ព្រឹក

រូបអង្គនៃព្រះដ៏មើលមិនឃើញ
ដោយUltimately with R.C. Sproul
June 12, 2023
ព្រះយេស៊ូវជា “រូបអង្គនៃព្រះដ៏មើលមិនឃើញ” (កូល៉ុស ១:១៥)។ តើហេតុអ្វីបទគម្ពីរនេះបានហៅព្រះអង្គថា “រូបអង្គនៃព្រះដ៏មើលមិនឃើញ”? នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយ អំពីការប្រកាសច្បាស់បំផុត និងគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងព្រះគម្ពីរ អំពីភាពជាព្រះរបស់ព្រះគ្រីស្ទ។ អត្ថបទ “ព្រះយេស៊ូវជារូបអង្គនៃព្រះដ៏មើលមិនឃើញ”។ តើពាក្យមួយឃ្លានេះមានន័យដូចម្តេច? គឺមានន័យថា បើអ្នកចង់មើលឃើញព្រះដែលមើលមិនឃើញ បើអ្នកចង់មានបទពិសោធន៍ជាមួយនឹងព្រះ ដោយការមើលឃើញ តើអ្នកត្រូវទៅកន្លែងណា? គឺត្រូវទៅរកព្រះយេស៊ូវ។ កណ្ឌគម្ពីរហេព្រើរបានចែងថា ព្រះយេស៊ូវ “ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់”។ នេះជាការពិពណ៌នាអំពីភាពជាព្រះរបស់ព្រះអង្គ។ សូមចាំថា ការថ្វាយបង្គំរូបព្រះគឺជាអំពើបាបជាមូលដ្ឋានរបស់ពួកអ៊ីស្រាអែល។ ព្រះអង្គបានហាមពួកគេមិនឲ្យធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំនោះឡើយ។ ការមើលទៅរូបព្រះ ហើយថ្វាយបង្គំរូបនោះ ជាការអាក្រក់ជាមូលដ្ឋានរបស់ពួកអ៊ីស្រាអែល។ តែព្រះគម្ពីរសញ្ញាថ្មីបានចែងថា ព្រះយេស៊ូវជារូបអង្គរបស់ព្រះ។ ហេតុនេះហើយបានជាព្រះទ្រង់ហាមយើងមិនឲ្យថ្វាយបង្គំរូបភាពអ្វីផ្សេង។ ព្រោះបើអ្នកចង់មើលឃើញព្រះ អ្នកត្រូវមើលទៅព្រះយេស៊ូវ។ សាវ័កភីលីពធ្លាប់បានទូលព្រះយេស៊ូវថា “ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ”។ ហេតុអ្វីគាត់ទូលសូមដូចនេះ។ ព្រោះពួកសាវ័កបានឃើញការអស្ចារ្យជាច្រើន ដូចជា ព្រះអង្គបានដើរលើទឹក ប្រទានអាហារដល់មនុស្ស៥ពាន់នាក់ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ និងការអស្ចារ្យជាច្រើនទៀត។ ដូចនេះ ពួកគេចង់ឲ្យព្រះអង្គបង្ហាញពួកគេឲ្យឃើញព្រះវរបិតា ដែលជាការអស្ចារ្យបំផុត។ តើព្រះអង្គឆ្លើយតបដូចម្តេច? ព្រះអង្គឆ្លើយថា “ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី? អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ?” ត្រង់ចំណុចនេះ ព្រះអង្គកំពុងមានបន្ទូលច្បាស់ថា ព្រះអង្គជាព្រះ។
ប្រភេទ
ល្ងាច

ឥឡូវនេះ មិនមានសល់អ្វីទៀតទេ
ដោយMike Wittmer
June 12, 2023
ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎។ បរិទេវ ១:១ បងប្អូនខ្ញុំប្រុសៗ និងក្រុមគ្រួសាររបស់យើង បានចំណាយពេលមួយថ្ងៃ ដើម្បីរើរបស់របររបស់ឪពុកម្តាយយើង ចេញពីផ្ទះដែលយើងធ្លាប់រស់នៅជុំគ្នាកាលពីក្មេង។ នៅពេលល្ងាច យើងក៏បានវិលត្រឡប់មកប្រមូលរបស់របរចុងក្រោយ ហើយក៏បានដឹងថា ពេលនោះជាពេលចុងក្រោយរបស់ក្រុមគ្រួសារយើងក្នុងផ្ទះនោះ ដូចនេះ យើងក៏បានថតរូបជុំគ្នា នៅរានហាលក្រោយផ្ទះ។ ម្តាយខ្ញុំបានងាកមករកខ្ញុំ ហើយនិយាយថា “ឥឡូវនេះ មិនមានអ្វីនៅសល់ក្នុងផ្ទះនេះទៀតទេ”។ ពាក្យពេចន៍នេះបានធ្វើឲ្យខ្ញុំស្ទើរតែទប់ទឹកភ្នែកមិនជាប់។ ផ្ទះដែលមានអនុស្សាវរីយ៍រយៈពេល៥៤ឆ្នាំ បានក្លាយជាផ្ទះទទេហើយ។ ខ្ញុំក៏ខំឃាត់ខ្លួនឯងមិនឲ្យគិតអំពីរឿងនេះទៀត។ ការឈឺចាប់ក្នុងចិត្តខ្ញុំបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យពេចន៍របស់ហោរាយេរេមា ក្នុងបទគម្ពីរបរិទេវ ដែលបានពោលថា “ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎”(១:១)។ ភាពខុសប្លែកគ្នាដ៏សំខាន់រវាងរឿងរបស់ខ្ញុំ និងរឿងរបស់ទីក្រុងយេរូសាឡិម គឺស្ថិតនៅត្រង់ចំណុចដែរថា ទីក្រុងយេរូសាឡិមប្រែជាទទេ ដោយសារអំពើបាបជាច្រើនរបស់ទីក្រុងនេះ(ខ.៥)។ ព្រះទ្រង់បាននិរទេសរាស្រ្តទ្រង់ ទៅទីក្រុងបាប៊ីឡូន ព្រោះពួកគេបានបះបោរទាស់ព្រះអង្គ ហើយមិនព្រមប្រែចិត្ត(ខ.១៨)។ ឪពុកម្តាយខ្ញុំបានរើផ្ទះ មិនមែនដោយសារយើងបានប្រព្រឹត្តអំពើបាបណាមួយនោះទេ តែយ៉ាងហោចណាស់ បានទទួលផលប៉ះពាល់ដោយប្រយោលពីអំពើបាប។ តែចាប់តាំងពីពេលដែលលោកអ័ដាមធ្លាក់ចូលក្នុងអំពើបាប ក្នុងសួនច្បារអេដែន សុខភាពរបស់មនុស្សម្នាក់ៗមានអន់ខ្សោយបន្តិចម្តងៗ ពេលពួកគេមានវ័យកាន់តែចាស់។ ពេលយើងមានវ័យចាស់ ជាធម្មតា យើងចង់រស់នៅក្នុងផ្ទះដែលយើងងាយស្រួលមើលថែ។ ខ្ញុំអរព្រះគុណព្រះអង្គ សម្រាប់អនុស្សាវរីយ៍ ដែលបានធ្វើឲ្យផ្ទះចាស់របស់យើង ក្លាយជាទីកន្លែងពិសេស។ ការឈឺចាប់ គឺជាការលះបង់ ដើម្បីសេចក្តីស្រឡាញ់។ ខ្ញុំដឹងថា ការនិយាយលាគ្នា នៅពេលក្រោយទៀត មិនមែនជាការនិយាយលាផ្ទះឪពុកម្តាយខ្ញុំទៀតទេ តែជាពេលដែលពួកគាត់នឹងលាចាកលោក។ ហើយខ្ញុំក៏បានយំ ពេលគិតដល់រឿងនេះ។ ខ្ញុំក៏បានស្រែករកព្រះយេស៊ូវ សូមព្រះអង្គឆាប់យាងមក ដើម្បីបញ្ចប់ការបែកគ្នា ហើយស្អាងអ្វីៗគ្រប់យ៉ាងឲ្យល្អឡើងវិញ។ ក្តីសង្ឃឹមរបស់ខ្ញុំ ជាប់នៅក្នុងព្រះអង្គ។—MIKE WITTMER
តើទីកន្លែងអ្វីខ្លះ ដែលអ្នកមានអនុស្សាវរីយ៍ជ្រាលជ្រៅបំផុត? សូមអរព្រះគុណព្រះអង្គ សម្រាប់មនុស្សដែលស្រឡាញ់អ្នកនៅទីនោះ។ តើអ្នកនឹងបង្កើតអនុស្សាវរីយ៍ថ្មីៗដូចម្តេចខ្លះ ក្នុងពេលសព្វថ្ងៃ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យទូលបង្គំចូលក្នុងមហាគ្រួសាររបស់ព្រះអង្គជារៀងរហូត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៦-៨ និង យ៉ូហាន ២១