ព្រឹក

មានចង្វាក់បេះដូងដូចគ្នា
ដោយKirsten Holmberg
December 26, 2022
កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ លោកុប្បត្ដិ ១:១ ការនិទានរឿងបានធ្វើឲ្យមនុស្សមានការជក់ចិត្តដិតអារម្មណ៍ ចាប់តាំងពីដើមកំណើតនៃមនុស្សជាតិ ដោយមានតួនាទី ផ្ទេរចំណេះដឹង តាំងពីមុនពេលដែលមនុស្សចាប់ផ្តើមប្រើភាសាសរសេរ។ យើងរាល់គ្នាសុទ្ធតែមានចិត្តរីករាយ ពេលដែលឮ ឬអានរឿង ដែលចាប់ផ្តើមដោយពាក្យថា “កាលពីព្រេងនាយ”។ អំណាចនៃការនិទានរឿង ហាក់ដូចជាមិនគ្រាន់តែផ្តល់ឲ្យយើងនូវការកម្សាន្តសប្បាយប៉ុណ្ណោះទេ តែក៏បានជួយឲ្យបេះដូងយើងលោតឡើង ដោយចង្វាក់ដែលស្របគ្នា ពេលដែលយើងបានស្តាប់រឿងណាមួយ ជាមួយគ្នា។ បេះដូងរបស់យើងម្នាក់ៗ លោតដោយចង្វាក់ផ្សេងគ្នា នៅថ្ងៃនីមួយៗ ហើយអាចមានចង្វាក់ដូចនរណាម្នាក់ នៅពេលខ្លះ តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញថា បេះដូងយើងអាចមានចង្វាក់ដូចគ្នា ពេលណាយើងបានស្តាប់រឿងណាមួយ ជាមួយគ្នា។ ព្រះទ្រង់ក៏បាននិទានរឿងរបស់ព្រះអង្គ ឲ្យយើងស្តាប់ ផ្តើមដោយពាក្យថា “កាលដើមដំបូងឡើយ”(លោកុប្បត្តិ ១:១)។ ចាប់តាំងពីពេលដែលលោកអ័ដាម និងនាងអេវ៉ាមានខ្យល់ដង្ហើមជាលើកទី១(ខ.២៧) ព្រះទ្រង់បានប្រើរឿងនេះ ដើម្បីកែប្រែជីវិតយើងម្នាក់ៗ ហើយដែលសំខាន់ជាងនេះទៀតនោះ ព្រះអង្គក៏បានប្រើរឿងនេះ ដើម្បីឲ្យយើងមានការរួបរួមគ្នា ក្នុងនាមជាកូនព្រះអង្គផងដែរ។ តាមរយៈព្រះគម្ពីរប៊ីប ដែលជាសៀវភៅរឿងដ៏អស្ចារ្យបំផុត ដែលគ្មានការប្រឌិត ចិត្តរបស់យើងបានចងភ្ជាប់គ្នា ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ជារាស្ត្រដែលព្រះអង្គបានញែក សម្រាប់បំពេញបំណងព្រះទ័យព្រះអង្គ(១ពេត្រុស ២:៩)។ ចូរយើងឆ្លើយតបចំពោះព្រះអង្គ ដោយចិត្តគំនិតដូចគ្នាតែមួយ ដោយអរសប្បាយនឹងកិច្ចការដែលព្រះអង្គបានធ្វើ យ៉ាងប៉ិនប្រសព្វ។ ហើយចូរយើងចែកចាយរឿងព្រះអង្គ ដល់អ្នកដទៃ ដោយ “ថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលបណ្តាជនទាំងឡាយ”(ទំនុកដំកើង ៩៦:៣) ដោយអញ្ជើញពួកគេឲ្យធ្វើជាផ្នែកមួយនៃរឿងរបស់ព្រះអង្គផងដែរ។—KIRSTEN HOLMBERG តើរឿងក្នុងព្រះគម្ពីរមានផ្នែកណា ដែលធ្វើឲ្យអ្នកមានការជក់ចិត្តបំផុត? តើអ្នកអាចចែកចាយរឿងក្នុងព្រះគម្ពីរដល់នរណាខ្លះ? ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង្ហាញទូលបង្គំឲ្យស្គាល់ព្រះអង្គជានរណា តាមរយៈព្រះគម្ពីរប៊ីប ហើយធ្វើឲ្យទូលបង្គំក្លាយជាកូនព្រះអង្គ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ១-៤ និង វិវរណៈ ១៨
ល្ងាច

ព្រះទ្រង់មិនត្រូវការអ្វីទេ
ដោយUltimately with R.C. Sproul
December 26, 2022
ព្រះដែលគ្មានដែនកំណត់ និងមានគ្រប់អំណាចចេស្ដា ទ្រង់មិនខ្វះអ្វីសោះ ហើយក៏គ្មានតម្រូវការអ្វីដែរ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) នឹងបង្រៀនយើងអំពីការស្គាល់អំណាចនៃភាពគ្រប់គ្រាន់របស់ព្រះ ដែលជួយឲ្យយើងយល់កាន់តែច្បាស់ អំពីការបង្កើត ការប្រោសលោះ និងជីវិតជាគ្រីស្ទបរិស័ទ។ អត្ថបទ តើព្រះទ្រង់ត្រូវការអ្វីខ្លះ ដើម្បីឲ្យមានព្រះជន្មរស់? ព្រះអង្គមិនត្រូវការអ្វីទាល់តែសោះ។ ព្រះអង្គមិនត្រូវការខ្យល់ដកដង្ហើម មិនត្រូវការពន្លឺថ្ងៃ មិនត្រូវការទឹក មិនត្រូវការពេទ្យ មិនត្រូវការការប្រកបគ្នា។ និយាយឲ្យខ្លី ព្រះទ្រង់មិនត្រូវការអ្វីទាំងអស់។ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបន្ថែមពីលើភាពពេញលេញ និងភាពគ្រប់គ្រាន់របស់ព្រះ? ព្រះទ្រង់មិនត្រូវការអ្នកឡើយ។ ព្រះអង្គក៏មិនត្រូវការអ្វីពីអ្នក ឬត្រូវការឲ្យអ្នកធ្វើជាអ្វីមួយ សម្រាប់ព្រះអង្គដែរ។ ហើយព្រះអង្គក៏មិនត្រូវការខ្ញុំ។ ជួនកាល យើងចូលចិត្តគិតថា បើមិនមែនដោយសារយើងទេ នោះនគរព្រះនឹងរលាយ ហើយព្រះអង្គនឹងមានការខ្វះខាត បើយើងមិនធ្វើការថ្វាយព្រះអង្គ។ លោកយ៉ូណាថាន អេដវើត(Jonathan Edwards) បានមានបង្រៀនថា កិច្ចការដែលយើងធ្វើថ្វាយព្រះ ដោយជួយអ្នកខ្វះខាត អ្នកគ្មានសំលៀកបំពាក់ អ្នកដែលមានភាពឯកោ គឺបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ ព្រោះវិធីដ៏ត្រឹមត្រូវ ដើម្បីឲ្យយើងបង្ហាញការដឹងគុណដល់ព្រះ ដែលមិនចេះខ្វះអ្វីសោះ និងមានភាពគ្រប់គ្រាន់ គឺយើងត្រូវប្រើភាពគ្រប់គ្រាន់របស់យើង ដើម្បីជួយអ្នកដែលមានតម្រូវការ ក្នុងព្រះនាមព្រះអង្គ។ ឃើញទេ នេះជាហេតុផលដែលជំរុញចិត្តយើងឲ្យធ្វើការបម្រើព្រះអង្គ។ មិនមែនដោយសារយើងកំពុងតែបំពេញតម្រូវការព្រះអង្គនោះទេ ព្រោះទ្រង់មិនខ្វះអ្វីឡើយ តែព្រះអង្គសព្វព្រះទ័យ ឲ្យយើងជួយមនុស្សដែលពិតជាត្រូវការជំនួយ។ ឥឡូវនេះ ចូរយើងពិចារណាអំពីព្រះចេស្តារបស់អង្គបុគ្គលដែលមិនត្រូវការអ្វីសោះ។ ព្រះទ្រង់មានលក្ខណៈសម្បត្តិដូចនេះឯង។ ហើយដោយសារព្រះចេស្តានេះហើយ ដែលបានផ្តល់ថាមពលដល់ជីវិតទាំងអស់ដែលព្រះអង្គបានបង្កើត។ ហើយព្រះវិញ្ញាណបរិសុទ្ធក៏មានងារជា ឌូណាមីស ដែលមានន័យថា “ព្រះចេស្តារបស់ព្រះ”។ ព្រះវិញ្ញាណមានព្រះចេស្តានៅក្នុងអង្គទ្រង់។ ហើយយើងគិតថា ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងជីវិតយើង ដើម្បីជួយឲ្យយើងឈ្នះបាបដែលកំពុងគំរាមកំហែងយើង នោះព្រះអង្គត្រូវធ្វើការអស្ចារ្យ លើសការអស្ចារ្យទាំងអស់។ តើអ្នកបានស្គាល់ព្រះចេស្តា ដែលមានក្នុងព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធឬទេ? ព្រះទ្រង់បង្កើតពិភពលោក ដោយប្រើព្រះចេស្តានេះឯង។ ដោយសារព្រះចេស្តានេះ ផែនដីនៅតែមានដើមឈើ ថ្មនៅមួយកន្លែងជាជាងរមាលទៅឆ្ងាយ។ ដោយសារព្រះចេស្តានេះ នោះផែនដីក៏បន្តមានថាមពលនុយក្លេអ៊ែ អគ្គីសនី កម្លាំងទំនាញផែនដី កម្លាំងទឹកសមុទ្រ កម្លាំងខ្យល់ កម្លាំងរញ្ជួយដី។ តែកម្លាំង ឬថាមពលទាំងអស់នេះសរុបចូលគ្នា នៅតែមិនស្មើនឹងចុងក្រចក នៃអំណាចព្រះវិញ្ញាណបរិសុទ្ធ ព្រោះព្រះវិញ្ញាណបរិសុទ្ធ មានអំណាចធ្វើឲ្យអ្វីៗកើតមាន និងស្ថិតស្ថេរនៅ បើគ្មានព្រះអង្គទេ នោះអ្វីក៏គ្មានដែរ។ ព្រះចេស្តានេះហើយដែលបង្កើតរបស់សព្វសារពើ ហើយព្រះទ្រង់ក៏បានប្រទានការប្រោសលោះជីវិតអ្នក ដោយសារព្រះចេស្តានេះឯង។