
នៅក្រៅទីដំឡើងត្រសាល
ដោយSatya
September 14, 2021
ថ្ងៃសុក្រ ជាថ្ងៃដើរផ្សា នៅក្នុងក្រុងដាច់ស្រយ៉ាលមួយ ក្នុងប្រទេសហ្កាណា ជាកន្លែងដែលខ្ញុំបានចម្រើនវ័យធំឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំនៅតែនឹកចាំអ្នកលក់ដូរតាមចិញ្ចើមផ្លូវម្នាក់។ ម្រាមដៃ និងម្រាមជើងគាត់ត្រូវមេរោគហង្សិន(ជំងឺឃ្លង់) ស៊ី បានជាគាត់តែងលត់ជង្គង់នៅលើកន្ទេល ហើយក៏បានដួសបន្លែផ្លែឈើរបស់គាត់នឹងវែកធ្វើពីផ្លែឃ្លោក រួចហុចឲ្យអ្នកទិញ។ អ្នកខ្លះបានដើរជៀសគាត់។ ម្តាយរបស់ខ្ញុំបានតាំងចិត្តថា នឹងទិញពីគាត់ឲ្យបានទៀងទាត់។ ខ្ញុំឃើញគាត់តែនៅថ្ងៃសុក្រប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានចេញទៅក្រៅក្រុងបាត់។ ក្នុងទឹកដីអ៊ីស្រាអែល នៅសម័យបុរាណ អ្នកកើតឃ្លង់ត្រូវរស់នៅក្រៅទីដំឡើងត្រសាល។ បានសេចក្តីថា ពួកគេក៏បានជួបភាពឯកោយ៉ាងកម្សត់ ។ ក្រឹត្យវិន័យរបស់ពួកអ៊ីស្រាអែលបានចែងថា “ពួកគេត្រូវរស់នៅម្នាក់ឯង”(លេវីវិន័យ ១៣:៤៦)។ នៅក្រៅទីដំឡើងត្រសាល ក៏ជាកន្លែងដែលគេយកតួខ្លួនគោសម្រាប់ថ្វាយយញ្ញបូជា មកដុតផងដែរ(៤:១២)។ នៅក្រៅទីដំឡើងត្រសាល មិនមែនជាកន្លែងដែលអ្នកចង់រស់នៅឡើយ។ ការពិតដ៏កំសត់នេះ បានជួយឲ្យយើងយល់អត្ថន័យ នៃបទគម្ពីរហេព្រើរ ជំពូក១៣ ដែលបានចែងអំពីព្រះយេស៊ូវថា “ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្តីដំនៀលរបស់ទ្រង់ចុះ”(ខ.១៣)។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង នៅក្រៅទីក្រុងយេរូសាឡិម ជាចំណុចដ៏សំខាន់ នៅពេលដែលយើងសិក្សា អំពីប្រព័ន្ធនៃការថ្វាយយញ្ញបូជារបស់សាសន៍ហេព្រើរ។ យើងចង់មានប្រជាប្រិយភាព ចង់បានការគោរព ចង់រស់នៅក្នុងជីវិតដែលស្រណុកស្រួល។ ប៉ុន្តែ ព្រះទ្រង់ត្រាស់ហៅយើង ឲ្យចេញទៅខាងក្រៅទីដំឡើងត្រសាល ជាកន្លែងនៃភាពអាប់ឱន។ ជាកន្លែងដែលអ្នកនឹងជួបអ្នកលក់ដូរតាមចិញ្ចើមថ្នល់ ដូចអ្នកជំងឺហង្សិន ដែលខ្ញុំធ្លាប់បានជួបជាដើម។ គឺនៅកន្លែងនោះហើយ ដែលយើងនឹងរកឃើញមនុស្ស ដែលលោកិយមិនរាប់រក។ តែក៏ជាកន្លែងដែលយើងនឹងរកឃើញព្រះយេស៊ូវផងដែរ។—Tim Gustafson
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់។ ហេព្រើរ ១៣:១២