ព្រឹក

ការប្រោសលោះដែលមានកំណត់
ដោយUltimately with R.C. Sproul
January 9, 2023
តើវាខុសទេ ដែលយើងនិយាយថា ព្រះរាជកិច្ចនៃការប្រោសលោះរបស់ព្រះយេស៊ូវ មានដែនកំណត់ នៅក្នុងន័យខ្លះ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយថា គោលលទ្ធិនៃការប្រោសលោះដែលមានដែនកំណត់ បានលើកឡើងអំពីការអ្វីដែលព្រះគ្រីស្ទបានសម្រេច នៅលើឈើឆ្កាង យោងតាមការរៀបចំដ៏អស់កល្បរបស់ព្រះ។ អត្ថបទ គោលលទ្ធិមួយ ក្នុងចំណោមគោលលទ្ធិ ដែលយើងពិបាកយល់ ក្នុងពួកជំនុំ ជាពិសេស ក្នុងទេវសាស្រ្តកំណែទម្រង់ ដែលជាផ្នែកដ៏សំខាន់ នៃគោលលទ្ធិសំខាន់ៗទាំង៥(អក្សរកាត់ជាភាសាអង់គ្លេស TULIP) ដែលមានដូចជា គោលលទ្ធិនៃភាពទុច្ចរិតទាំងស្រុង ការជ្រើសរើសដែលគ្មានលក្ខខ័ណ្ឌ ការប្រោសលោះដែលមានដែនកំណត់ ព្រះគុណដែលមិនអាចបដិសេធន៍បាន និងការស៊ូទ្រាំរបស់ពួកបរិសុទ្ធ។ ហើយបងប្អូនគ្រីស្ទបរិស័ទដំណឹងល្អជាច្រើន បានឱបក្រសោបយកគោលលទ្ធិទាំង៥នេះ។ ពួកគេបានបញ្ជាក់ថា គោលលទ្ធិទាំង៤មានភាពត្រឹមត្រូវ លើកលែងតែគោលលទ្ធិនៃការប្រោសលោះដែលមានដែនកំណត់។ ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះរឿងវិវាទជាច្រើន ដែលបានកើតឡើង ទាក់ទងនឹងទេវសាស្រ្តកំណែទម្រង់ជាប្រវត្តិសាស្រ្ត នៅត្រង់ផ្នែកនេះ។ គេបានចោទសួរថា “ហេតុអ្វីអ្នកនិយាយថា ការប្រោសលោះរបស់ព្រះគ្រីស្ទ មានដែនកំណត់? តើព្រះគម្ពីរមិនបានចែងទេឬថា ព្រះអង្គបានសុគត ដើម្បីសង្រ្គោះពិភពលោកទាំងមូល? តើអ្នកកំពុងតែនិយាយថា ការសុគតរបស់ព្រះយេស៊ូវមិនមានភាពគ្រប់គ្រាន់ ក្នុងការជួយសង្រ្គោះមនុស្សម្នាក់ៗ ក្នុងពិភពលោកនេះឬ? ប៉ុន្តែ មនុស្សដដែល ដែលបានចោទសួរដូចនេះ ក៏បាននិយាយផងដែរថា មនុស្សក្នុងពិភពលោកមិនបានសង្រ្គោះទាំងអស់គ្នាទេ។ ហេតុអ្វីមនុស្សក្នុងពិភពលោកមិនបានសង្រ្គោះទាំងអស់គ្នា? ព្រោះលក្ខខណ្ឌដ៏ចាំបាច់មួយ ដើម្បីឲ្យបានសង្រ្គោះ តាមរយៈការសុគតនៃព្រះយេស៊ូវគ្រីស្ទដែលបានប្រោសលោះ គឺត្រូវមានជំនឿលើព្រះយេស៊ូវគ្រីស្ទ។ ហើយបើអ្នកមិនបានទទួលជឿព្រះយេស៊ូវគ្រីស្ទទេ នោះការសុគតនៃព្រះគ្រីស្ទដែលបានប្រោសលោះ គឺគ្រាន់តែបានបង្ហាញថា អ្នកមានបាបកាន់តែធ្ងន់ នៅចំពោះព្រះ ហើយនឹងមិនបានបន្ធូរបន្ថយបាបរបស់អ្នកឡើយ ព្រោះអ្នកបានបដិសេធន៍ដង្វាយលោះបាបដ៏ឥតខ្ចោះរបស់ព្រះអង្គ ដែលបានប្រទានតែម្តងជាសម្រេច។ តែសូមចំណាយពេលគិតបន្តិច។ បើព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីលោះបាបមនុស្សម្នាក់ៗ ដែលបានរស់នៅលើផែនដីនេះ ហេតុអ្វីអ្នកបដិសេធន៍ការសន្និដ្ឋានថា ព្រះទ្រង់បានជ្រើសរើសមនុស្សទាំងអស់ឲ្យបានសង្រ្គោះ? បើព្រះយេស៊ូវបានសុគតដើម្បីលោះបាបមនុស្សម្នាក់ៗ នោះគ្មាននរណាម្នាក់ដែលព្រះអង្គត្រូវដាក់ទោសនោះឡើយ។ មនុស្សម្នាក់ៗនឹងបានសង្រ្គោះ ព្រោះព្រះអង្គបានលោះបាបនីមួយៗហើយ។ តែជាការពិតណាស់ ការប្រោសលោះរបស់ព្រះគ្រីស្ទ មានប្រសិទ្ធិភាពសម្រាប់តែអ្នកដែលជឿព្រះអង្គប៉ុណ្ណោះ។ ដូចនេះ ក្នុងន័យនេះ ប្រសិទ្ធិភាពនៃការប្រោសលោះមានដែនកំណត់។ ការប្រោសលោះមានសម្រាប់តែអ្នកជឿប៉ុណ្ណោះ។ មានតែអ្នកជឿ និងអ្នកដែលព្រះអង្គបានជ្រើសរើសប៉ុណ្ណោះ ដែលបានសង្រ្គោះ។ ហើយអ្នកដែលព្រះអង្គបានលោះ ក៏ជាអ្នកដែលទទួលការអត់ទោសបាបអស់កល្បជានិច្ច។ ចាប់តាំងពីអស់កល្បជានិច្ចរៀងមក ព្រះទ្រង់មានផែនការចាត់ព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមកផែនដី ដើម្បីលោះបាបរាស្រ្តព្រះអង្គ គឺមិនបានបន្ថែមបន្ថយផែនការព្រះអង្គ នៅពេលក្រោយទៀតនោះឡើយ។
ប្រភេទ
ល្ងាច

ព្រះដែលបានប្រោសលោះ
ដោយGlenn Packiam
January 9, 2023
កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ។ អេសាយ ៤៣:១ ក្នុងពេលបង្រៀនព្រះបន្ទូល ខ្ញុំបានធ្វើការពន្យល់ ដោយដើរទៅរកផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយ ដែលវិចិត្រករបានដាក់តាំង នៅលើឆាក ហើយខ្ញុំក៏បានយកថ្នាំពណ៌ខ្មៅមកគូសចំពាក់កណ្តាលរូបនោះ។ ពួកជំនុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វិចិត្រកររូបនោះគ្រាន់តែបានឈរមើលខ្ញុំធ្វើឲ្យខូចស្នាដៃរបស់នាង។ បន្ទាប់មក នាងក៏បានយកជក់ថ្មីមួយមកគូរពីលើរូបនោះ ដោយកែប្រែរូបគំនូរដែលបានខូច ឲ្យក្លាយជាស្នាដៃសិល្បៈដ៏ល្អប្រណិត។ ការកែសម្រួលរូបគំនូរឡើងវិញ នៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីកិច្ចការដែលព្រះទ្រង់អាចធ្វើ ក្នុងជីវិតយើង ពេលណាយើងបានធ្វើឲ្យជីវិតខ្លួនឯងមានភាពរញ៉េរញ៉ៃ។ ហោរាអេសាយបានស្តីបន្ទោសឲ្យប្រជាជនអ៊ីស្រាអែល ដែលបានជ្រើសរើសយកភាពខ្វាក់ និងភាពគថ្លង់ខាងវិញ្ញាណ(អេសាយ ៤២:១៨-១៩) តែបន្ទាប់មក គាត់ក៏បានប្រកាសព្រះបន្ទូលរបស់ព្រះអង្គថា កុំឲ្យភ័យខ្លាចឡើយ ដ្បិតព្រះអង្គបានលោះពួកគេហើយ(៤៣:១)។ នេះជាការប្រកាស អំពីសេចក្តីសង្ឃឹមនៃការរំដោះ និងការប្រោសលោះរបស់ព្រះអង្គ។ ព្រះអង្គក៏អាចលោះយើងផងដែរ។ ពេលណាយើងបានប្រព្រឹត្តអំពើបាប បើយើងបានសារភាពបាប ហើយងាកបែរមករកព្រះអង្គវិញ ព្រះអង្គនឹងអត់ទោសឲ្យយើង ហើយស្អាងយើងឡើងវិញ(ខ.៥-៧ និង មើល ១យ៉ូហាន ១:៩)។ យើងមិនអាចនាំភាពស្រស់ស្អាតចេញពីជីវិតដ៏រញ៉េរញ៉ៃរបស់យើងបានទេ មានតែព្រះយេស៊ូវទេដែលអាចធ្វើដូចនេះបាន។ ដំណឹងល្អនោះគឺថា ព្រះអង្គបានប្រោសលោះយើង ដោយសារព្រះលោហិតរបស់ព្រះអង្គហើយ។ កណ្ឌគម្ពីរវិវរណៈបានធានាយើងថា នៅចុងបញ្ចប់ ព្រះយេស៊ូវនឹងជូតទឹកភ្នែកយើងចេញ សេចក្តីដែលមានពីមុននឹងកន្លងផុតទៅ ព្រះអង្គធ្វើឲ្យអ្វីៗថ្មីឡើងវិញ(វិវរណៈ ២១:៤-៥)។ យើងមិនអាចយល់អំពីរឿងរបស់យើងបានច្បាស់ទេ តែព្រះដែលស្គាល់ឈ្មោះយើង(អេសាយ ៤:៣១) ទ្រង់នឹងធ្វើឲ្យជីវិតយើងមានភាពស្រស់ស្អាតឡើង ហួសក្តីស្រមៃរបស់យើង។ បើអ្នកបានទទួលការប្រោសលោះ ដោយសេចក្តីជំនឿលើព្រះយេស៊ូវហើយ នោះរឿងនៃជីវិតអ្នកនឹងមានទីបញ្ចប់ដ៏រុងរឿង។—GLENN PACKIAM
តើជីវិតអ្នកមានភាពរញ៉េរញ៉ៃយ៉ាងណា? តើព្រះទ្រង់បានប្រទានការស្អាងឡើងវិញ និងការប្រោសលោះដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមិនដែលបោះបង់ចោលទូលបង្គំ។ ទូលបង្គំសូមចុះចូលព្រះអង្គ ហើយសូមព្រះអង្គស្អាងទូលបង្គំឡើងវិញ ត្រង់ចំណុចណាដែលទូលបង្គំបានធ្វើឲ្យខូច។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧