ព្រឹក

ស្ថិតក្រោមការថែរក្សារបស់ព្រះអង្គជានិច្ច
ដោយXochitl Dixon
June 2, 2023
តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់? ទំនុកដំកើង ១៣៩:៧ បន្ទាប់ពីមន្រ្តីពន្ធនាគារបានឆែកឆេរខ្លួនខ្ញុំហើយ ខ្ញុំក៏បានបោះជំហានចូលទៅក្នុងមន្ទីរឃុំឃាំង ហើយចុះហត្ថលេខានៅលើបញ្ជីឈ្មោះអ្នកចូលសួរសុខទុក្ខអ្នកទោស រួចអង្គុយនៅកន្លែងរង់ចាំដែលមានមនុស្សកកកុញ។ ខ្ញុំក៏បានអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ដោយមើលទៅមនុស្សធំនៅមិនសុខ ហើយដកដង្ហើមវែង ខណៈពេលដែលក្មេងៗរអ៊ូរទាំអំពីការរង់ចាំវេនចូលជួបអ្នកទោស។ ប្រហែល១ម៉ោងក្រោយមក អ្នកយាមប្រដាប់ដោយអាវុធក៏បានហៅឈ្មោះក្នុងបញ្ជីរ ដែលមានឈ្មោះខ្ញុំផងដែរ។ គាត់ក៏បាននាំក្រុមរបស់យើង ចូលទៅក្នុងបន្ទប់មួយ ហើយក៏បានប្រាប់យើងឲ្យទៅអង្គុយនៅលើកៅអី ដែលគេបានកំណត់។ ពេលដែលកូនចុងរបស់ខ្ញុំបានអង្គុយចុះ នៅលើកៅអី នៅផ្នែកម្ខាងទៀតនៃបន្ទប់ ដែលខណ្ឌជាពីរ ដោយកញ្ចក់បង្អួចក្រាស់ៗ ហើយក៏បានលើកទូរស័ព្ទ ដើម្បីនិយាយជាមួយខ្ញុំ ជម្រៅនៃភាពអស់សង្ឃឹមក៏បានគ្របសង្កត់ចិត្តខ្ញុំ។ តែក្នុងពេលខ្ញុំកំពុងយំនោះ ព្រោះទ្រង់បានធានាដល់ខ្ញុំថា កូនចុងរបស់ខ្ញុំនៅតែស្ថិតក្រោមការថែរក្សារបស់ព្រះអង្គទេ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣៩ ស្តេចដាវីឌបានទូលព្រះអម្ចាស់ថា “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ...ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ”(ខ.១-៣)។ ការប្រកាសរបស់ទ្រង់ អំពីព្រះដែលជ្រាបអំពីអ្វីៗទាំងអស់ បាននាំឲ្យទ្រង់ពោលសរសើរព្រះអម្ចាស់អំពីការថែរក្សា និងការពារដ៏ស្និទ្ធស្នាលរបស់ព្រះអង្គ(ខ.៥)។ ស្តេចដាវីឌមានការស្ញប់ស្ញែងចំពោះភាពអស្ចារ្យនៃប្រាជ្ញារបស់ព្រះអម្ចាស់ និងចំពោះជម្រៅនៃការប៉ះពាល់ចិត្តទ្រង់ បានជាទ្រង់សួរសំណួរពីរ ក្នុងន័យសរសើរដំកើងថា “តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់?”(ខ.៧)។ ពេលណាយើង ឬមនុស្សជាទីស្រឡាញ់របស់យើង ស្ថិតក្នុងស្ថានភាពទាល់ច្រក ដែលបណ្តាលឲ្យយើងអស់សង្ឃឹម ហើយមិនអាចជួយខ្លួនឯងបាន ព្រះហស្តព្រះអង្គនៅតែរឹងមាំ ហើយរង់ចាំជួយយើងជានិច្ច។ ទោះយើងមានអារម្មណ៍ថា យើងបានដាច់ចេញឆ្ងាយពីសេចក្តីប្រោសលោះនៃសេចក្តីស្រឡាញ់របស់ព្រះអង្គក៏ដោយ ក៏យើងនៅតែអាចឈោងទៅរកព្រះអង្គបានគ្រប់ពេល។—XOCHITL DIXON
តើការស្គាល់ទំហំនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ បានជួយឲ្យជំនឿរបស់អ្នកមានការចម្រើនឡើងដូចម្តេចខ្លះ? តើព្រះអង្គបានកម្សាន្តចិត្តអ្នកដូចម្តេចខ្លះ ក្នុងអំឡុងពេលដែលអ្នកមានអារម្មណ៍អស់សង្ឃឹម?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យចាំថា ព្រះអង្គតែងតែស្ម័គ្រចិត្ត និងអាចឈោងមករកទូលបង្គំ និងមនុស្សជាទីស្រឡាញ់របស់ទូលបង្គំជានិច្ច។
To learn more about trusting God in times of suffering, visit ODBU.org/courses/CA211.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២កូរិនថូស ១៩-២០ យ៉ូហាន ១៣:២១-៣៨
ប្រភេទ
ល្ងាច

ជំនឿតូចបំផុត
ដោយJohn Piper
June 2, 2023
ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្តីមេត្តាករុណាវិញ។ រ៉ូម ៩:១៦ ក្នុងនាមយើងជាអ្នកជឿព្រះអង្គ យើងត្រូវដឹងច្បាស់ថា នៅដើមឆ្នាំថ្មីនេះ អ្វីគ្រប់យ៉ាងដែលយើងនឹងទទួលពីព្រះអង្គ គឺដោយសារសេចក្តីមេត្តាករុណារបស់ព្រះអង្គ។ គ្រប់ទាំងការសប្បាយ ឬការឈឺចាប់ដែលយើងនឹងជួប គឺសុទ្ធតែ ដោយសារសេចក្តីមេត្តាកុរណា។ មូលហេតុដែលព្រះគ្រីស្ទយាងចុះមកក្នុងលោកិយនេះ គឺដើម្បី“ឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្តីមេត្តាករុណារបស់ទ្រង់”(រ៉ូម ១៥:៩)។ យើងបានកើតជាថ្មី “តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់”(១ពេត្រុស ១:៣)។ យើងអធិស្ឋានរាល់ថ្ងៃ “ដើម្បីទទួលសេចក្តីមេត្តាកុរណា”(ហេព្រើរ ៤:១៦) ហើយឥឡូវនេះ យើងកំពុងតែ “រង់ចាំសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឲ្យបានជីវិតអស់កល្បជានិច្ច”(យូដាស ១:២០)។ បើគ្រីស្ទបរិស័ទណាម្នាក់បង្ហាញចេញនូវលក្ខណៈដែលគួរឲ្យជឿ នោះគឺគាត់មានលក្ខណៈគួរឲ្យជឿ ដោយសារ “សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។ ក្នុងបទគម្ពីរ លូកា ១៧:៥-៦ ពួកសាវ័កបានទូលសូមព្រះអម្ចាស់ថា “សូមចម្រើនសេចក្តីជំនឿដល់យើងខ្ញុំទៀតផង!” ហើយព្រះយេស៊ូវមានបន្ទូលថា “បើអ្នករាល់គ្នាមានសេចក្តីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ”។ ម្យ៉ាងទៀត បញ្ហាក្នុងជីវិត និងការងារគ្រីស្ទបរិស័ទ គឺមិនស្ថិតនៅលើកម្លាំង ឬបរិមាណនៃជំនឿរបស់យើងទេ ព្រោះកម្លាំង ឬបរិមាណនៃជំនឿយើង មិនមែនធ្វើឲ្យដើមឈើនោះរលើងឫសឡើយ។ គឺព្រះទេដែលធ្វើឲ្យវារលើងឫស។ ដូចនេះ ជំនឿតូចបំផុត ដែលពិតជាតភ្ជាប់យើង ជាមួយព្រះគ្រីស្ទ នឹងនាំឲ្យយើងទទួលអំណាចគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់យើង។ ប៉ុន្តែ នៅពេលដែលអ្នកបានស្តាប់បង្គាប់ព្រះអម្ចាស់ ដោយជោគជ័យ តើសេចក្តីមេត្តាករុណារបស់ព្រះ មានលក្ខណៈដូចម្តេចដែរ? តើការស្តាប់បង្គាប់របស់អ្នក មានន័យថា អ្នកឈប់ទូលសូមសេចក្តីមេត្តាករុណាពីព្រះអង្គឬ? ព្រះយេស៊ូវបានប្រទានចម្លើយសម្រាប់សំណួរនេះ ក្នុងបទគម្ពីរ លូកា ១៧:៧-១០ ដែលបានចែងដូចតទៅ៖ “ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានបាវកំពុងតែភ្ជួរ ឬឃ្វាលសត្វ លុះកាលណាវាវិលមកពីចំការ តើនឹងនិយាយទៅវាភ្លាមថា មកអង្គុយស៊ីបាយសិន ឬអី គឺនឹងប្រាប់វាយ៉ាងនេះវិញទេតើ ថា ចូររៀបចំអាហារឲ្យអញ រួចក្រវាត់ខ្លួនមកបំរើអញដែលកំពុងតែស៊ី រួចសឹមឯងស៊ីជាក្រោយចុះ តើចៅហ្វាយដឹងគុណបាវនោះ ដោយព្រោះវាធ្វើតាមបង្គាប់ ឬដូចម្តេច ខ្ញុំយល់ថា មិនមែនទេ ឯអ្នករាល់គ្នា ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូកហើយ នោះត្រូវរាប់ថា យើងជាបាវបំរើឥតកំរៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ”។ ដូចនេះ ខ្ញុំសូមសន្និដ្ឋានថា ការស្តាប់បង្គាប់ដែលពេញលេញបំផុត និងជំនឿតូចបំផុត សុទ្ធតែនាំឲ្យយើងទទួលបានសេចក្តីមេត្តាកុរណាពីព្រះ ។ ជំនឿដ៏តូចដូចគ្រាប់ពូជអាចធ្វើឲ្យដើមឈើរលើងឫសបាន ដោយសេចក្តីមេត្តាករុណារបស់ព្រះ។ ហើយការស្តាប់បង្គាប់ដ៏ឥតខ្ចោះ នាំឲ្យយើងពឹងផ្អែកទាំងស្រុងមកលើសេចក្តីមេត្តាកុរណារបស់ព្រះអង្គ។ ចំណុចសំខាន់នោះគឺ ៖ យើងមិនអាចឈប់ទទួលសេចក្តីមេត្តាករុណារបស់ព្រះបានឡើយ ទោះស្ថិតក្នុងពេលណា ឬសេចក្តីមេត្តារបស់ព្រះអង្គ មានលក្ខណៈដូចម្តេចក៏ដោយ។ យើងតែងតែពឹងផ្អែកទាំងស្រុង មកលើអ្វីដែលយើងមិនសមនឹងទទួល។ ដូចនេះ ចូរយើងបន្ទាបខ្លួន និងអរសប្បាយ ហើយថ្វាយសិរីល្អដល់ព្រះ ដោយសារសេចក្តីមេត្តាករុណារបស់ព្រះអង្គ។