ព្រឹក

អត្តសញ្ញាណពិតប្រាកដ
ដោយXochitl Dixon
December 3, 2021
មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៎ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ។ ១យ៉ូហាន ៣:១ ពេលដែលមិត្តភក្តិខ្ញុំពិនិត្យមើលរូប ដែលខ្ញុំបានថតឲ្យនាង នាងបានចង្អុលបង្ហាញលក្ខណៈនៃរូបកាយរបស់នាង ដែលនាងគិតថា មិនគ្រប់លក្ខណៈ។ ខ្ញុំក៏បានស្នើនាងឲ្យមើលរូបនោះឲ្យជិត។ ខ្ញុំប្រាប់នាងថា ខ្ញុំមើលឃើញកូនស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ របស់ស្តេចលើអស់ទាំងស្តេចដ៏មានចេស្តា។ ខ្ញុំមើលឃើញមនុស្សដែលស្រឡាញ់ព្រះ និងអ្នកដទៃ ដោយចិត្តឆេះឆួល ដែលភាពសប្បុរស និងភាពស្មោះត្រង់ពិតប្រាកដរបស់នាង បាននាំឲ្យមានការផ្លាស់ប្តូរ ក្នុងជីវិតមនុស្សជាច្រើន”។ ពេលខ្ញុំឃើញទឹកភ្នែកនាងហូរចុះមក ខ្ញុំក៏បានប្រាប់នាងថា នាងត្រូវការមកុដមួយ! ក្រោយមក នៅពេលរសៀលថ្ងៃនោះ យើងក៏បានទិញមកុដដ៏ឥតខ្ចោះ ឲ្យមិត្តភក្តិម្នាក់នេះ ដើម្បីឲ្យនាងនឹកចាំអំពីអត្តសញ្ញាណពិតប្រាកដរបស់នាង។ ពេលណាយើងចូលមករកព្រះយេស៊ូវ ដោយផ្ទាល់ខ្លួន ព្រះអង្គបំពាក់មកុដឲ្យយើង ដោយក្តីស្រឡាញ់ ហើយហៅយើងថាកូនទ្រង់(១យ៉ូហាន ៣:១)។ ព្រះអង្គប្រទានយើងនូវអំណាច ដើម្បីស៊ូទ្រាំ ក្នុងជំនឿ ដើម្បីឲ្យ “យើងមានចិត្តក្លាហាន ឥតត្រូវការនឹងខ្មាសនៅចំពោះទ្រង់ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ”(២:២៨)។ ព្រះអង្គបានទទួលយកយើង ទោះយើងមានលក្ខណៈយ៉ាងណាក៏ដោយ តែទន្ទឹមនឹងនោះ សេចក្តីស្រឡាញ់ព្រះអង្គញែកយើងជាបរិសុទ្ធ ហើយកែប្រែយើងឲ្យមានលក្ខណៈដូចព្រះអង្គ(៣:២-៣)។ ព្រះអង្គជួយឲ្យយើងស្គាល់ថា យើងត្រូវការព្រះអង្គ ហើយប្រែចិត្ត ពេលណាយើងអរសប្បាយ ក្នុងអំណាចចេស្តាព្រះអង្គ ដើម្បីឲ្យយើងងាកចេញពីអំពើបាប(ខ.៧-៩)។ យើងអាចរស់នៅ ដោយការស្តាប់បង្គាប់ ដ៏ស្មោះត្រង់ និងក្តីស្រឡាញ់(ខ.១០) ដោយសេចក្តីពិតត្រង់ នៅជាប់ក្នុងចិត្តយើង ហើយព្រះវិញ្ញាណព្រះអង្គមានព្រះវត្តមានក្នុងជីវិតយើង។ មិត្តភក្តិខ្ញុំមិនពិតជាត្រូវការមកុដ ឬបូពាក់ពីលើសក់ នៅថ្ងៃនោះឡើយ។ តែយើងទាំងពីរត្រូវការការរំឭក ឲ្យនឹកចាំអំពីតម្លៃរបស់យើង ជាកូនជាទីស្រឡាញ់របស់ព្រះ។—Xochitl Dixon តើអ្នកបានកំណត់អត្តសញ្ញាណខ្លួនឯង ដោយផ្អែកទៅលើកំហុសផ្ទាល់ខ្លួន និងបរាជ័យអ្វីខ្លះពីអតីតកាល? តើការដឹងថា ព្រះបានស្រឡាញ់ ជ្រើសរើស និងបំពាក់មកុដឲ្យអ្នក ធ្វើជាកូនទ្រង់ បានជួយអ្នក ឲ្យរស់នៅ ក្នុងភាពសុចរិត និងក្តីស្រឡាញ់ យ៉ាងដូចម្តេចខ្លះ? ឱព្រះនៃក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការរំឭកទូលបង្គំថា ទូលបង្គំជានរណា ដោយផ្អែកទៅលើការពិត ដែលថា ទូលបង្គំជាកម្មសិទ្ធិរបស់ព្រះអង្គតែប៉ុណ្ណោះ។ To learn more about your own identity, visit ChristianUniversity.org/SF108. គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៤៥-៤៦ និង ១យ៉ូហាន ២
ល្ងាច

មនុស្សជំនាន់ខុសគ្នា
ដោយTim Gustafson
December 3, 2021
នោះទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ា។ ២ពង្សាវតាក្សត្រ ២០:២ កាលពីឆ្នាំ១៩៦៤ លោកជែក វេនបឺក(Jack Weinberg) ដែលជាអ្នកបរិស្ថានវ័យក្មេងបាននិយាយថា “ចូរកុំទុកចិត្តមនុស្ស ដែលមានអាយុលើស៣០ឆ្នាំ”។ នេះជាការនិយាយម៉ៃមកលើមនុស្សមួយជំនាន់ ដែលក្រោយមក បានធ្វើឲ្យលោកវេនបឺក ស្តាយក្រោយ។ ក្រោយមក គាត់ក៏បានក្រឡេកមកមើលរឿងនោះ ហើយនិយាយថា “វាជាអ្វីដែលខ្ញុំបាននិយាយ ដោយគ្មានការប្រុងប្រយ័ត្ន…ធ្វើឲ្យគេយល់ច្រឡំទាំងស្រុង”។ តើអ្នកធ្លាប់ឮពាក្យសម្តីមិនល្អ ដែលគេនិយាយសំដៅមកលើមនុស្សជំនាន់នេះឬទេ? គំនិតអវិជ្ជមានដែលមនុស្សមួយជំនាន់ មានមកលើមនុស្សមួយជំនាន់ទៀត អាចធ្វើឲ្យមានការខូចខាតទាំងសង្ខាង។ ជាការពិតណាស់ យើងមានមធ្យោបាយល្អជាងនេះ។ ស្តេចហេសេគាជាស្តេចល្អមួយអង្គ តែទ្រង់ខ្វះការយកព្រះទ័យទុកដាក់ចំពោះមនុស្សមួយជំនាន់ទៀត។ កាលស្តេចហេសេគា នៅក្មេង ទ្រង់មានជំងឺធ្ងន់ស្ទើរអស់ព្រះជន្ម(២ពង្សាវតាក្សត្រ ២០:១) ទ្រង់ក៏បានស្រែករកព្រះអម្ចាស់ សូមព្រះអង្គទុកជីវិតឲ្យទ្រង់(ខ.២-៣)។ ព្រះទ្រង់ក៏បានប្រទានពរឲ្យទ្រង់រស់នៅបាន១៥ឆ្នាំទៀត(ខ.៦)។ ប៉ុន្តែ ពេលដែលស្តេចហេសេគាបានទទួលដំណឹងដ៏គួរឲ្យភ័យខ្លាចមួយថា កូនចៅទ្រង់នឹងត្រូវគេចាប់ធ្វើជាឈ្លើយសឹក ទ្រង់មិនបានព្រះកន្សែងសោះឡើង(ខ.១៦-១៨)។ ទ្រង់មានបន្ទូលថា “បើមានសេចក្តីសុខសាន្ត និងសេចក្តីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ?”(ខ.១៩)។ ត្រង់ចំណុចនេះ ទ្រង់ហាក់ដូចជាគិតអំពីសុខមាលភាពទ្រង់ តែមិនបានបង្ហាញការព្រួយបារម្ភអំពីមនុស្សជំនាន់ក្រោយឡើយ។ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យមានក្តីស្រឡាញ់ ដែលហ៊ានឆ្លងកាត់ខ្សែបន្ទាត់ដែលបំបែកបំបាក់យើង។ មនុស្សជំនាន់ចាស់ត្រូវការទស្សនៈ និងភាពប៉ិនប្រសប់ថ្មីៗរបស់មនុស្សជំនាន់ថ្មី ហើយមនុស្សជំនាន់ថ្មីអាចទទួលផលប្រយោជន៍ពីប្រាជ្ញា និងបទពិសោធន៍របស់អ្នកជំនាន់មុន។ នេះមិនមែនជាពេលដែលត្រូវប្រើពាក្យជាន់ពន្លិចគ្នានោះទេ តែជាពេលផ្លាស់ប្តូរគំនិតទៅវិញទៅមក យ៉ាងប្រុងប្រយ័ត្ន។ យើងត្រូវគិតប្រយោជន៍រួម។—Tim Gustafson តើអ្នកធ្លាប់មិនអើពើ ឬមិនគោរពអ្នកដទៃ ដែលស្ថិតក្នុងវ័យផ្សេងពីអ្នកយ៉ាងដូចម្តេចខ្លះ? តើអ្នកអាចប្រើអំណោយដែលព្រះប្រទានអ្នក ដើម្បីបម្រើពួកគេ យ៉ាងដូចម្តេចខ្លះ? ឱព្រះវរបិតា សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមិនបានឲ្យតម្លៃអ្នកដទៃ ស្ថិតក្នុងជំនាន់ផ្សេងពីទូលបង្គំ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៧-៤៨ និង ១យ៉ូហាន ៣