថ្មី នៅត្រង់ផ្នែកដែលបានធ្វើឲ្យយើងមិនសប្បាយចិត្ត ដោយសារយើងបានវង្វេងចេញពីព្រះអង្គ។ ព្រះទ្រង់ស្គាល់យើង លើសពីលទ្ធភាពដែលគេអាចស្គាល់យើង ហើយព្រះអង្គនៅតែស្រឡាញ់យើង! ពេលណាយើងចុះចូលបំណងព្រះទ័យព្រះអង្គ ហើយព្យាយាមស្គាល់ព្រះអង្គកាន់តែច្បាស់ ព្រះអង្គអាចកែប្រែរឿងរបស់យើង ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ព្រះអង្គជាអ្នកនិពន្ធ ដែលកំពុងតែបន្តសរសេររឿងនៃជីវិតយើង។—Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ។ ទំនុកដំកើង ១៣៩:២៣