ព្រឹក

ជីវិតដែលមានន័យ
ដោយKenneth Petersen
December 13, 2022
«សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ»។ ១កូរិនថូស ១៥:៥៤ អ្នកនិពន្ធ ជាជនជាតិអាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាននិពន្ធរឿងខ្លីមួយ ដែលនិយាយ អំពីលោកម៉ាកូស រូហ្វូស(Marcus Rufus) ជាទាហានរ៉ូម៉ាំង ដែលបានផឹកទឹក ពី “ទន្លេអាថ៌កំបាំងមួយ ដែលជួយឲ្យមនុស្សមានជីវិតអមតៈ”។ ពេលមួយ លោកម៉ាកូសក៏បានដឹងថា ជីវិតអមតៈមិនមានលក្ខណៈដូចអ្វីដែលមនុស្សរំពឹងចង់បាននោះទេ ព្រោះ ជីវិតដែលគ្មានទីបញ្ចប់ ជាជីវិតឥតន័យ។ តាមពិត សេចក្តីស្លាប់បានធ្វើឲ្យជីវិតមានន័យ។ លោកម៉ាកូសក៏បានរកឃើញថ្នាំបន្សាប ដែលជាទឹកផុសដែលមានទឹកថ្លា។ បន្ទាប់ពីគាត់បានផឹកទឹកនោះហើយ គាត់ក៏បានយកដៃគាត់ទៅឆ្កូតនឹងបន្លា ហើយឈាមមួយដំណក់ក៏បានស្រក់ចុះមក ជាសញ្ញាបង្ហាញថា គាត់មានជីវិតដូចដើមវិញ ដែលអាចស្លាប់ដូចមនុស្សទូទៅ។ យើងក៏មិនខុសពីលោកម៉ាកូសដែរ ព្រោះជួនកាល យើងអស់សង្ឃឹម ដោយសារភាពអន់ខ្សោយនៃជីវិត និងការរំពឹងគិតអំពីសេចក្តីស្លាប់(ទំនុកដំកើង ៨៨:៣)។ យើងយល់ស្របថា សេចក្តីស្លាប់នាំឲ្យជីវិតមានន័យ។ តែខ្លឹមសារនៃរឿងនេះបានបែកជាពីរនៅត្រង់ចំណុចនេះឯង។ យើងខុសពីលោកម៉ាកុស ព្រោះយើងដឹងថា នៅក្នុងការសុគតរបស់ព្រះគ្រីស្ទ យើងរកឃើញអត្ថន័យពិតនៃជីវិតយើង។ ព្រះគ្រីស្ទបានឈ្នះសេចក្តីស្លាប់ តាមរយៈការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរហូតអស់ព្រះជន្ម ហើយជ័យជម្នះរបស់ទ្រង់បានលេបសេចក្តីស្លាប់ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់យើង ថ្នាំបន្សាប គឺមាននៅក្នុង “ទឹករស់” របស់ព្រះយេស៊ូវគ្រីស្ទ(យ៉ូហាន ៤:១០)។ ដោយសារយើងបានផឹកទឹករស់ហើយ ច្បាប់ទាំងអស់នៃជីវិត សេចក្តីស្លាប់ និងជីវិតអស់កល្បក៏បានផ្លាស់ប្តូរ ក្នុងជីវិតយើង(១កូរិនថូស ១៥:៥២)។ ជាការពិតណាស់ យើងមិនអាចជៀសផុតពីសេចក្តីស្លាប់ខាងរូបកាយនោះទេ តែនេះមិនមែនជាចំណុចសំខាន់នោះទេ។ ព្រះយេស៊ូវបានដកចេញភាពអស់សង្ឃឹម និងសេចក្តីស្លាប់ ពីជីវិត(ហេព្រើរ ២:១១-១៥)។ ក្នុងព្រះគ្រីស្ទ យើងបានទទួលការធានាជាថ្មី ដោយសេចក្តីសង្ឃឹមថានឹងបានទៅនៅនគរស្ថានសួគ៌ និងមានក្តីអំណរដ៏មានន័យ ក្នុងការរស់នៅ ជាមួយព្រះអង្គ អស់កល្បជានិច្ច។—KENNETH PETERSEN
តើអ្នកព្រួយបារម្ភអំពីអ្វី? តើអ្នកយល់ឃើញយ៉ាងណា អំពីសេចក្តីស្លាប់? តើបទគម្ពីរ១កូរិនថូស ជំពូក១៥ បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យឱបក្រសោបយកព្រះបន្ទូលសន្យារបស់ព្រះអង្គ អំពីការរំដោះទូលបង្គំ ឲ្យបានរស់នៅអស់កល្បជានិច្ច ជាមួយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១២-១៤ និង វិវរណៈ ១៤
ល្ងាច

កុំភ្លេចព្រះគុណណាមួយរបស់ព្រះអង្គឡើយ
ដោយUltimately with R.C. Sproul
December 13, 2022
យើងងាយនឹងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនបានគិតច្រើន អំពីការពិតដ៏អស្ចារ្យដែលថា ព្រះទ្រង់បានអត់ទោសបាបឲ្យយើង នៅក្នុងព្រះគ្រីស្ទ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្ព្រោល សូមរំឭក អំពីសារៈសំខាន់នៃការនឹកចាំ អំពីសេចក្តីមេត្តារបស់ព្រះអម្ចាស់ ដែលបានជួយសង្គ្រោះយើងឲ្យរួចពីបាប។ អត្ថបទ ខ្ញុំចង់ឲ្យអ្នកចំណាយពេលមួយភ្លែត ដើម្បីធ្វើការពិនិត្យមើលជីវិតផ្ទាល់ខ្លួនរបស់អ្នកបន្តិច នៅក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់អ្នក។ ខ្ញុំចង់ឲ្យអ្នករំឭកអំពីពេលដំបូង ដែលអ្នកបានដឹងថា ព្រះទ្រង់បានអត់ទោសឲ្យអំពើបាបទាំងអស់របស់អ្នក។ ហើយសូមព្យាយាមរំឭកអំពីអត្ថប្រយោន៍ ដែលការអត់ទោសបាបមាន សម្រាប់ជីវិតអ្នក ដែលមានដូចជា សេរីភាព ដែលវិញ្ញាណអ្នកទទួលបាន សន្តិភាពដែលកើតមានក្នុងសម្បជញ្ញៈ ឬបញ្ញាចិត្តរបស់អ្នក ក្តីអំណរដែលកើតមានក្នុងចិត្តអ្នកជាដើម។ តែយើងនៅតែងាយភ្លេចការអ្វីដែលព្រះបានធ្វើ ភ្លេចថា ព្រះអង្គបានអត់ទោសឲ្យយើង ហើយបានសម្អាតយើងឲ្យស្អាត ក្នុងព្រះគ្រីស្ទ។ ស្តេចដាវីឌបានយល់អំពីសេចក្តីនេះច្បាស់ណាស់ កាលទ្រង់និពន្ធបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកដំកើង ១០៣:២)។