ព្រឹក

ថ្វាយដាច់ដល់ព្រះអង្គ
ដោយMike Wittmer
April 25, 2023
កុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។ រ៉ូម ១៣:១៤ សៀវភៅជីវប្រវត្តិ ដែលលោកគ្រូអូគូស្ទីន(Augustine) បាននិពន្ធមានចំណងជើងថា ការលន់តួបាប បានពិពណ៌នា អំពីការធ្វើដំណើរដ៏វែងឆ្ងាយរបស់គាត់ តាមផ្លូវក្រង៉ិកក្រង៉ក់ ឆ្ពោះទៅរកព្រះយេស៊ូវ។ នៅពេលមួយនោះ គាត់ជិះរទេះសេះ ទៅកាន់រាជវាំង ដើម្បីថ្លៃងសន្ទរកថាបែបបញ្ជោរថ្វាយព្រះចៅអធិរាជ។ នៅតាមផ្លូវ គាត់មានការព្រួយបារម្ភអំពីពាក្យបញ្ជោរ ដែលគាត់ត្រូវទូលថ្វាយទ្រង់។ ពេលនោះ គាត់ក៏បានសង្កេតឃើញអ្នកសុំទានម្នាក់ ដែលកំពុងស្រវឹងស្រា។ អ្នកសុំទាននោះកំពុងតែ “និយាយកំប្លែង ហើយក៏បានសើចតែម្នាក់ឯង”។ គាត់ក៏បានដឹងថា អ្នកសុំទានប្រមឹកនោះកំពុងតែមានភាពសប្បាយរីករាយដែលមានរយៈពេលខ្លី ពីមុខរបររបស់ខ្លួន ដោយចំណាយកម្លាំងតិចជាងគាត់។ ដូចនេះ លោកគ្រូអូគូស្ទីន ក៏បានឈប់ព្យាយាមស្វែងរកភាពជោគជ័យបែបលោកិយទៀត។ ប៉ុន្តែគាត់នៅតែជាប់ក្នុងភាពជាទាសកររបស់ភាពស្រើបស្រាល។ គាត់ដឹងថា គាត់មិនអាចងាកទៅរកព្រះយេស៊ូវ ដោយមិនបានងាកបែរចេញពីអំពើបាបបានឡើយ តែគាត់នៅតែប្រឈមមុខដាក់អំពើអសីលធម៌ផ្លូវភេទ។ ដូចនេះ គាត់ក៏បានអធិស្ឋានសូមព្រះអង្គប្រទានគាត់ នូវភាពបរិសុទ្ធខាងផ្លូវភេទ តែទន្ទឹមនឹងនោះ គាត់នៅតែមានការស្ទាក់ស្ទើរ។ លោកគ្រូអូគូស្ទីនបានជំពប់ដួល ដោយពិបាកដើរតាមផ្លូវនៃសេចក្តីសង្គ្រោះ ខណៈពេលដែលគាត់បន្តរស់នៅក្នុងអំពើបាប រហូតដល់ពេលមួយ គាត់ក៏បានធ្វើការប្ដេជ្ញាចិត្តថ្វាយព្រះអង្គ។ បន្ទាប់ពីបានទទួលការលើកទឹកចិត្តពីអ្នកដទៃ ដែលបានងាកបែរមករកព្រះយេស៊ូវ គាត់ក៏បានបើកព្រះគម្ពីរ អានបទគម្ពីរ រ៉ូម ១៣:១៣-១៤ ដែលបានចែងថា “ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ”។ ព្រះទ្រង់ក៏បានប្រើព្រះបន្ទូលដ៏មានអំណាច ដើម្បីកាត់ផ្តាច់ចំណងនៃភាពស្រើបស្រាលរបស់លោកគ្រូអូគូស្ទីន ហើយក៏បាននាំគាត់ចូលទៅក្នុងនគរនៃព្រះរាជបុត្រា ដែលក្នុងព្រះអង្គ យើងមានការប្រោសលោះ និងការអត់ទោសបាប(កូល៉ុស ១:១៣-១៤)។ លោកគ្រូអូគូស្ទីនក៏បានក្លាយជាអ្នកបម្រើព្រះ ដែលនៅតែជួបការល្បួងឲ្យស្រឡាញ់កេរ្តិ៍ឈ្មោះ និងភាពស្រើបស្រាល តែគាត់ដឹងថា គាត់ត្រូវចូលទៅរកនរណា ពេលគាត់ធ្លាក់ក្នុងអំពើបាប។ គឺគាត់បានចូលទៅរកព្រះយេស៊ូវ។ ចុះចំណែកអ្នកវិញ?—MIKE WITTMER
តើមានអ្វីរារាំងអ្នកមិនឲ្យថ្វាយជីវិតអ្នកដាច់ដល់ព្រះយេស៊ូវ? តើជីវិតអ្នកមានការផ្លាស់ប្រែយ៉ាងណា ពេលអ្នកថ្វាយជីវិតអ្នកដល់ព្រះអង្គ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យជម្នះការល្បួង ដែលរារាំងទូលបង្គំមិនឲ្យចូលទៅរកព្រះអង្គ។
For further study, read Remade in the Image of Jesus at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំយ៉ូអែល ២១-២២ និង លូកា ១៨:២៤-៤៣
ប្រភេទ
ល្ងាច

ការប្រសូតពីស្រីព្រហ្មចារី
ដោយUltimately with R.C. Sproul
April 25, 2023
ការអស្ចារ្យមួយ ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី បានទទួលរងការរិះគន់ដ៏សាហាវបំផុត គឺការប្រសូតរបស់ព្រះគ្រីស្ទ ពីស្រីព្រហ្មចារី។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយថា ការចាប់កំណើតរបស់ព្រះយេស៊ូវជាមនុស្ស គឺមានចែងក្នុងព្រះគម្ពីរប៊ីប តែមិនមែនក្នុងលក្ខណៈជាភាពមិនប្រក្រតីផ្នែកជីវវិទ្យានោះទេ តែជាការបើកសម្ដែងដ៏អស្ចារ្យនូវអំណាចចេស្តាព្រះ។ អត្ថបទ មានការអស្ចារ្យជាច្រើន ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលមានដូចជា ការដែលព្រះយេស៊ូវដើរលើទឹក ការធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ ការប្រទានអាហារដល់មនុស្សរាប់ពាន់នាក់ ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ល។ តែក្នុងចំណោមការអស្ចារ្យទាំងអស់នោះ មានការអស្ចារ្យមួយ ដែលគេហាក់ដូចជាបានលើកឡើង ដោយភាពចម្រូងចម្រាស់ គឺការអស្ចារ្យនៃការប្រសូតរបស់ព្រះអង្គពីស្រីព្រហ្មចារី។ មានការជជែកវែកញែកដ៏ក្តៅគគុក ក្នុងសម័យបច្ចុប្បន្ន អំពីភាពអាចទុកចិត្តបាននៃការកត់ត្រាក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីដើមដំបូងនៃព្រះជន្មរបស់ព្រះយេស៊ូវ ព្រោះព្រះគម្ពីរសញ្ញាថ្មីបានសន្និដ្ឋាន ក្នុងការបង្រៀនរបស់ខ្លួនថា ព្រះយេស៊ូវបានប្រសូតពីស្រីព្រហ្មចារី។ អ្នកខ្លះបានព្យាយាមប្រកែកថា បទគម្ពីរនោះមិនបានបង្រៀនដូចនេះទេ តែបានថា ការគាំទ្របទគម្ពីរនេះ ជាទង្វើដ៏អស់សង្ឃឹម។ ប៉ុន្តែ អ្នកខ្លះទៀតគ្រាន់តែនិយាយថា “រឿងនេះជារឿងទេវកថា ដែលបានកត់ត្រាក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលគ្មានមនុស្សដែលមានចំណេះដឹងវិទ្យាសាស្រ្ត មានការអប់រំ ឬមានប្រាជ្ញាខ្ពង់ខ្ពស់ណាអាចជឿបាន ក្នុងសតវត្សរ៍ទី២១នេះ”។ ព្រោះបើតាមការស្រាវជ្រាវ អំពីដំណើរការក្នុងជីវវិទ្យា ក្នុងប្រព័ន្ធបន្តពូជរបស់មនុស្ស គេបានសន្និដ្ឋានថា គ្មានស្រីព្រហ្មចារីណា ដែលអាចមានកូន ដោយឯកឯងបានទេ។ ទាល់តែមានមនុស្សពីរនាក់ មានស្រីមានប្រុស ទើបអាចបង្កកំណើតបាន ដោយមេជីវិតរបស់មនុស្សស្រីរួមផ្សំនឹងមេជីវិតមនុស្សប្រុស។ នេះជាច្បាប់ធម្មជាតិ ដែលមិនអាចបំពានបានឡើយ។ ដូចនេះ អ្នកដែលប្រកែកថា មនុស្សស្រីអាចមានកូនដោយឯកឯងបាន ប្រាកដជាមានភាពរវើរវាយ ជាអ្នកជឿរឿងព្រេង ឬរឿងទេវកថាមិនខាន។ តែជាដំបូងខ្ញុំសូមបកស្រាយថា ព្រះគម្ពីរសញ្ញាថ្មីមិនបានលើកឡើងថា ព្រះយេស៊ូវបានប្រសូត ពីស្រីព្រហ្មចារី ដែលដើរតាមផ្លូវសុខៗ ស្រាប់តែមានផ្ទៃពោះ ដោយសារកម្លាំង និងអំណាចរបស់នាង ហើយបុត្រនាងក៏បានក្លាយជាព្រះមែស៊ីនោះទេ។ ព្រះយេស៊ូវមិនបានប្រសូត ដូចព្រះនាងអាធីណាប្រសូតចេញពីព្រះកេសរបស់ព្រះហ្ស៊ូស ដែលជាតួអង្គក្នុងរឿងទេវកថាក្រិកនោះទេ។ ការប្រសូតរបស់ព្រះអង្គក៏មិនមែនជាភាពអស្ចារ្យផ្នែកជីវវិទ្យា ដែលបានធ្វើឲ្យអ្វីមួយកើតចេញពីភាពទទេ ឬជាដំណើរការនៃការចាប់កំណើត និងការកកើតជីវិត ដែលបានកើតឡើងដោយខ្លួនឯង ដោយគ្មានមូលហេតុ ឬអំណាចអ្វីមួយជំរុញនោះឡើយ។ តែផ្ទុយទៅវិញ ព្រះគម្ពីរសញ្ញាថ្មីកំពុងតែប្រាប់យើងថា “ជាការពិតណាស់ ស្រ្តីព្រហ្មចារីនោះ មានប្រព័ន្ធបង្កកំណើតធម្មតាមួយ។ ហើយមានអំណាមួយបានបញ្ចេញមក តាមរយៈដំណើរការនៃការបង្កកំណើតនោះ”។ ព្រះគម្ពីរសញ្ញាថ្មីក៏កំពុងតែប្រាប់យើងថា អំណាចនោះ ដែលយើងមាន ក្នុងប្រភេទធម្មតានៃធម្មជាតិ ត្រូវបានដាក់ឲ្យមានដំណើរការ និងបញ្ចូលក្នុងផែនដីនេះ ដោយព្រះ ដែលអំណាចទ្រង់ស្ថិតនៅពីក្រោយជីវិតទាំងអស់ ដែលព្រះអង្គបានបង្កើត។ បើគ្មានអំណាចរបស់ព្រះ នោះក៏គ្មានមេជីវិតញី គ្មានមេជីវិតឈ្មោល ហើយក៏គ្មានជីវិតអ្វីទាំងអស់។ ពួកធម្មជាតិនិយមសព្វថ្ងៃ ជឿថា ពិភពលោកបានកើតចេញពីជារូបរាង្គមក ដោយខ្លួនឯង ដែលស្តាប់មើលទៅ ហាក់ដូចជារឿងអស្ចារ្យណាស់។ តែពួកគេបានបដិសេធន៍ការប្រសូតពីស្រីព្រហ្មចារី ដែលព្រះទ្រង់បានបណ្តាលឲ្យកើតឡើង ដោយអំណាចចេស្តាទ្រង់ផ្ទាល់ ជារឿងតូចមួយ ដែលព្រះនៃស្ថានសួគ៌និងផែនដីធ្វើឲ្យកើតឡើង និងសម្រេចបាន។ វាជារឿងដែលគួរឲ្យអស់សំណើច ដែលមនុស្សនៅតែគិតដូចនេះ តែយើងនៅតែត្រូវប្រឈមមុខដាក់។