ព្រឹក

ព្រះដែលស្អាងឡើងវិញ
ដោយKimya Loder
May 30, 2023
អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង។ អេសេគាល ៣៧:៥ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ទឹកជំនន់ដ៏ហិនហោច បានបង្កការជន់លិចទីក្រុងផ្លូរិន ប្រទេសអ៊ីតាលី បណ្តាលឲ្យមានការខូចខាតផ្ទាំងគំនូរពិធីលៀងព្រះអម្ចាស់ចុងក្រោយ ជាស្នាដៃដ៏ល្បីល្បាញរបស់លោកហ្ស៊រហ្សូ វ៉ាសារី(Giorgio Vasari)។ ផ្ទាំងគំនូរលើជញ្ជាំងនេះបានលិចនៅក្រោមភក់ និងទឹក ហើយនិងប្រេងក្តៅ អស់រយៈពេលជាង១២ម៉ោង។ ពណ៌ថ្នាំរបស់វាបានប្រែជាទន់ ហើយស៊ុមឈើក៏បានខូចខាតយ៉ាងដំណំ ធ្វើឲ្យមនុស្សជាច្រើនជឿថា ផ្ទាំងគំនូរនេះមិនអាចជួសជុលបានទេ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការប្រឹងប្រែងអភិរក្សយ៉ាងផ្ចិតផ្ចង់ អស់រយៈពេល៥០ឆ្នាំ អ្នកជំនាញ និងអ្នកស្ម័គ្រចិត្ត អាចជម្នះឧបសគ្គដ៏ធំសម្បើម ហើយក៏បានជួសជុលផ្ទាំងគំនូរដ៏មានតម្លៃ យ៉ាងជោគជ័យ។ កាលចក្រភពបាប៊ីឡូនចូលកាន់កាប់ទឹកដីអ៊ីស្រាអែល ប្រជាជនធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ដោយហ៊ុមព័ទ្ធ ទៅដោយសេចក្តីស្លាប់ និងភាពហិនហោច ដែលតម្រូវឲ្យមានការស្តាឡើងវិញ(មើលបរិទេវ ១)។ ក្នុងអំឡុង ពេលដ៏វឹកវរនោះ ព្រះទ្រង់ក៏បាននាំហោរាអេសេគាល ទៅជ្រលងភ្នំមួយ ហើយក៏បានប្រទានការបើកសម្ដែងនៅកន្លែង ដែលមានឆ្អឹងខ្មោចព័ទ្ធជុំវិញគាត់។ ព្រះអង្គក៏បានសួរគាត់ថា “តើឆ្អឹងទាំងនេះនឹងរស់ឡើងវិញបានឬ?” ហោរាអេសេគាលក៏បានទូលឆ្លើយថា “ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជ្រាបហើយ”(អេសេគាល ៣៧:៣)។ ព្រះអម្ចាស់ក៏បានប្រាប់គាត់ ឲ្យថ្លែងទំនាយអំពីឆ្អឹងទាំងនោះ ដើម្បីឲ្យពួកគេអាចមានជីវិតរស់ឡើងវិញ។ លោកហោរាក៏បានពិពណ៌នាថា “កំពុងដែលខ្ញុំទាយ នោះមានឮសូរក្រិកៗ ហើយមើល ឆ្អឹងទាំងនោះបានកំរើក ក៏ផ្គុំជាប់គ្នា ឆ្អឹង១ភ្ជាប់ត្រង់កន្លែងរបស់ខ្លួន”(ខ.៧)។ តាមរយៈការបើកសម្តែងនេះ ព្រះទ្រង់បានបង្ហាញឲ្យលោកអេសេគាលដឹងថា ការស្អាងប្រជាជាតិអ៊ីស្រាអែលឡើងវិញ អាចកើតមានឡើងតាមរយៈព្រះអង្គតែប៉ុណ្ណោះ។ ពេលណាយើងមានអារម្មណ៍ថា អ្វីៗក្នុងជីវិតយើងបានប្រេះបែក លើសពីលទ្ធភាពដែលអាចជួសជុលបាន ព្រះទ្រង់បានធានាយើងថា ព្រះអង្គអាចផ្គុំបំណែកទាំងអស់របស់យើងចូលគ្នាវិញ។ ព្រះអង្គនឹងប្រទានយើងនូវខ្យល់ដង្ហើមថ្មី និងភាពស្រស់ថ្លាឡើង។—KIMYA LODER
តើមានអ្វីប្រេះបែក ក្នុងជីវិតអ្នក? តើអ្នកអាចពឹងផ្អែកលើព្រះអម្ចាស់ដូចម្តេចខ្លះ ដើម្បីនាំមកនូវការស្អាងឡើងវិញ?
ឱព្រះអម្ចាស់ បំណែកនៃជីវិតទូលបង្គំហាក់ដូចជា មិនអាចស្អាងឡើងវិញបានទេ។ ទូលបង្គំបានព្យាយាមជួសជុលវាដោយខ្លួនឯង តែព្រះអង្គបានប្រទានក្តីសង្ឃឹម ដោយសន្យាថា មានតែព្រះអង្គទេ ដែលអាចជួសជុលឲ្យបាន។
For further study, read Wounded in Worship at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២របាក្សត្រ ១០-១២ និង យ៉ូហាន ១១:៣០-៥៧
ប្រភេទ
ល្ងាច

ថ្វាយការសរសើរដំកើង ដោយការដឹងគុណ
ដោយUltimately with R.C. Sproul
May 30, 2023
ព្រះយេស៊ូវបានលាងសម្អាតយើង ឲ្យជ្រះបាប។ ហេតុអ្វីយើងនៅតែមិនមានការដឹងគុណព្រះអង្គ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយអំពីការដឹងគុណព្រះអង្គសង្គ្រោះយើង ដែលនាំឲ្យមានការថ្វាយបង្គំដោយកោតខ្លាច និងការបម្រើដោយអំណរ ក្នុងជីវិតយើង។ អត្ថបទ បទគម្ពីរលូកា ១៧:១២ បានចែងថា “លុះយាងចូលទៅក្នុងភូមិ១ ក៏មានមនុស្សឃ្លង់១០នាក់មកជួបនឹងទ្រង់ ឈរនៅពីចំងាយ ស្រែកទូលថា”។ ត្រង់ចំណុចនេះ យើងដឹងថា ក្នុងទឹកដីអ៊ីស្រាអែលនៅសម័យបុរាណ ពេលណាគេពិនិត្យឃើញថា អ្នកមានជំងឺឃ្លង់ នោះអ្នកនឹងរស់នៅដាច់ដោយឡែកពីគេ តាមរបៀបដ៏អាក្រក់បំផុត។ ការរស់នៅដាច់ដោយឡែកនោះ មិនមានរយៈពេលតែ១សប្តាហ៍ ឬ២សប្តាហ៍នោះទេ តែពេញមួយជីវិតរបស់អ្នក លើកលែងតែក្នុងករណី អ្នកបានជាពីជំងឺឃ្លង់ តាមរបៀបដ៏អស្ចារ្យណាមួយ។ អ្នកត្រូវគេដាក់ទោសឲ្យរស់នៅតែឯង កាត់ផ្តាច់ទំនាក់ទំនងពីសហគមន៍ ក្រុមគ្រួសារ និងស្ថាប័នសាសនានៅសម័យនោះ។ អ្នកត្រូវរស់នៅក្នុងវណ្ណៈទាបបំផុត ហើយក្រៅពីអ្នកកើតឃ្លង់ដូចគ្នា នោះអ្នកមិនអាចទំនាក់ទំនងជាមួយអ្នកដទៃបានឡើយ។ ហេតុនេះហើយ អ្នកជំងឺឃ្លង់មានការប្រមូលផ្តុំគ្នា ក្នុងមួយក្រុម១០នាក់ជាដើម ព្រោះពួកគេអាចនៅក្បែរអ្នកជំងឺឃ្លង់ ដែលកំពុងតែវេទនាដូចគ្នាប៉ុណ្ណោះ។ កាលព្រះយេស៊ូវយាងចូលទៅក្នុងភូមិ១ ក៏មានមនុស្សឃ្លង់១០នាក់មកជួបនឹងទ្រង់ ឈរស្រែកហៅព្រះអង្គ ពីចំងាយថា “ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង”។ ព្រះអង្គក៏បានបង្គាប់ពួកគេថា “ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា”។ តាមក្រឹត្យវិន័យដែលមានចែងក្នុងកណ្ឌគម្ពីរលេវីវិន័យ បើពួកសង្ឃពិនិត្យឃើញថា ពួកគេបានជាស្អាតហើយ នោះពួកសង្ឃនឹងធ្វើការប្រកាស ដើម្បីឲ្យពួកគេឈប់រស់នៅដាច់ដោយឡែកទៀត។ ហេតុអ្វីព្រះអង្គប្រាប់ពួកគេឲ្យទៅជួបពួកសង្ឃ តែមិនបានមានបន្ទូលថា “ចូរឲ្យបានជាស្អាតចុះ ខ្ញុំបានប្រោសអ្នកឲ្យជាហើយ”? ព្រោះការប្រាប់ឲ្យជួបពួកសង្ឃ គឺមិនខុសពីការប្រាប់ពួកគេថា ព្រះអង្គបានប្រោសពួកគេឲ្យជាហើយ។ ជាក់ស្តែងពួកគេបានជឿព្រះបន្ទូលព្រះអង្គ ដោយដើរទៅរកពួកសង្ឃ ហើយភ្លាមៗនោះ ម្រាមដៃ ម្រាមជើង និងដំបៅនៅលើខ្លួនពួកគេក៏បានជាស្អាត។ ក្នុងចំណោម១០នាក់នោះ ៩នាក់មានការសប្បាយចិត្តខ្លាំងណាស់ ក៏ប្រញាប់ទៅរកពួកសង្ឃ ហើយប្រហែលប្រញាប់ត្រឡប់ទៅជួបជុំគ្រួសារផងដែរ។ មានតែម្នាក់ទេដែលបានត្រឡប់មកក្រាបនៅចំពោះព្រះអង្គ ទាំងអរព្រះគុណ។ យើងអាចដឹងច្បាស់ថា អ្នកទាំង១០សុទ្ធតែដឹងគុណ តែ៩នាក់មិនបានដឹងគុណខ្លាំងដូចម្នាក់នោះទេ។ ការមានអារម្មណ៍ដឹងគុណ និងការបង្ហាញចេញនូវការដឹងគុណមិនដូចគ្នាទេ។ បើខ្ញុំសួរថា “តើមានបាបអ្វីខ្លះ ដែលជាបាបអាក្រក់បំផុតក្នុងជីវិតអ្នក?” អ្នកប្រហែលមិនងាយឆ្លើយថា ការមិនដឹងគុណព្រះគឺជាបាបអាក្រក់បំផុតនោះឡើយ។ បើនេះជាការពិតមែន នោះយើងកំពុងតែគិតថា ព្រះទ្រង់ជំពាក់យើងគ្រប់យ៉ាង បានជាយើងគួរតែទទួលអ្វីដែលល្អពីព្រះអង្គជាបន្ថែមទៀត។ បើមនុស្សម្នាក់ពិតជាដឹងគុណព្រះមែន នោះគាត់ក៏បង្ហាញចេញនូវការដឹងគុណផងដែរ តាមរយៈការថ្វាយបង្គំ និងការបម្រើព្រះ។ ហេតុនេះហើយយើងចូលមកសរសើរដំកើង និងអរព្រះគុណព្រះអង្គ គឺដូចជាអ្នកកើតឃ្លង់ម្នាក់ ក្នុងចំណោម១០នាក់ ដែលបានវិលត្រឡប់មកអរព្រះគុណព្រះអង្គ។ ដោយសារសេចក្តីជំនឿរបស់គាត់ នោះព្រះអង្គក៏បានមានបន្ទូលថា សេចក្តីជំនឿរបស់គាត់បានសង្គ្រោះគាត់ហើយ។ តើអ្នកបង្ហាញការអរព្រះគុណដល់ព្រះគ្រីស្ទ ដូចម្តេចខ្លះ? តើអ្នកថ្វាយសិរីល្អ និងព្រះកិត្តិនាមដល់ព្រះដ៏ប្រោសលោះរបស់អ្នកដូចម្តេចខ្លះ? ដូចនេះ ការបង្ហាញចេញនូវការដឹងគុណដល់ព្រះគ្រីស្ទ ពិតជាមានសារៈសំខាន់ណាស់។