
ក្រុមក្នុងក្តីស្រមៃ
ដោយKirsten Holmberg
July 9, 2022
នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ។ រ៉ូម ១២:៥ មេលែនី(Melanie) និងត្រេវើរ(Trevor) បានធ្វើដំណើរជាមួយគ្នា តាមផ្លូវនៅលើភ្នំ បានចម្ងាយជាច្រើនគីឡូម៉ែត្រ។ តែមិត្តភក្តិទាំងពីរនាក់នេះ ត្រូវពឹងផ្អែកគ្នាទៅវិញទៅមក ក្នុងដំណើរកម្សាន្តនេះ។ មេលែនីមានជំងឺឆ្អឹងខ្នងពីកំណើត ដូចនេះ ត្រូវជិះលើរទេះរុញ ដើម្បីផ្លាស់ទី។ ត្រេវើវិញបានពិការភ្នែក ដោយសារជំងឺក្លូកូម៉ា។ អ្នកទាំងពីរដឹងថា ខ្លួនអាចបំពេញភាពខ្វះខាតឲ្យគ្នាយ៉ាងឥតខ្ចោះ ដើម្បីអរសប្បាយនឹងដំណើរកម្សាន្ត ក្នុងតំបន់ព្រៃភ្នំ នៅរដ្ឋខូឡូរ៉ាដូ។ ពួកគេក៏បានធ្វើដំណើរតាមផ្លូវទាំងនោះ ដោយត្រេវើរអៀវមេលែនី ដើរទៅមុខ ហើយនាងក៏បានប្រាប់ទិសដៅដែលគាត់ត្រូវទៅ។ អ្នកទាំងពីរក៏បានពិពណ៌នាថា ពួកគេជាក្រុមក្នុងក្តីស្រមៃ។ សាវ័កប៉ុលបានរៀបរាប់ថា អ្នកជឿព្រះយេស៊ូវ គឺជារូបកាយរបស់ព្រះអង្គ ជាក្រុមមួយប្រភេទ ដែលគួរឲ្យស្រមៃចង់បាន។ គាត់បានជំរុញពួកជំនុំនៅទីក្រុងរ៉ូម ឲ្យប្រើអំណោយទានដែលពួកគេម្នាក់ៗមាន ដើម្បីប្រយោជន៍រួម។ ដែលរូបកាយយើងមានអវយវៈច្រើនយ៉ាងណា នោះយើងម្នាក់ៗដែលមានតួនាទីផ្សេងគ្នា រួមគ្នាជារូបកាយខាងវិញ្ញាណយ៉ាងនោះដែរ ហើយអំណោយទានយើងគឺសម្រាប់បម្រើប្រយោជន៍រួម ក្នុងពួកជំនុំ(រ៉ូម ១២:៥)។ ទោះយើងមានអំណោយទានលើកទឹកចិត្ត ចែកទាន បង្រៀន ក៏មានអំណោយទានខាងវិញ្ញាណផ្សេងទៀតក្តី សាវ័កប៉ុលបានបង្រៀនយើង ឲ្យប្រើអំណោយទានទាំងនោះ ដោយអំណរ(ខ.៥-៨)។ មេលែនី និងត្រេវើរមិនបានផ្ដោតទៅលើចំណុចខ្វះខាតរបស់ខ្លួននោះទេ ហើយក៏មិនបានអួត អំពីការអ្វីដែលពួកគេអាចធ្វើបាន ដោយធៀបនឹងអ្នកដទៃនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានប្រើ “អំណោយទាន” ដោយអំណរ ក្នុងការបម្រើគ្នាទៅវិញទៅមក ដោយទទួលស្គាល់ថា ពេលដែលពួកគេសហការគ្នា ពួកគេអាចធ្វើបានល្អជាងមុន។ ចូរយើងរួមផ្សំអំណោយទានរបស់យើង ជាមួយនឹងអំណោយទានបងប្អូនរួមជំនឿយើង ដើម្បីថ្វាយសិរីល្អដល់ព្រះគ្រីស្ទ។—Kirsten Holmberg តើព្រះទ្រង់បានប្រទានអំណោយ និងសមត្ថភាពអ្វីខ្លះមកអ្នក? តើអ្នកអាចប្រើអំណោយទានទាំងនោះជាប្រយោជន៍ដល់អ្នកដទៃ យ៉ាងដូចម្តេចខ្លះ? ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានអំណោយទានមកទូលបង្គំ។ សូមព្រះអង្គបង្ហាញទូលបង្គំ នូវរបៀបដែលទូលបង្គំអាចប្រើធនធាន និងសមត្ថភាព ជាប្រយោជន៍ដល់រូបកាយព្រះគ្រីស្ទ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៨-៤០ និង កិច្ចការ ១៦:១-២១