ព្រឹក

មិនមែនជាក្តីស្រមៃទេ
ដោយMonica Larose
May 22, 2023
«ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»។ អេភេសូរ ៥:១៤ មានជំងឺផ្លូវចិត្តមួយដែលធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថា ពួកគេកំពុងរស់នៅក្នុងការយល់សប្តិមួយ ដែលមិនអាចភ្ញាក់ដឹងខ្លួនបាន។ អ្នកដែលមានបញ្ហានេះ ច្រើនតែមានអារម្មណ៍ថា អ្វីៗនៅជុំវិញខ្លួនពួកគេ គ្រាន់តែជាការស្រមើស្រមៃ។ អ្នកដែលមានអារម្មណ៍ដ៏រ៉ាំរ៉ៃដូចនេះ អាចត្រូវគ្រូពេទ្យពិនិត្យឃើញថា ពួកគេមានជំងឺផ្លូវចិត្ត តែគេជឿថា វាជាបញ្ហាសុខភាពផ្លូវចិត្តដែលកើតមានជាធម្មតា ជាពិសេសក្នុងអំឡុងពេលដែលមានស្រ្តេសច្រើន។ ប៉ុន្តែ ជួនកាល អារម្មណ៍ដូចនេះនៅតែបន្តមាន សូម្បីតែនៅពេលដែលជីវិតហាក់ដូចជាដំណើរការល្អ។ គឺធ្វើមើលតែគំនិតយើងមិនអាចទុកចិត្តថា ការល្អពិតជាកំពុងតែកើតឡើងអញ្ចឹង។ ព្រះគម្ពីរបានចែង អំពីបញ្ហាស្រដៀងនេះ ដែលរាស្រ្តរបស់ព្រះជួប នៅពេលដែលពួកគេមិនដឹងថា ព្រះចេស្តា និងការរំដោះរបស់ព្រះអង្គវាជារឿងពិត ឬជាការស្រមៃ។ ក្នុងបទគម្ពីរកិច្ចការ ជំពូក១២ ពេលដែលទេវតាបានរំដោះលោកពេត្រុស ចេញពីគុក និងការប្រហារជីវិតដែលអាចកើតមាន(ខ.២,៤) ព្រះគម្ពីរបានពិពណ៌នាថា សាវ័កពេត្រុស “ឥតមានដឹងជាការដែលកើតមក ដោយសារទេវតានោះ ពិតឬមិនពិតទេ គឺគាត់ស្មានថាបានឃើញការជាក់ស្តែងវិញ(ខ.៩-១០)។ ពេលទេវតានាំគាត់ចេញក្រៅគុកហើយ ទីបំផុត សាវ័កពេត្រុសក៏បានដឹងខ្លួនឡើង ហើយដឹងថា ទេវតាពិតជាបានរំដោះគាត់មែន(ខ.១១)។ ក្នុងពេលដ៏លំបាក ក៏ដូចជាពេលដ៏រីករាយ ជួនកាល យើងអាចពិបាកជឿមួយរយភាគរយថា ព្រះទ្រង់កំពុងធ្វើការក្នុងជីវិតយើង។ តែយើងអាចទុកចិត្តថា ពេលណាយើងរង់ចំាព្រះអង្គ យើងនឹងលែងមានភាពស្រពិចស្រពិល និងការសង្ស័យ អំពីព្រះចេស្ដារបស់ព្រះទៀត។ ពន្លឺរបស់ព្រះអង្គនឹងបញ្ចាំងមកលើយើង ធ្វើឲ្យយើងភ្ញាក់ដឹងខ្លួន ចូលទៅក្នុងការពិត នៃជីវិតរស់នៅជាមួយព្រះអង្គ(អេភេសូរ ៥:១៤)។—MONICA LA ROSE
ហេតុអ្វីពេលខ្លះ យើងពិបាកយល់ អំពីព្រះចេស្ដា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ? តើធ្វើដូចម្តេច ឲ្យអ្នកអាចដកពិសោធន៍ជាមួយសេចក្តីស្រឡាញ់របស់ព្រះអង្គ ឲ្យកាន់តែច្បាស់?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលក្នុងពេលដ៏ពិបាក និងពេលរីករាយ ទោះទូលបង្គំយល់ឬអត់ ព្រះអង្គនៅតែបន្តធ្វើការរបស់ព្រះអង្គ ដោយបង្កើតឲ្យមានជីវិតថ្មី និងក្តីសង្ឃឹម។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ១៩-២១ និង យ៉ូហាន ៨:១-២៧
ប្រភេទ
ល្ងាច

ការរស់នៅដោយជំនឿ
ដោយUltimately with R.C. Sproul
May 22, 2023
ដោយសារយើងត្រូវបានផ្សះផ្សាឲ្យជានឹងព្រះ តាមរយៈព្រះរាជបុត្រាទ្រង់ នោះយើងអាចទុកចិត្តព្រះអង្គ នៅក្នុងការធ្វើដំណើរខាងវិញ្ញាណទាំងមូល ក្នុងនាមជាគ្រីស្ទបរិស័ទ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល សូមធ្វើការបកស្រាយថា ការញែកជាបរិសុទ្ធ ក៏ផ្អែកទៅលើសេចក្តីជំនឿ ដូចការរាប់ជាសុចរិតផងដែរ។ អត្ថបទ សន្តិភាព ឬសេចក្តីសុខសាន្ត ដែលយើងមានជាមួយព្រះ តាមរយៈការផ្សះផ្សារបស់ព្រះអង្គ មិនមែនជាកិច្ចព្រមព្រាងសន្តិភាពដ៏ផុយស្រួយ ដែលក្នុងនោះ ពេលណាខ្ញុំបានរអិលដួលធ្វើអំពើបាប ព្រះអង្គនឹងចាប់ផ្តើមដកដាវចាក់ខ្ញុំនោះទេ។ ព្រះអង្គបានរាប់យើងជាសុចរិត យើងបានជានឹងព្រះអង្គហើយ។ សង្រ្គាមបានបញ្ចប់។ យើងបានទទួលការអត់ទោសបាប។ យើងបានទទួលការសម្អាត យើងត្រូវបានរាប់ជាសុចរិតហើយ។ សាវ័កប៉ុលបានដកស្រង់បទគម្ពីរហាបាគុក៣ដង ត្រង់ខដែលចែងថា “ពួកសុចរិតរស់ដោយសារជំនឿ”។ ពួកសុចរិតមិនគ្រាន់តែទទួលបានការរាប់ជាសុចរិតដោយសារជំនឿ តែនឹងរស់ដោយសារជំនឿផងដែរ។ ការញែកជាបរិសុទ្ធក៏ផ្អែកទៅលើសេចក្តីជំនឿ ដូចការរាប់ជាសុចរិតផងដែរ។ បានសេចក្តីថា យើងមានការធានាថា បានរាប់ជាសុចរិត និងញែកជាបរិសុទ្ធ ដោយសារសេចក្តីជំនឿរបស់យើង។ មិនមែនដោយសារការសរសើរខ្លួនឯង យ៉ាងក្រអឺតក្រទម តែខ្ញុំទុកចិត្តថា ព្រះគ្រីស្ទថែរក្សាខ្ញុំ ការពារខ្ញុំ ជួយខ្ញុំ ឱបខ្ញុំ និងសង្គ្រោះខ្ញុំ។