
ការស្រឡាញ់មនុស្សដែលអ្នកស្អប់
ដោយMike Wittmer
August 23, 2021
ខ្ញុំបានចូលទៅក្នុងបន្ទប់មួយយ៉ាងស្ងាត់ស្ងៀម មុនពេលនាងឃើញខ្ញុំ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀន ក្នុងការលាក់ខ្លួន ប៉ុន្តែ ខ្ញុំមិនចង់កែតម្រង់នាងតែម្តងទេ។ ខ្ញុំចង់និយាយប្រាប់នាងភ្លាមៗ ដើម្បីឲ្យនាងមានការខ្មាសអៀន។ ខ្ញុំធ្លាប់មានការធុញទ្រាន់ ចំពោះអាកប្បកិរិយារបស់នាងកាលពីមុន ប៉ុន្តែ ខ្ញុំទំនងជាបានធ្វើឲ្យនាងធុញទ្រាន់ជាងហ្នឹងទៀត។ ជនជាតិយូដា និងជនជាតិសាម៉ារី ក៏ធ្លាប់មានការធុញទ្រាន់ទៅវិញទៅមកផងដែរ។ ជនជាតិសាម៉ារីមានដើមកំណើតជាជនជាតិយូដា កាត់សាសន៍ដទៃ ហើយថ្វាយបង្គំព្រះរបស់ខ្លួន ដូចនេះ ជនជាតិយូដាយល់ឃើញថា ជនជាតិសាម៉ារី បានធ្វើឲ្យខូចខ្សែលោហិត និងជំនឿរបស់សាសន៍យូដា ដោយបង្កើតសាសនានៅលើភ្នំកេរ៉ាស៊ីន ប្រឆាំងនឹងសាសនាយូដា(យ៉ូហាន ៤:២០)។ តាមពិត ជនជាតិយូដាស្អប់ខ្ពើមជនជាតិសាម៉ារីណាស់ បានជាពួកគេសុខចិត្តធ្វើដំណើរតាមផ្លូវវាង ជាជាងធ្វើដំណើរកាត់តាមស្រុកភូមិរបស់ពួកគេ។ ព្រះយេស៊ូវបានបើកសម្តែង ឲ្យពួកគេស្គាល់ផ្លូវដែលល្អជាងនេះ ព្រះអង្គបាននាំសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់ ដោយរាប់បញ្ចូលទាំងពួកសាសន៍សាម៉ារីផងដែរ។ ដូចនេះ ទ្រង់ក៏បានធ្វើដំណើរចូលដល់ចំណុចកណ្តាលនៃស្រុកសាម៉ារី ដើម្បីប្រទានទឹករស់ ដល់ស្រ្តីមានបាបម្នាក់ ព្រមទាំងក្រុងរបស់នាងទាំងមូលផង(ខ.៤-៤២)។ ព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គ គឺបានបង្គាប់ឲ្យពួកសិស្សទ្រង់យកតម្រាប់តាមព្រះអង្គ។ ពួកគេត្រូវផ្សាយដំណឹងល្អ ដល់មនុស្សទំាងអស់ ចាប់តាំងពីទីក្រុងយេរូសាឡិម ហើយកាត់តាមស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី(កិច្ចការ ១:៨)។ ស្រុកសាម៉ារីមិនគ្រាន់តែជាតំបន់ដែលត្រូវឈោងចាប់បន្ទាប់ពីទីក្រុងយេរូសាឡិមប៉ុណ្ណោះទេ តែជាផ្នែកដ៏ឈឺចាប់បំផុតនៃបេសកកម្មនេះ។ ពួកសាវ័កត្រូវតែជម្នះការរើសអើងដែលមានតាំងពីយូរមកហើយ ដើម្បីស្រឡាញ់មនុស្សដែលពួកគេធ្លាប់តែមិនចូលចិត្ត។ តើព្រះយេស៊ូវសំខាន់ចំពោះយើង លើសបំណងចិត្តរបស់យើងឬទេ? ដើម្បីឲ្យយើងដឹងច្បាស់ថា ព្រះអង្គសំខាន់ជាង ចូរយើងស្រឡាញ់មនុស្សដែលយើងស្អប់។—Mike Wittmer
បទគម្ពីរប្រចាំថ្ងៃ
អ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង។ កិច្ចការ ១:៨