
មិនអាចកាច់បំបាក់បាន ក្នុងព្រះយេស៊ូវ
ដោយSatya
September 19, 2021
យន្តហោះយោធារបស់លោកល្វីស ហ្សេមភ័រីនី(Louis Zamperini) បានធ្លាក់ក្នុងសមុទ្រ ក្នុងអំឡុងសម័យសង្រ្គាម បណ្តាលឲ្យមនុស្ស៨នាក់ ក្នុងចំណោម១១នាក់បានបាត់បង់ជីវិតក្នុងយន្តហោះនោះ។ លោក“ល្វី” និងមនុស្សពីរនាក់ទៀតបានឡើងជិះទូកសុវត្ថិភាព។ ពួកគេបានរសាត់អណ្តែតនៅលើសមុទ្រអស់រយៈពេល២ខែ ដោយខំការពារខ្លួនឲ្យរួចពីត្រីឆ្លាម ឆ្លងកាត់ខ្យល់ព្យុះ គេចគ្រាប់កាំភ្លើង ដែលសត្រូវបានបាញ់ពីយន្តហោះ ហើយចាប់ត្រី និងសត្វស្លាប់បរិភោគទាំងឆៅ។ ទីបំផុតពួកគេក៏បានរសាត់អណ្តែតទៅដល់កោះមួយ ហើយក៏ត្រូវគេចាប់ខ្លួនបានភ្លាមៗ។ អស់រយៈពេល២ឆ្នាំ លោកល្វីត្រូវគេវាយដុំ ធ្វើទារុណកម្ម និងធ្វើការដោយគ្មានក្តីមេត្តា ក្នុងនាមជាអ្នកទោសសង្រ្គាម។ រឿងដ៏គួរឲ្យកត់សំគាល់របស់គាត់ ក៏ត្រូវបានគេលើកមកពិពណ៌នា នៅក្នុងសៀវភៅដែលមានចំណងជើងថា មិនអាចកាច់បំបាក់បាន ។ លោកយេរេមា ស្ថិតក្នុងចំណោមតួអង្គក្នុងព្រះគម្ពីរប៊ីប ដែលគេមិនអាចកាច់បំបាក់បាន។ គាត់បានស៊ូទ្រាំ ពេលដែលសត្រូវរៀបគម្រោងធ្វើទុក្ខ (យេរេមា ១១:១៨) គេបានវាយដំគាត់ ហើយយកទៅដាក់គុកក្នុងកំផែង(២០:២) រួចយកគាត់ដាក់គុកងងឹត(៣៧:១៥-១៦) ហើយយកខ្សែពួរមកចងសម្រូតគាត់ចុះទៅក្នុងគុកងងឹត ដែលមានសុទ្ធតែភក់(៣៨:៦)។ គាត់បានរួចជីវិត គឺដោយសារព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយគាត់ ហើយរំដោះគាត់(១:៨)។ ព្រះអង្គក៏បានសន្យាស្រដៀងនេះ មកកាន់យើងផងដែរថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥)។ ព្រះទ្រង់មិនបានសន្យាថា យើងនឹងមិនឲ្យជួបបញ្ហានោះទេ តែព្រះអង្គបានសន្យាថា នឹងបីយើងឆ្លងកាត់ បញ្ហាទាំងឡាយ។ លោកល្វីបានទទួលស្គាល់ការការពាររបស់ព្រះ ហើយបន្ទាប់ពីសង្រ្គាមចប់ គាត់ក៏បានថ្វាយជីវិតគាត់ដល់ព្រះយេស៊ូវ។ គាត់បានអត់ទោសឲ្យសត្រូវដែលបានឃុំឃាំងគាត់ ហើយក៏បាននាំអ្នកខ្លះ ឲ្យទទួលជឿព្រះគ្រីស្ទ។ លោកល្វីបានដឹងថា យើងមិនអាចជៀសវាងបញ្ហាទាំងអស់បានទេ តែយើងមិនចាំបាច់ត្រូវប្រឈមមុខដាក់បញ្ហា តែម្នាក់ឯងឡើយ។ ពេលណាយើងប្រឈមមុខដាក់បញ្ហា ជាមួយព្រះយេស៊ូវ នោះយើងក្លាយជាមនុស្សដែលគេមិនអាចកាច់បំបាក់បាន។—Mike Wittmer
បទគម្ពីរប្រចាំថ្ងៃ
កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឲ្យឯងរួច។ យេរេមា ១:៨