ព្រឹក

សេចក្តីជំនឿរស់
ដោយAnne Cetas
November 21, 2022
សេចក្តីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ។ យ៉ាកុប ២:២៦ មានខ្យល់កួចយក្សមួយបានបក់កាត់តាមសហគមន៍មួយ នៅពេលល្ងាច ក្នុងខែមិថុនា ឆ្នាំ២០២១ ដោយបានបំផ្លិចបំផ្លាញជង្រុករបស់គ្រួសារមួយ។ វាជាការបាត់បង់ដ៏សោកសៅ ព្រោះជង្រុកនេះបានមានវត្តមាននៅលើដីរបស់គ្រួសារនេះ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៨០០មកម្ល៉េះ។ ខណៈពេលដែលលោកចន(John) និងអ្នកស្រីបប(Barb) ធ្វើដំណើរទៅព្រះវិហារ កាត់តាមកន្លែងនោះ នៅពេលព្រឹកថ្ងៃបន្ទាប់ ពួកគេក៏បានឃើញការខូចខាត ហើយមានចិត្តចង់ជួយ។ ដូចនេះ ពួកគេក៏បានឈប់ឡាន ហើយក៏បានដឹងថា ក្រុមគ្រួសារនោះកំពុងតែត្រូវការគេជួយសម្អាតសំណល់បាក់បែក។ ពួកគេក៏បានប្រញាប់បើកឡានត្រឡប់ទៅផ្ទះវិញ ដើម្បីផ្លាស់ខោអាវ ហើយវិលត្រឡប់មកវិញ ដើម្បីចំណាយពេលពេញមួយថ្ងៃ ក្នុងការសម្អាតសំណល់បាក់បែក ដែលខ្យល់កួចនោះបានបង្កឡើង។ ត្រង់ចំណុចនេះ ពួកគេបានបង្ហាញចេញនូវសេចក្តីជំនឿរបស់ខ្លួន តាមរយៈការបម្រើក្រុមគ្រួសារនោះ។ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “សេចក្តីជំនឿដែលគ្មានការប្រព្រឹត្ត នោះឈ្មោះថាស្លាប់ហើយ”(យ៉ាកុប ២:២៦)។ ក្នុងកណ្ឌគម្ពីរនេះ សាវ័កយ៉ាកុបក៏បាននិយាយអំពីគំរូរបស់លោកអ័ប្រាហាំ ដែលបានដើរតាមព្រះ ដោយការស្តាប់បង្គាប់ ពេលដែលគាត់មិនស្គាល់កន្លែង ដែលព្រះបង្គាប់ឲ្យគាត់ទៅ(ខ.២៣ មើលលោកុប្បត្តិ ១២:១-៤ ១៥:៦ ហេព្រើរ ១១:៨)។ លោកយ៉ាកុបក៏បាននិយាយអំពីនាងរ៉ាហាប ដែលបានបង្ហាញឲ្យគេដឹងថានាងមានជំនឿលើព្រះរបស់សាសន៍អ៊ីស្រាអែល ពេលដែលនាងជួយលាក់បាំងពួកស៊ើបការ ដែលបានចូលមកសង្កេតមើលទីក្រុងយេរីខូ(យ៉ាកុប ២:២៥ មើល យ៉ូស្វេ ២ ៦:១៧)។ “បើអ្នកណាថាខ្លួនមានសេចក្តីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី?”(យ៉ាកុប ២:១៤)។ លោកម៉ាធ្យូ ហេនរី(Matthew Henry) បានមានប្រសាសន៍ថា “សេចក្តីជំនឿគឺជាឫស ការប្រព្រឹត្តល្អគឺជាផលផ្លែ ហើយយើងត្រូវប្រាកដថា យើងមានទាំងជំនឿ និងការប្រព្រឹត្ត”។ ព្រះទ្រង់មិនត្រូវការការប្រព្រឹត្តល្អរបស់យើងទេ តែជំនឿរបស់យើងបង្ហាញចេញមក តាមរយៈការប្រព្រឹត្តរបស់យើង។—ANNE CETAS
ហេតុអ្វីយើងចាំបាច់ត្រូវមានការប្រព្រឹត្តល្អ? តើអ្នកអាចធ្វើអ្វីខ្លះ ដោយសេចក្តីស្រឡាញ់ដល់ព្រះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមបម្រើព្រះអង្គ ដោយជំនឿលើព្រះអង្គ និងសេចក្តីស្រឡាញ់ចំពោះព្រះអង្គនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៨-១៩ និង យ៉ាកុប ៤
ល្ងាច

យើងអធិស្ឋាន ព្រោះព្រះទ្រង់មានអធិបតេយ្យភាព
ដោយUltimately with R.C. Sproul
November 21, 2022
យើងអធិស្ឋាន ព្រោះព្រះទ្រង់មានអធិបតេយ្យភាព1 មូលហេតុដែលយើងអាចអធិស្ឋាន ដោយមានទំនុកចិត្តបាន គឺដោយសារព្រះដែលយើងអធិស្ឋានទៅរក ទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ នៅថ្ងៃនេះ លោក អ. ស៊ី. ស្ព្រោល (R.C. Sproul) ធ្វើការបកស្រាយថា អធិបតេយ្យភាពរបស់ព្រះមិនបានរារាំងយើង មិនឲ្យអធិស្ឋាននោះទេ តែជាមូលហេតុដែលយើងត្រូវអធិស្ឋាន។ អត្ថបទ ខ្ញុំមានមិត្តជិតស្និទ្ធម្នាក់ នៅសាលាព្រះគម្ពីរ ដែលជាគ្រីស្ទបរិស័ទក្នុងនិកាយមេតូឌីស។ យើងពិតជាមិត្តភក្តិដ៏ល្អ។ ខ្ញុំជាអ្នកប្រកាន់ខ្ជាប់តាមគោលលទ្ធិរបស់លោកកាល់វីន (Calvinist) យ៉ាងម៉ឺងម៉ាត់ ហើយចំណែកគាត់វិញ គឺជាអ្នកជឿច្បាស់ តាមគោលលទ្ធិរបស់និកាយមេតូឌីស និងលោកអាមីនៀន។ ហើយគាត់គិតថា គោលលទ្ធិរបស់លោកកាន់វីន ជាទេវសាស្ត្រដែលពិបាកទទួលយកបំផុត ដែលគាត់បានស្គាល់ក្នុងជីវិតគាត់ ហើយខ្ញុំក៏គិតថា គោលលទ្ធិរបស់លោកអាមីនៀន ជាគោលលទ្ធិដែលមិនសមហេតុផលបំផុត ដែលខ្ញុំបានជួប ហើយយើងនៅតែមានភាពខុសគ្នាដូចនេះជាយូរឆ្នាំ។ ប៉ុន្តែ យើងទាំងពីរមានចិត្តឆេះឆួល ក្នុងការផ្សាយដំណឹងល្អ ហើយយើងក៏ធ្លាប់អធិស្ឋានជាមួយគ្នាផងដែរ។ យើងបានធ្លាប់លុតជង្គង់ចុះ ហើយខ្ញុំអធិស្ឋានថា «ព្រះអង្គអើយ ទូលបង្គំសូមអធិស្ឋាន សូមព្រះអង្គប្រទាននូវការយល់ដឹង អំពីគោលលទ្ធិនៃការជ្រើសរើសរបស់ព្រះអង្គ ដល់អ្នកនេះ ឬអ្នកនោះ»។ ហើយគាត់ក៏បានខឹងនឹងខ្ញុំ ហើយអធិស្ឋាននៅក្បែរខ្ញុំថា «ឱព្រះអង្គអើយ សូមនាំលោកប៊ីល និងអ្នកនេះ ឬអ្នកនោះ ឲ្យស្គាល់ព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្គ្រោះ»។ ខ្ញុំក៏និយាយថា «ប៉ុណ្ណឹងបានហើយ តោះយើងឈប់អធិស្ឋាន។ អ្នកមិនអាចអធិស្ឋានអញ្ចឹងបានទេ»។ ខ្ញុំប្រាប់គាត់ថា «តើអ្នកកំពុងតែទូលសូមព្រះអង្គឲ្យសង្គ្រោះបុរសនោះ ហើយសូមព្រះអង្គ ឲ្យបើកចិត្តគាត់ ហើយសូមឲ្យព្រះវិញ្ញាណព្រះអង្គកែប្រែមនុស្សម្នាក់នោះ ដោយអធិបតេយ្យភាពរបស់ព្រះអង្គឬ? តើអ្នកកំពុងទូលសូមព្រះអង្គឲ្យបង្ហាញអធិបតេយ្យភាពរបស់ព្រះអង្គឬ?»។ «តាមទេវសាស្ត្ររបស់អ្នក អ្នកគ្មានសិទ្ធិទូលសូមព្រះអង្គ ឲ្យធ្វើអ្វីមួយបានឡើយ»។ ទាល់តែយើងបានទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះសិន ទើបយើងចូលមករកព្រះអង្គ ដោយការអធិស្ឋាន។ បើយើងគិតថា ព្រះដែលគង់នៅស្ថានសួគ៌ មិនមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដីនេះទេ តើធ្វើដូចម្តេច ឲ្យយើងមានចិត្តចង់ទូលសូមព្រះអង្គក្នុងរឿងអ្វីមួយបាន? យើងអាចនិយាយបានម្យ៉ាងទៀតថា មូលហេតុដែលយើងអធិស្ឋាន គឺដោយសារយើងជឿថា ព្រះអង្គមានអំណាច បង្គាប់បញ្ជាអ្វីៗទាំងអស់ តាមគោលបំណងរបស់ព្រះអង្គ។ សរុបមក អធិបតេយ្យភាពរបស់ព្រះអង្គ គឺមានន័យថា ព្រះអង្គមានអំណាចបង្គាប់បញ្ជា តាមគោលបំណងរបស់ទ្រង់។ កម្មវិធីផ្តោតចិត្តលើព្រះដ៏ខ្ពស់បំផុត ជាសម្លេង គឺជាការផ្តួចផ្តើមឡើង ជាភាសាអង់គ្លេស ដោយ Ligonier Ministries ។