ព្រឹក

ប្រភពនៃអំណាចទាំងអស់
ដោយUltimately with R.C. Sproul
April 11, 2023
ក្នុងពិភពលោកនេះ គ្មានអ្នកដឹកនាំណាដែលបានបង្កើតអំណាចដោយខ្លួនឯងនោះទេ។ អំណាចរបស់ពួកគេ គឺទ្រង់ជាអ្នកប្រទានឲ្យ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមរំឭកយើងថា អ្នកមានអំណាចទាំងអស់នឹងត្រូវទទួលខុសត្រូវ នៅចំពោះមុខស្តេចលើអស់ទាំងស្តេច។ អត្ថបទ គ្មានអ្នកដឹកនាំណា ក្នុងពិភពលោកនេះ ដែលមានអំណាច ដោយខ្លួនឯងនោះទេ លើកលែងតែព្រះទ្រង់បានប្រទានអំណាចនោះមកពួកគេ ដែលទ្រង់ជាព្រះគ្រីស្ទ ជាស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។ យើងមិនបានគិតអំពីរឿងនេះឲ្យដិតដល់នោះទេ។ នៅថ្ងៃជំនុំជម្រះ ប្រធានាធិបតីអាមេរិកនឹងទទួលការជំនុំជម្រះ សម្រាប់ការដឹកនាំរបស់ពួកគេ មិនមែនផ្អែកទៅលើសម្លេងគាំទ្ររបស់ប្រជាជន តែនឹងត្រូវព្រះគ្រីស្ទជំនុំជម្រះ ព្រោះពួកគេស្ថិតនៅក្រោមអំណាចព្រះគ្រីស្ទ។ អធិរាជនៃចក្រភពរ៉ូម៉ាំងក៏នឹងត្រូវសារភាពនៅចំពោះមុខព្រះគ្រីស្ទ អំពីរបៀបដែលពួកគេបានដឹកនាំចក្រភពរ៉ូម៉ាំង ព្រះទ្រង់បានត្រាស់ហៅគ្រីស្ទបរិស័ទឲ្យគោរពពួកស្តេច បង់ពន្ធ អធិស្ឋានឲ្យពួកស្តេច ហើយចុះចូលនឹងរដ្ឋអំណាច ព្រោះព្រះទ្រង់បានចាត់តាំងឲ្យពួកគេមានអំណាច។
ប្រភេទ
ល្ងាច

ព្រះទ្រង់កំពុងមានបន្ទូលមកកាន់យើង
ដោយKenneth Petersen
April 11, 2023
នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ។ ១សាំយ៉ូអែល ៣:១០ មានលេខមិនស្គាល់មួយបានទូរស័ព្ទមកខ្ញុំ។ ជាញឹកញាប់ ខ្ញុំបានទុកឲ្យលេខដែលមិនស្គាល់ផ្ញើសារជាសម្លេងវិញ តែលើកនេះ ខ្ញុំក៏បានលើកទូរស័ព្ទ។ អ្នកដែលបានទូរស័ព្ទមកនោះ ក៏បាននិយាយពាក្យគួរសម ដើម្បីសុំពេលខ្ញុំតែ១នាទី ដើម្បីចែកចាយបទគម្ពីរខ្លីមួយ។ គាត់ក៏បានដកស្រង់បទគម្ពីរវិវរណៈ ២១:៣-៥ ដែលបានចែងអំពីពេលដែលព្រះទ្រង់នឹងជូតទឹកភ្នែកចេញពីភ្នែកយើង។ គាត់ក៏បាននិយាយអំពីព្រះយេស៊ូវថា ព្រះអង្គប្រទានការធានា និងក្តីសង្ឃឹមដល់យើង។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំក៏ជាអ្នកជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះដែរ។ តែគាត់មិនមានបំណងចង់ផ្សាយដំណឹងល្អដល់ខ្ញុំទេ។ ផ្ទុយទៅវិញ គាត់គ្រាន់តែបានសុំឲ្យខ្ញុំអធិស្ឋានជាមួយគាត់តាមទូរស័ព្ទប៉ុណ្ណោះ។ ហើយគាត់ក៏បានអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានការលើកទឹកចិត្ត និងកម្លាំងដល់ខ្ញុំ។ ការទំនាក់ទំនងតាមទូរស័ព្ទនោះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីការត្រាស់ហៅ ដោយសម្លេងដ៏ចម្លែក ក្នុងព្រះគម្ពីរ។ កាលហោរាសាំយ៉ូអែលនៅក្មេង ព្រះទ្រង់បានហៅគាត់ នៅពេលពាក់កណ្តាលអាធ្រាត្រ(១សាំយ៉ូអែល ៣:៤-១០)។ គាត់បានឮសម្លេងព្រះអង្គបីដង តែគាត់គិតថា លោកអេលី ដែលជាសង្ឃចាស់ជរា កំពុងតែហៅគាត់។ លើកចុងក្រោយ លោកសាំយ៉ូអែលក៏បានធ្វើតាមការណែនាំរបស់លោកអេលី ហើយក៏បានដឹងថា ព្រះទ្រង់កំពុងហៅគាត់ ហើយគាត់ក៏បានតបថា “សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ”(ខ.១០)។ ដូចគ្នានេះដែរ ព្រះទ្រង់ក៏អាចមានបន្ទូលហៅយើង នៅពេលថ្ងៃ ឬនៅពេលយប់ផងដែរ។ យើងចាំបាច់ត្រូវបើកចំហចិត្ត ចំណាយពេល ក្នុងព្រះវត្តមានព្រះអង្គ ហើយស្តាប់ព្រះសូរសៀងព្រះអង្គ។ ក្រោយមក ខ្ញុំក៏បាននឹកឃើញការទំនាក់ទំនងតាមទូស័ព្ទមួយបែបទៀត។ ចុះបើសិនជានៅពេលខ្លះ យើងធ្វើជាអ្នកនាំព្រះបន្ទូលព្រះ ទៅកាន់នរណាម្នាក់? យើងប្រហែលមានអារម្មណ៍ថា យើងគ្មានវិធីជួយអ្នកដទៃទៀត។ តែពេលណាព្រះទ្រង់បណ្តាលចិត្តយើង យើងអាចទូរស័ព្ទទៅមិត្តភក្តិណាមួយ ហើយសូមឲ្យគាត់អធិស្ឋានជាមួយយើង នៅថ្ងៃនោះ។—KENNETH PETERSEN
តើមាននរណាម្នាក់បានផ្ញើសារលើកទឹកចិត្តអ្នក អំពីអ្វីខ្លះ កាលពីពេលថ្មីៗនេះ? តើនរណាខ្លះ អាចទទួលការលើកទឹកចិត្តពីអ្នក តាមការទំនាក់ទំនងតាមទូរស័ព្ទ?
ឱព្រះអម្ចាស់ សូមព្រះអង្គបណ្តាលចិត្តទូលបង្គំ ឲ្យគិតដល់អ្នកដទៃ ដែលទូលបង្គំអាចលើកទឹកចិត្ត ដោយព្រះបន្ទូលនៃប្រាជ្ញារបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១សាំយ៉ូអែល ១៩-២១ និង លូកា ១១:២៩-៥៤