
ផ្លាស់ប្រែឲ្យដូចព្រះ ដែលជាគ្រូរបស់យើង
ដោយMarvin Williams
February 1, 2023
សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ។ លូកា ៦:៤០ ក្នុងវីដេអូដ៏ល្បីល្បាញមួយ ក្នុងបណ្ដាញសង្គម គេឃើញកូនសិស្សការ៉ាតេដូខ្សែក្រវ៉ាត់សរ អាយុ៣ឆ្នាំម្នាក់ កំពុងធ្វើត្រាប់តាមគ្រូបង្វឹករបស់នាង។ នាងមានចិត្តឆេះឆួល និងការជឿជាក់ ក្នុងការហ្វឹកហាត់នេះណាស់ បានជានាងខិតខំយកតម្រាប់តាមសកម្មភាព និងការនិយាយស្តីរបស់គ្រូបង្វឹក តាមរបៀបដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់។ យ៉ាងហោចណាស់ នាងធ្វើបានល្អគួរសម។ ព្រះយេស៊ូវធ្លាប់មានបន្ទូលថា “សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ”(លូកា ៦:៤០)។ ព្រះអង្គបានប្រាប់សិស្សព្រះអង្គថា ការយកតម្រាប់តាមព្រះអង្គ ក៏រាប់បញ្ចូលការមានចិត្តសប្បុរស សេចក្តីស្រឡាញ់ និងមិនថ្កោលទោសអ្នកដទៃផងដែរ(ខ.៣៧-៣៨) ហើយក៏ស្គាល់អ្នកដែលពួកគេដើរតាមផងដែរ បានជាព្រះអង្គមានបន្ទូលថា “តើមនុស្សខ្វាក់អាចនឹងដឹកមនុស្សខ្វាក់បានឬទេ តើមិនធ្លាក់ទៅក្នុងរណ្តៅទាំង២នាក់ទេឬអី”(ខ.៣៩)។ សិស្សរបស់ព្រះអង្គចាំបាច់ត្រូវដឹងថា ខ្នាតគំរូនេះមិនមាននៅក្នុងការបង្រៀនរបស់ពួកផារិស៊ី ដែលជាមនុស្សខ្វាក់កំពុងដឹកនាំមនុស្សទៅរកសេចក្តីហិនវិនាស(ម៉ាថាយ ១៥:១៤)។ ហើយពួកគេចាំបាច់ត្រូវដឹងអំពីសារៈសំខាន់នៃការដើរតាមគ្រូរបស់ពួកគេ។ ដូចនេះ គោលដៅរបស់សិស្សព្រះយេស៊ូវ គឺត្រូវផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះយេស៊ូវ។ ហេតុនេះហើយ ពួកគេចាំបាច់ត្រូវផ្ដោតអារម្មណ៍យ៉ាងប្រុងប្រយ័ត្ន មកលើការបង្រៀនរបស់ព្រះអង្គ អំពីសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ ហើយអនុវត្តតាមផងដែរ។ ក្នុងនាមយើងជាអ្នកជឿ ដែលត្រាប់តាមព្រះយេស៊ូវ ចូរយើងថ្វាយជីវិតយើងដាច់ដល់ព្រះ ដែលជាគ្រូរបស់យើង ដើម្បីឲ្យយើងអាចផ្លាស់ប្រែមានលក្ខណៈដូចព្រះអង្គ ក្នុងការចេះដឹង ប្រាជ្ញា និងអាកប្បកិរិយា។ មានតែព្រះអង្គទេ ដែលអាចជួយយើងឲ្យរស់នៅ ដោយឆ្លុះបញ្ចាំងឲ្យគេស្គាល់ផ្លូវរបស់ព្រះអង្គ ដែលសប្បុរស និងពេញដោយក្តីស្រឡាញ់។—MARVIN WILLIAMS
តើអ្នកចង់ត្រាប់តាមព្រះយេស៊ូវ នៅត្រង់ចំណុចណាខ្លះ ក្នុងពេលសព្វថ្ងៃនេះ? តើព្រះគ្រីស្ទមានចំណុចណា ដែលអ្នកមានការពិបាកបំផុត ក្នុងការត្រាប់តាម?
ឱព្រះយេស៊ូវ ជាគ្រូដ៏ធំប្រសើរ សូមព្រះអង្គជួយទូលបង្គំ ឲ្យរស់នៅ ដោយត្រាប់តាមព្រះអង្គ ជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៩-៣០ និង ម៉ាថាយ ២១:២៣-៤៦