
សូមព្រះអង្គចាត់ទូលបង្គំ
ដោយSatya
September 8, 2021
ពេលដែលលោកអេរីក ឡាន់(Eric Lund) ដែលជាបេសកជនស៊ុយអែត បានជឿថា ព្រះទ្រង់បានត្រាស់ហៅគាត់ ឲ្យទៅប្រទេសអេស្ប៉ាញ ដើម្បីធ្វើបេសកកម្ម ក្នុងចុងទសវត្សរ៍ឆ្នាំ១៨៩០ គាត់ក៏បានស្តាប់បង្គាប់ព្រះអង្គ ដោយគ្មានអល់អែក។ នៅទីនោះ គាត់ឃើញមានជោគជ័យតិចតួច តែមានការស៊ូទ្រាំ ក្នុងការជឿជាក់ថា ព្រះទ្រង់បានត្រាស់ហៅគាត់។ ថ្ងៃមួយ គាត់បានជួបលោកប្រូលីយ៉ូ ម៉ានីកាន(Braulio Manikan) ដែលជាជនជាតិភីលីពីន ហើយក៏បានផ្សាយដំណឹងល្អដល់បុរសនោះ។ លោកលុន និងលោកម៉ានីកាន ក៏បានរួមគ្នាបកប្រែព្រះគម្ពីរទៅជា ភាសាក្នុងតំបន់មួយ នៅប្រទេសភីលីពីន ហើយក្រោយមក ពួកគេក៏បានចាប់ផ្តើមបង្កើតទីស្នាក់ការបេសកកម្មបាទីស្ទដំបូងបំផុត នៅប្រទេសភីលីពីន។ មនុស្សជាច្រើនបានងាកបែរមករកព្រះយេស៊ូវ គឺសុទ្ធតែដោយសារលោកលុនបានឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះ ដូចហោរាអេសាយ។ ក្នុងបទគម្ពីរអេសាយ ៦:៨ ព្រះទ្រង់បានត្រាស់ហៅមនុស្សម្នាក់ ដែលស្ម័គ្រចិត្ត ទៅប្រកាសដល់ប្រជាជនអ៊ីស្រាអែល អំពីការជំនុំជម្រះរបស់ព្រះ សម្រាប់ពេលបច្ចុប្បន្ន និងក្តីសង្ឃឹមសម្រាប់ពេលអនាគត។ លោកអេសាយក៏បានស្ម័គ្រចិត្តឆ្លើយតប ដោយចិត្តក្លាហានថា “ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ”។ គាត់មិនបានគិតថា គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រោះមុននោះ គាត់បានសារភាពថា គាត់ជាមនុស្សមានបបូរមាត់មិនស្អាត(ខ.៥)។ តែគាត់បានឆ្លើយតប ដោយស្ម័គ្រពីចិត្ត ព្រោះគាត់បានឃើញសេចក្តីបរិសុទ្ធរបស់ព្រះ ទទួលស្គាល់បាបរបស់គាត់ និងទទួលការលាងសម្អាតពីទ្រង់(ខ.១-៧)។ តើព្រះទ្រង់កំពុងត្រាស់ហៅអ្នក ឲ្យធ្វើអ្វីមួយថ្វាយព្រះអង្គទេ? តើអ្នកកំពុងតែមានការស្ទាក់ស្ទើរឬ? បើដូច្នោះមែន ចូរនឹកចាំ អំពីការទាំងអស់ ដែលព្រះទ្រង់បានធ្វើ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ព្រះអង្គបានប្រទានព្រះវិញ្ញាណបរិសុទ្ធមកយើង ដើម្បីជួយ និងដឹកនាំយើង(យ៉ូហាន ១៤:២៦ ១៥:២៦-២៧) ហើយព្រះអង្គនឹងរៀបចំខ្លួនយើង ដើម្បីឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះអង្គ។ ចូរយើងឆ្លើយតបដូចហោរាអេសាយថា “សូមព្រះអង្គចាត់ទូលបង្គំ!”—Francis Neil G. Jalando-on
បទគម្ពីរប្រចាំថ្ងៃ
រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ។ អេសាយ ៦:៨