
ការចែកចាយអំពីព្រះយេស៊ូវ
ដោយAmy Boucher Pye
August 31, 2021
បន្ទាប់ពីលោកដ្វាយ ម៉ូឌី(Dwight Moody ឆ្នាំ ១៨៣៧-៩៩) បានទទួលជឿព្រះគ្រីស្ទ មិនទាន់បានយូរប៉ុន្មានផង អ្នកផ្សាយដំណឹងល្អរូបនេះក៏បានប្តេជ្ញាថា គាត់នឹងមិនឲ្យថ្ងៃនីមួយៗកន្លងផុតទៅ ដោយមិនបានផ្សាយដំណឹងល្អ យ៉ាងហោចណាស់ ឲ្យបានមនុស្សម្នាក់ ក្នុងមួយថ្ងៃ។ នៅថ្ងៃដ៏មមាញឹក ពេលខ្លះ គាត់បានភ្លេចការប្តេជ្ញាចិត្តរបស់គាត់ រហូតដល់ពេលថ្ងៃបានកន្លងផុតទៅ។ នៅយប់មួយនោះ គាត់ក៏បាននឹកឃើញ ពេលគាត់កំពុងគេង។ ពេលគាត់បោះជំហានចេញក្រៅ គាត់ក៏បានគិតថា គ្មាននរណាម្នាក់នៅខាងក្រៅ ពេលភ្លៀងកំពុងតែធ្លាក់ខ្លាំងយ៉ាងនេះទេ។ បន្ទាប់មក គាត់ក៏បានឃើញបុរសម្នាក់ដើរតាមផ្លូវ។ លោកមូឌីក៏បានស្ទុះទៅរកបុរសនោះ ហើយសុំឲ្យបុរសនោះជ្រកក្រោមឆ័ត្ររបស់ខ្លួន ដើម្បីកុំឲ្យត្រូវទឹកភ្លៀង។ ពេលគាត់មានឱកាស គាត់ក៏បានសួរបុរសនោះថា “តើអ្នកមានកន្លែងជ្រក នៅពេលមានព្យុះភ្លៀងឬទេ? តើខ្ញុំអាចនិយាយអំពីព្រះយេស៊ូវ ប្រាប់អ្នកបានទេ?” លោកមូឌីមានការប្រុងប្រៀបខ្លួន ដើម្បីផ្សាយអំពីរបៀបដែលព្រះទ្រង់ជួយសង្រ្គោះយើង ឲ្យរួចពីផលវិបាកនៃអំពើបាបរបស់យើង។ គាត់បានអនុវត្តតាមបង្គាប់របស់ព្រះ ឲ្យពួកអ៊ីស្រាអែលប្រកាសព្រះនាមព្រះអង្គ និងសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ទ្រង់ នៅកណ្តាលប្រជាជាតិទាំងឡាយ(អេសាយ ១២:៤)។ ព្រះទ្រង់មិនគ្រាន់តែបានត្រាស់ហៅរាស្រ្តទ្រង់ ឲ្យ “ប្រកាសថា ព្រះនាមទ្រង់ខ្ពស់វិសេស”ប៉ុណ្ណោះទេ(ខ.៤) តែពួកគេក៏ត្រូវចែកចាយថា ទ្រង់ជាសេចក្តីសង្រ្គោះរបស់ពួកគេផងដែរ(ខ.២)។ ជាច្រើនសតវត្សរ៍ក្រោយមក ព្រះអង្គនៅតែត្រាស់ហៅយើង ឲ្យប្រាប់គេ អំពីការអស្ចារ្យ នៃការដែលព្រះយេស៊ូវបានយកកំណើតជាមនុស្ស សុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ។ យើងប្រហែលជាបានឮអំពីសេចក្តីស្រឡាញ់របស់ព្រះ ពេលដែលនរណាម្នាក់បានចាកចេញពីភាពស្រណុកស្រួលរបស់ខ្លួន ដើម្បីប្រាប់យើងអំពីព្រះយេស៊ូវ ដូចដែលលោកមូឌីបានធ្វើ។ ហើយយើងក៏អាចនាំឲ្យគេស្គាល់ព្រះ ដែលសង្រ្គោះមនុស្សឲ្យរួចពីបាប តាមមធ្យោបាយដែលយើងមានផងដែរ។—Amy Boucher Pye
បទគម្ពីរប្រចាំថ្ងៃ
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ទ្រង់ចុះ នៅកណ្តាលប្រជាជនទាំងឡាយ។ អេសាយ ១២:៤