ព្រឹក

សេចក្តីស្មោះត្រង់នៅពេលអនាគត
ដោយKaren Pimpo
April 17, 2023
អញក៏នឹងនាំអស់ទាំងការដែល អញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ។ យេរេមា ៣២:៤២ ម្តាយរបស់សារ៉ាបានលាចាកលោក កាលសារ៉ាមានអាយុតែ១៤ឆ្នាំ។ នាង និងបងប្អូនបង្កើតរបស់នាង ក៏បានបាត់បង់ផ្ទះសម្បែង ហើយក៏បានក្លាយជាក្មេងអនាថា។ ប៉ុន្មានឆ្នាំក្រោយមក សារ៉ាចង់ទុកកេរមរតក ឲ្យកូន ដែលនាងនឹងមាននៅពេលអនាគត ដែលអាចបន្តផ្ទេរឲ្យអ្នកជំនាន់ក្រោយទៀត។ នាងក៏បានខិតខំធ្វើការងារ ដើម្បីទិញឲ្យបានផ្ទះមួយខ្នង ដោយផ្តល់ឲ្យក្រុមគ្រួសារនាងនូវទីលំនៅពិតប្រាកដ ដែលនាងមិនដែលមាន។ ការខិតខំឲ្យបានផ្ទះមួយខ្នង សម្រាប់មនុស្សជំនាន់ក្រោយ គឺជាសកម្មភាពដែលធ្វើដោយជំនឿ ចំពោះពេលអនាគតដែលយើងមិនទាន់បានឃើញ។ ព្រះទ្រង់បានបង្គាប់ហោរាយេរេមា ឲ្យទិញដីមួយកន្លែង មុនពេលទីក្រុងយេរូសាឡិមត្រូវកងទ័ពចក្រភពបាប៊ីឡូនឡោមព័ទ្ធ(យេរេមា ៣២:៦-១២)។ លោកហោរាមិនសូវយល់សេចក្តីបង្គាប់របស់ព្រះអង្គឡើយ។ មិនយូរប៉ុន្មាន ទ្រព្យសម្បត្តិរបស់ពួកគេទាំងប៉ុន្មាននឹងត្រូវសត្រូវរឹបអូសយកទាំងអស់។ ប៉ុន្តែ ព្រះទ្រង់បានមានបន្ទូលសន្យាចំពោះលោកយេរេមាថា “អញបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើជនជាតិនេះយ៉ាងណា អញក៏នឹងនាំអស់ទាំងការដែល អញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ”(ខ.៤២)។ ការដែលព្រះអង្គបង្គាប់ហោរាយេរេមាឲ្យទិញដីនោះ គឺជានិមិត្តសញ្ញាបង្ហាញអំពីសេចក្តីស្មោះត្រង់របស់ព្រះអង្គ ក្នុងការស្អាងពួកអ៊ីស្រាអែលឡើងវិញ នៅលើទឹកដីរបស់ពួកគេ។ សូម្បីតែនៅក្នុងពេលដែលមានការវាយប្រហារដ៏អាក្រក់ ព្រះអង្គបានសន្យារាស្រ្តព្រះអង្គថា សេចក្តីសុខសាន្តនឹងកើតមានជាថ្មី ដោយពួកគេអាចទិញ និងលក់ផ្ទះ និងដីឡើងវិញ(ខ.៤៣-៤៤)។ ថ្ងៃនេះ យើងអាចសម្រេចចិត្តដាក់សេចក្តីជំនឿរបស់យើង ទៅលើសេចក្តីស្មោះត្រង់របស់ព្រះអង្គ។ ទោះយើងមិនបានឃើញការស្អាងឡើងវិញ ក្នុងគ្រប់ផ្នែកទាំងអស់ នៅលើផែនដីក៏ដោយ ក៏យើងនៅតែមានការធានាថា ថ្ងៃណាមួយ ព្រះអង្គនឹងស្អាងអ្វីៗគ្រប់យ៉ាងឡើងវិញ។—KAREN PIMPO
តើមានកត្តាអ្វីដែលធ្វើឲ្យអ្នកមិនបាននឹកចាំអំពីសេចក្តីស្មោះត្រង់របស់ព្រះ? តើធ្វើដូចម្តេចឲ្យអ្នកអាចទុកចិត្តព្រះបន្ទូលរបស់ព្រះអង្គ ដែលបានសន្យាថានឹងស្អាងឡើងវិញ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តលើការរៀបចំរបស់ព្រះអង្គ ដោយព្រះទ័យស្មោះត្រង់ សម្រាប់ពេលអនាគត ដែលទូលបង្គំមិនទាន់មើលឃើញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំយ៉ូអែល ៣-៥ និង លូកា ១៤:២៥-៣៥
ប្រភេទ
ល្ងាច

ព្រះទ្រង់មានអំណាចគ្រប់គ្រងមកលើទុក្ខវេទនារបស់យើង
ដោយUltimately with R.C. Sproul
April 17, 2023
ដោយសារព្រះគម្ពីរប៊ីបបានបង្រៀនថា ព្រះទ្រង់មានអំណាចគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ហេតុអ្វីគ្រីស្ទបរិស័ទនៅតែរងទុក្ខ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបញ្ជាក់ឡើងវិញថា សូម្បីតែសោកនាដកម្មដែលបានកើតឡើង ក៏ព្រះទ្រង់បានប្រើដើម្បីសម្រេចបំណងដ៏ល្អ ដែលទ្រង់មានសម្រាប់រាស្រ្តព្រះអង្គ។ អត្ថបទ អធិបតេយ្យភាពឬអំណាចគ្រប់គ្រងទាំងស្រុងរបស់ព្រះ គឺបានគ្រប់គ្រងពីលើ និងនៅពីក្រោយរឿងនីមួយៗដែលបានកើតឡើង។ យើងពិបាកយល់ទទួលយកការពិតនេះ ព្រោះមានរឿងជាច្រើនបានកើតឡើង ចំពោះយើង ដែលពិតជាសោកសៅ ក្នុងកាលៈទេសៈនៃជីវិតពិត។ ប៉ុន្តែ ពេលណាយើងដឹងថា អធិបតេយ្យភាពរបស់ព្រះបានគ្រប់គ្រងពីលើ នៅពីក្រោយសោកនាដកម្មនីមួយនៃជីវិតយើង នោះបញ្ហានេះមិនមែនជាហេតុផល សម្រាប់ឲ្យយើងដាក់បណ្តាសាមកលើភាពងងឹត ឬគិតថា បញ្ហានេះបានបិទបាំងពីលើសេចក្តីល្អរបស់ព្រះនោះឡើយ។ ប៉ុន្តែ តាមពិត យើងត្រូវមានក្តីសង្ឃឹម និងការកម្សាន្តចិត្តដ៏ធំបំផុត ព្រោះយើងដឹងថា ពេលណាព្រះទ្រង់ធ្វើការគ្រប់គ្រងមកលើចក្រវាល នោះនៅចំពោះព្រះនេត្រព្រះអង្គ គឺគ្មានសោកនាដកម្មអ្វីឡើយ។ គឺដោយសារព្រះទ្រង់មានអធិបតេយ្យភាពគ្រប់គ្រងមកលើកាលៈទេសៈទាំងអស់របស់មនុស្ស បានជាព្រះគម្ពីរអាចចែងថា “គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”(រ៉ូម ៨:២៨)។ ពេលណាព្រះអង្គបានត្រាស់ហៅយើង តាមព្រះតម្រិះរបស់ព្រះអង្គ ហើយឲ្យយើងធ្វើជាកូនព្រះអង្គ នោះទោះសោកនាដកម្មដែលយើងបានជួបមានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ នៅលើផែនដី ក៏វាសុទ្ធតែដើម្បីជាប្រយោជន៍យើង ដើម្បីជាក្តីអំណរដល់យើង និងដើម្បីថ្វាយសិរីល្អដល់ព្រះ។