ព្រឹក

ព្រះគុណដែលយើងមិនអាចបដិសេធន៍បាន
ដោយUltimately with R.C. Sproul
January 2, 2023
តើព្រះទ្រង់បានអូសមនុស្សខ្លះចូលនគរទ្រង់ ទាំងពួកគេមិនចង់ចូល ដោយជើងធាក់ដី ហើយស្រែកដាក់ទ្រង់ ហើយទន្ទឹមនឹងនោះ ព្រះអង្គបានរារាំងអ្នកដទៃទៀត ដែលស្រេកឃ្លានបានសេចក្តីសង្គ្រោះ មិនឲ្យចូលនគរទ្រង់ឬ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយការយល់ច្រឡំដែលមនុស្សមានជាធម្មតា អំពីគោលលទ្ធិនៃព្រះគុណដែលមិនអាចបដិសេធន៍បាន។ អត្ថបទ ខ្ញុំនៅចាំថា កាលខ្ញុំកំពុងរៀននៅសាលាព្រះគម្ពីរ មានសាស្ត្រាចារ្យម្នាក់បង្រៀនកណ្ឌគម្ពីរសញ្ញាថ្មី ហើយគាត់ក៏ជានាយកនៃសាលាព្រះគម្ពីរនេះផងដែរ។ ថ្ងៃមួយ នៅក្នុងម៉ោងរៀន មានសិស្សម្នាក់បានលើកដៃឡើង ហើយនិយាយថា “តើលោកគ្រូជឿគោលលទ្ធិនៃការជ្រើសរើសរបស់ព្រះឬទេ?” លោកសាស្ត្រាចារ្យបានបង្ហាញអារម្មណ៍ទើសទាល់បន្តិច ចំពោះសំណួរនោះ។ ហើយគាត់ក៏មានប្រសាសន៍ត្រង់ៗថា គាត់មិនជឿទេ។ ព្រោះគាត់មិនជឿថា ព្រះទ្រង់បានអូសមនុស្សចូលនគរទ្រង់ ទាំងពួកគេមិនចង់ចូល ដោយជើងធាក់ដី ហើយស្រែកដាក់ទ្រង់នោះទេ ហើយទន្ទឹមនឹងនោះ ទ្រង់បានរារាំងអ្នកដទៃទៀត មិនឲ្យចូល ទោះពួកគេពិតជាចង់ចូលនគរទ្រង់នោះឡើយ។ ហើយខ្ញុំក៏មានការភ្ញាក់ផ្អើល ដោយសារនេះជាការនិយាយខុស និងពន្លើសយ៉ាងធ្ងន់ធ្ងរ អំពីទេវសាស្រ្តកំណែទម្រង់ ហើយក៏ដោយសារអ្នកដែលកំពុងនិយាយនេះ ថែមទាំងជាអ្នកដែលគួរតែដឹងច្បាស់ជាងនេះ ដោយគាត់រៀនសូត្រខ្ពង់ខ្ពស់ អំពីគោលលទ្ធិរបស់ពួកជំនុំ ។ល។ តែខ្ញុំក៏បានគិតថា “បើអ្នកដឹកនាំពួកជំនុំ មានបទពិសោធន៍ និងការអប់រំច្រើនយ៉ាងនេះ មានការយល់ច្រឡំ អំពីព្រះគុណដែលមិនអាចបដិសេធន៍បានទៅហើយ តើមានមនុស្សប៉ុន្មាននាក់ ដែលកំពុងមានការយល់ច្រឡំដូចនេះដែរ?” ពាក្យ “មិនអាចបដិសេធន៍បាន” គឺសំដៅទៅលើការដែលមនុស្សមិនអាចបដិសេធន៍ព្រះគុណព្រះ។ បងប្អូនស្ងួនភ្ងាអើយ ប្រវត្តិសាស្រ្តនៃមនុស្សជាតិ ជាប្រវត្តិសាស្រ្តនៃការបដិសេធន៍ឥតឈប់ឈររបស់មនុស្ស មកលើភាពផ្អែមល្ហែមនៃព្រះគុណព្រះ។ ហើយអត្ថន័យនៃពាក្យ “ព្រះគុណមិនអាចបដិសេធន៍បាន” គឺមិនមានន័យត្រង់ថា មនុស្សគ្មានលទ្ធភាពបដិសេធន៍ព្រះគុណព្រះនោះទេ។ ជាការពិតណាស់ យើងអាចបដិសេធន៍ព្រះគុណព្រះ ហើយយើងពិតជាបដិសេធន៍ព្រះគុណព្រះអង្គមែន។ តែត្រង់ចំណុចនេះ គឺមានន័យថា ទោះនិស្ស័យសាច់ឈាមរបស់យើងបានបដិសេធន៍ព្រះគុណព្រះអង្គក៏ដោយ ក៏ព្រះគុណព្រះអង្គមានអំណាចខ្លាំងណាស់ បានជាអាចជម្នះការបដិសេធន៍នៃនិស្ស័យសាច់ឈាមរបស់យើង។ ហេតុនេះហើយ ខ្ញុំចង់ប្រើពាក្យ ព្រះគុណដែលមានជ័យជម្នះ ជាជាងប្រើពាក្យ ព្រះគុណដែលមិនអាចបដិសេធន៍បាន ព្រោះព្រះគុណដែលមនុស្សមិនអាចបដិសេធន៍បាន នាំមកនូវលទ្ធផល ដែលព្រះទ្រង់សព្វព្រះទ័យឲ្យមាន។ មុនពេលមនុស្សម្នាក់ប្រើសេចក្តីជំនឿដែលនាំឲ្យបានសង្គ្រោះ គឺមុនពេលពួកគេជឿព្រះគ្រីស្ទ មុនពេលពួកគេប្រើឆន្ទៈរបស់ខ្លួន ដើម្បីទទួលព្រះគ្រីស្ទ ព្រះទ្រង់ត្រូវតែធ្វើអ្វីម្យ៉ាង សម្រាប់ពួកគេ និងក្នុងពួកគេ។ ក្នុងបទគម្ពីរដំណឹងល្អយ៉ូហាន ជំពូក៦ ព្រះយេស៊ូវមានបន្ទូលថា “គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ”។ គ្រីស្ទបរិស័ទជាច្រើនបានកាត់ស្រាយខគម្ពីរនេះថា ពាក្យ “ទាញនាំ” គឺសំដៅទៅលើការដែលព្រះទ្រង់ទាក់ទាញ បញ្ចុះបញ្ចូល លួងលោម ។ល។ ហើយថា ព្រះទ្រង់បញ្ចេញឥទ្ធិពលទាញនាំនេះ ទៅដល់មនុស្សជាច្រើន។ អ្នកខ្លះបានឆ្លើយតប ដោយវិជ្ជមានចំពោះការទាញនាំនេះ តែខ្លះទៀតបដិសេធន៍។ ដូចនេះ គេសន្និដ្ឋានថា ព្រះទ្រង់ទាញនាំមនុស្សម្នាក់ៗ ដោយអំណាចបញ្ចុះបញ្ចូលស្មើៗគ្នា។ ហើយក្នុងការវិភាគចុងក្រោយ ពួកគេសន្និដ្ឋានថា អ្នកដែលព្រមទៅតាមការទាញនាំនោះ ក៏បានសង្គ្រោះ ហើយអ្នកដែលមិនព្រមទៅតាមក៏បានបាត់បង់។ ហើយខ្ញុំក៏បានឆ្លើយតបទៅគាត់វិញភ្លាមថា “លោកគ្រូដឹងថា ពាក្យជាភាសាក្រិក ដែលបានប្រើសម្រាប់ពាក្យនេះដោយលោកយ៉ូហាន ក៏មានប្រើជាញឹកញាប់ ក្នុងខគម្ពីរផ្សេងទៀតផងដែរ ជាពិសេស ក្នុងកណ្ឌគម្ពីរកិច្ចការ ដែលក្នុងនោះ សាវ័កប៉ុល និងលោកស៊ីឡាសត្រូវគេយកទៅដាក់គុក”។ ខ្ញុំក៏បានលើកឡើងថា ក្នុងកណ្ឌគម្ពីរកិច្ចការ ខ្លឹមសារត្រង់ចំណុចនេះ មិនមានន័យថា មេគុកបានចូលទៅក្នុងគុក ហើយព្យាយាមទាក់ទាញ លួងលោម ឬបញ្ចុះបញ្ចូលសាវ័កប៉ុល និងលោកស៊ីឡាស ឲ្យចូលទៅក្នុងគុកនោះទេ។ ខ្ញុំប្រាប់គាត់ទៀតថា “ពាក្យទាញនាំក្នុងខគម្ពីរនោះ គឺសំដៅទៅលើសកម្មភាពដែលប្រើកម្លាំងខ្លាំងជាងនោះ”។ បន្ទាប់មក ខ្ញុំក៏បាននាំគាត់គិត អំពីការពន្យល់ពាក្យជាភាសាក្រិក ក្នុងវចនានុក្រមទេវាសាស្ត្ររបស់លោកឃីធល(Kittel) ដែលក្នុងនោះ ពាក្យទាញនាំ បានប្រែសម្រួលមកថាជំរុញ។ ដូចនេះ ពាក្យនេះបានផ្លាស់ប្តូរការគិតរបស់យើងអំពីអត្ថន័យនៃខគម្ពីរនោះ។ បើអ្នកបានអានបទគម្ពីរ ដែលព្រះយេស៊ូវមានបន្ទូលថា “គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ជំរុញគេប៉ុណ្ណោះ” នោះអ្នកនឹងឃើញថា ការប្រើពាក្យជំរុញគឺមានន័យខ្លាំងជាងការប្រើពាក្យទាញនាំ។ បានជាគេអាចកាត់ស្រាយថា ព្រះទ្រង់ទាក់ទាញយើង ឲ្យជឿព្រះអង្គ ដែលជាការបញ្ចុះបញ្ចូលពីខាងក្រៅ។ ហើយក្នុងការជជែកវែកញែក ដល់ចំណុចនេះ លោកសាស្រ្តាចារ្យធ្វើការបកស្រាយ ដែលខ្ញុំមិននឹកស្មានដល់។ គាត់ប្រាប់ខ្ញុំថា “បាទ ប៉ុន្តែ តើអ្នកដឹងទេថា ពាក្យជាភាសាក្រិកដដែលនេះ ក៏ត្រូវបានកវីកំណាព្យក្រិកបានប្រើផងដែរ?” គាត់ក៏បានដកស្រង់បទកំណាព្យមួយ ដែលក្នុងនោះ ពាក្យនេះត្រូវបានគេប្រើ សំដៅទៅលើសកម្មភាពដងទឹកពីអណ្តូង។ ហើយគាត់ក៏មើលមុខខ្ញុំ ដោយជ័យជម្នះ ហើយនិយាយថា “លោកបណ្ឌិត ស្ព្រោល។ លោកគ្រូមិនជំរុញទឹកឲ្យចេញពីអណ្តូងទេ មែនទេ?” ហើយខ្ញុំក៏បានប្រាប់គាត់ថា “បាទ ខ្ញុំមិនអាចជំរុញទឹកបានទេ ខ្ញុំពិតជាមិនបានដឹងទេថា គេបានប្រើពាក្យនេះ ជាភាសាក្រិក ក្នុងន័យផ្សេងមួយទៀត ប៉ុន្តែ តើលោកគ្រូយកទឹកចិត្តពីអណ្តូងដោយរបៀបណា? តើលោកគ្រូឈរមាត់អណ្តូង ហើយហៅទឹកឲ្យឡើងមកខាងលើ? តើលោកគ្រូនឹងព្យាយាមទាក់ទាញ ឬបញ្ចុះបញ្ចូលវា ឲ្យឡើងពីក្នុងអណ្តូងមកឬ? ឬមួយលោកគ្រូ ត្រូវទម្លាក់យោងចុះទៅក្នុងទឹកអណ្តូង ដើម្បីដងវាឡើងមកខាងលើ? ខ្ញុំក៏បាននិយាយទៀតថា “ខ្ញុំមានការពេញចិត្តយ៉ាងខ្លាំង ចំពោះការបកស្រាយក្នុងន័យធៀប អំពីការដងទឹកចេញពីអណ្តូង ព្រោះនេះជាអ្វីដែលព្រះទ្រង់ធ្វើសម្រាប់យើង។ យើងកប់នៅក្នុងទឹក ហើយត្រូវការព្រះអង្គប្រើព្រះចេស្តាដងយើងចេញពីក្នុងទឹក គឺមិនមែនដោយយើងប្រើកម្លាំងខ្លួនឯងនោះទេ។
ប្រភេទ
ល្ងាច

បេសកកម្មជួយសង្គ្រោះ
ដោយXochitl Dixon
January 2, 2023
ដ្បិត ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទ្រង់នឹងឆ្លើយតបចំពោះគេ។ ទំនុកដំកើង ៣៨:១៥ នៅប្រទេសអូស្ត្រាលី អ្នកស្ម័គ្រចិត្តមួយក្រុម នៅអង្គការសង្គ្រោះសត្វ បានរកឃើញសត្វចៀមវង្វេងមួយក្បាល មានរោមដ៏កខ្វក់ និងកន្តាញ់ ដែលមានទម្ងន់ជាង៣៧គីឡូក្រាម។ អ្នកសង្គ្រោះសង្ស័យសត្វចៀមនោះបានវង្វេងបាត់ នៅក្នុងព្រៃ អស់រយៈពេលយ៉ាងហោចណាស់៥ឆ្នាំ។ អ្នកស្ម័គ្រចិត្តក៏បានជួយសម្រាលបន្ទុកវា ដោយការកាត់រោមដ៏ធ្ងន់របស់វា យ៉ាងលំបាកលំបិន។ បន្ទាប់ពីវាបានរួចផុតពីបន្ទុកដ៏ធ្ងន់នោះ វាក៏បានស៊ីចំណី។ ជើងរបស់វាកាន់តែមានភាពរឹងមាំ។ វាមានទំនុកចិត្ត និងការស្កប់ចិត្តកាន់តែខ្លាំង ពេលដែលវានៅជិតអ្នកសង្គ្រោះរបស់វា និងសត្វដទៃទៀត នៅកន្លែងថែរក្សាសត្វដែលគេបានសង្គ្រោះ។ ស្តេចដាវីឌជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានយល់អំពីការឈឺចាប់ ដោយសារបន្ទុកដ៏ធ្ងន់ និងត្រូវគេបំភ្លេចចោល និងវង្វេង ហើយមានព្រះទ័យស្រេកឃ្លានការជួយសង្គ្រោះ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក ៣៨ ស្តេចដាវីឌក៏បានស្រែករកព្រះ។ ទ្រង់បានជួបភាពឯកោ ការក្បត់ និងភាពអស់សង្ឃឹម(ខ.១១-១៤)។ តែទ្រង់បានអធិស្ឋាន ដោយទំនុកចិត្តថា “ដ្បិត ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទ្រង់នឹងឆ្លើយតបចំពោះគេ”(ខ.១៥)។ ស្តេចដាវីឌមិនបានបដិសេធន៍ថា ទ្រង់មិនមានទុក្ខលំបាក ឬលាក់បាំងទុក្ខលំបាកក្នុងព្រះទ័យ និងជំងឺក្នុងព្រះកាយទ្រង់នោះឡើយ(ខ.១៦-២០)។ ផ្ទុយទៅវិញ ទ្រង់ទុកចិត្តថា ព្រះទ្រង់គង់នៅក្បែរ ហើយឆ្លើយតប តាមពេល និងតាមផ្លូវរបស់ព្រះអង្គ(ខ.២១-២២)។ ពេលណាយើងមានអារម្មណ៍ថា យើងកំពុងមានបន្ទុកដ៏ធ្ងន់ ខាងផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវអារម្មណ៍ ព្រះទ្រង់នៅតែមានព្រះទ័យប្តូរផ្តាច់ ចំពោះបេសកកម្មជួយសង្គ្រោះ ដែលព្រះអង្គបានគ្រោងឡើង តាំងពីពេលព្រះអង្គបង្កើតយើងមក។ យើងអាចទុកចិត្តលើព្រះវត្តមានព្រះអង្គ ពេលណាយើងស្រែករកព្រះអង្គថា “ឱព្រះអម្ចាស់ ជាសេចក្តីសង្គ្រោះនៃទូលបង្គំអើយ សូមប្រញាប់នឹងជួយទូលបង្គំផង”(ខ.២២)។—XOCHITL DIXON
តើព្រះទ្រង់បានបង្ហាញចេញនូវសេចក្តីស្មោះត្រង់របស់ព្រះអង្គ ដូចម្តេចខ្លះ ពេលដែលអ្នកមានអារម្មណ៍ថា មានបន្ទុកដ៏ធ្ងន់? តើព្រះទ្រង់បានប្រើអ្នកដទៃ ឲ្យកម្សាន្តចិត្ត និងទ្រទ្រង់អ្នកដូចម្តេចខ្លះ?
ឱព្រះប្រកបដោយព្រះគុណ សូមព្រះអង្គជួយទូលបង្គំ ឲ្យលើកទឹកចិត្តអ្នកដទៃ ដែលកំពុងមានបន្ទុកធ្ងន់ វង្វេង ឬត្រូវគេបំភ្លេច។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ៧-៩ និង ម៉ាថាយ ៣