
អ្នកថា ព្រះអង្គជានរណា?
ដោយAlyson Kieda
July 13, 2022
តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា? ម៉ាកុស ៨:២៧ តើមនុស្សជឿថា ព្រះយេស៊ូវជានរណា? អ្នកខ្លះនិយាយថា ព្រះអង្គជាគ្រូបង្រៀនដ៏ល្អ ខ្លះទៀតថា ព្រះអង្គគ្រាន់តែជាបុរសម្នាក់។ អ្នកនិពន្ធឈ្មោះ ស៊ី អេស លូអ៊ីស(C. S. Lewis) បានសរសេរថា “បើព្រះយេស៊ូវមិនមែនជាព្រះរាជបុត្រានៃព្រះទេ នោះគេមុខជាចាត់ទុកព្រះអង្គជា មនុស្សឆ្កួត ឬអាក្រក់ជាងនេះទៀត។ អ្នកអាចថា ព្រះអង្គជាមនុស្សឡប់ អ្នកអាចស្តោះទឹកមាត់ដាក់ ហើយធ្វើគុតព្រះអង្គ ដោយចោទថា ព្រះអង្គជាអារក្ស ឬអ្នកអាចក្រាបនៅទៀបព្រះបាទព្រះអង្គ ហើយហៅព្រះអង្គថា ព្រះអម្ចាស់ និងព្រះ តែចូរយើងកុំបន្ទាបព្រះអង្គ ដោយមិនសមហេតុសមផលថា ព្រះអង្គគ្រាន់តែជាគ្រូបង្រៀនដ៏អស្ចារ្យនោះឡើយ”។ គាត់ក៏បានបកស្រាយផងដែរថា បើការអះអាងរបស់ព្រះយេស៊ូវថា ព្រះអង្គជាព្រះ ជាការអះអាងខុស នោះគេក៏មិនអាចហៅព្រះអង្គថា ហោរាដ៏អស្ចារ្យឡើយ។ គេនឹងចោទព្រះអង្គថា បានប្រមាថព្រះជាមិនខាន។ ខណៈពេលដែលព្រះអង្គកំពុងជជែកជាមួយពួកសាវ័ក ក្នុងដំណើរពីភូមិមួយ ទៅភូមិមួយទៀត ព្រះយេស៊ូវក៏បានសួរពួកគេថា “តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា?”(ម៉ាកុស ៨:២៧)។ ខ្លះថា ព្រះអង្គជាលោកយ៉ូហាន បាទីស្ទ ខ្លះថា ព្រះអង្គជាហោរាអេលីយ៉ា និងពួកហោរាណាមួយ(ខ.២៨)។ តែព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកគេឆ្លើយដោយផ្ទាល់ខ្លួន ហើយក៏បានសួរពួកគេថា “ចុះឯអ្នករាល់គ្នា តើថាខ្ញុំជាអ្នកណា?” នោះពេត្រុសឆ្លើយឡើងថា ទ្រង់ជាព្រះគ្រីស្ទ”(ខ.២៩)។ ប៉ុន្តែ តើយើង នឹងនិយាយថា ព្រះយេស៊ូវជានរណា? បើការដែលព្រះយេស៊ូវអះអាងថា ព្រះអង្គ និងព្រះវរបិតា គឺជាព្រះតែមួយ(យ៉ូហាន ១០:៣០) មិនមែនជាការពិត នោះព្រះអង្គក៏មិនអាចធ្វើជាគ្រូបង្រៀនដ៏ល្អ ឬជាហោរាបានឡើយ។ ពួកសិស្សរបស់ព្រះអង្គ និងសូម្បីតែពួកអារក្សបានប្រកាសថា ព្រះអង្គជាព្រះរាជបុត្រានៃព្រះ(ម៉ាថាយ ៨:២៩ ១៦:១៦ ១យ៉ូហាន ៥:២០)។ សព្វថ្ងៃនេះ ចូរយើងផ្សាយដំណឹងល្អ ឲ្យគេស្គាល់ ព្រះគ្រីស្ទជានរណា ខណៈពេលដែលព្រះអង្គបំពេញតម្រូវការរបស់យើង។—Alyson Kieda តើអ្នកថា ព្រះយេស៊ូវជានរណា? បើអ្នកជឿថា ព្រះអង្គជាព្រះរាជបុត្រានៃព្រះ តើអ្នកអាចចែកចាយដល់អ្នកដទៃយ៉ាងដូចម្តេច ឲ្យគេដឹងថា ព្រះអង្គជានរណា? ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណ ព្រោះព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ទូលបង្គំមានអំណរណាស់ ដែលបានតោងព្រះអង្គជាប់។ សូមព្រះអង្គជួយទូលបង្គំ ឲ្យចែកចាយដល់អ្នកដទៃ នូវដំណឹងល្អ ឲ្យគេដឹងថា ព្រះអង្គជានរណា។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧-៩ និង កិច្ចការ ១៨