ព្រឹក

យកគំរូតាមព្រះអង្គ ក្នុងការចិញ្ចឹមកូន
ដោយSheridan Voysey
June 17, 2023
ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក។ អេភេសូរ ៣:១៤-១៥ បន្ទប់ដាក់ឡាន នៅក្នុងផ្ទះដែលខ្ញុំធ្លាប់រស់នៅកាលពីក្មេង បានបន្សល់ទុកនូវអនុស្សាវរីយជាច្រើន។ នៅពេលព្រឹក ថ្ងៃសៅរ៍មួយនោះ ប៉ារបស់ខ្ញុំបានយកឡានគាត់ចេញពីក្នុងបន្ទប់ដាក់ឡាន ដើម្បីឲ្យយើងមានកន្លែងសម្រាប់ជួសជុលកូនឡានប្រណាំងខ្នាតតូច ដែលយើងរើសបាន។ យើងបានដាក់កង់ថ្មី ហើយបានដំឡើងកញ្ចក់ផ្លាស្ទីកខាងមុខ ពីលើឡាននោះ។ បន្ទាប់មក ខ្ញុំបានប្រញាប់បើកកូនឡាននោះចេញពីក្នុងបន្ទប់ដាក់ឡាន តាមផ្លូវចេញពីផ្ទះ ដោយប៉ាខ្ញុំជួយមើលផ្លូវឲ្យខ្ញុំ។ ពេលដែលខ្ញុំរំឭករឿងនេះ ខ្ញុំមិនគ្រាន់តែបាននឹកចាំអំពីការជួសជុលកូនឡានប្រណាំងប៉ុណ្ណោះទេ តែខ្ញុំថែមទាំងបានចាំថា កាលនោះ ខ្ញុំជាក្មេងប្រុសម្នាក់ដែលកំពុងទទួលការបង្រៀនពីឪពុកខ្ញុំ ហើយក៏បានដឹងថា ព្រះទ្រង់កំពុងធ្វើការរបស់ទ្រង់ ក្នុងជីវិតខ្ញុំ ក្នុងពេលនោះផងដែរ។ មនុស្សជាតិត្រូវបានព្រះទ្រង់បង្កើតមក តាមគំរូនៃលក្ខណៈសម្បត្តិរបស់ព្រះអង្គ(លោកុប្បត្តិ ១:២៧-២៨)។ ការចិញ្ចឹមកូន ក៏មានដើមកំណើតនៅក្នុងព្រះអង្គផងដែរ ដ្បិតព្រះអង្គជាព្រះវរបិតាដែល “គ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក”(អេភេសូរ ៣:១៤-១៥)។ ដែលឪពុកម្តាយទាំងឡាយបានយកគំរូតាមព្រះ ក្នុងការចិញ្ចឹម និងថែរក្សាការពារកូនក្នុងលោកិយនេះជាយ៉ាងណា នោះពួកគេក៏បានបង្ហាញចេញនូវលក្ខណៈសម្បត្តិ ដែលមិនមានប្រភពក្នុងខ្លួនពួកគេនោះទេ តែនៅក្នុងព្រះវរបិតា។ ព្រះអង្គជាគំរូសម្រាប់ការចិញ្ចឹម និងថែរក្សាការពារកូន។ ប៉ារបស់ខ្ញុំមិនល្អឥតខ្ចោះ ហើយគាត់មិនខុសពីឪពុកម្តាយដទៃឡើយ។ នៅពេលខ្លះ ការចិញ្ចឹមកូនរបស់គាត់ក៏មានកំហុសឆ្គង ដោយមិនបានធ្វើតាមគំរូដែលមកពីស្ថានសួគ៌។ តែពេលណាការចិញ្ចឹមរបស់គាត់បានយកគំរូតាមព្រះអង្គជាញឹកញាប់ នោះខ្ញុំក៏បានមើលឃើញការថែរក្សា និងការការពាររបស់ព្រះអង្គ នៅក្នុងទង្វើដ៏ល្អរបស់គាត់ ដូចជានៅក្នុងការនាំខ្ញុំជួសជុលកូនឡានប្រណាំងនោះជាដើម។—SHERIDAN VOYSEY
តើអ្នកបានមើលឃើញការចិញ្ចឹមកូន បានឆ្លុះបញ្ចាំងអំពីលក្ខណៈសម្បត្តិរបស់ព្រះអម្ចាស់ ដូចម្តេចខ្លះ? តើអ្នកអាចបង្ហាញអ្នកដទៃ ឲ្យមើលឃើញការថែរក្សា និងការការពាររបស់ព្រះ នៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យចិញ្ចឹម និងការពារក្មេង និងអ្នកដទៃទៀតដែលស្ថិតក្រោមការថែរក្សារបស់ទូលបង្គំ នៅថ្ងៃនេះ ដោយបង្ហាញឲ្យពួកគេស្គាល់លក្ខណៈសម្បត្តិដ៏ល្អរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១០-១១ និង កិច្ចការ ៤:១-២២
ប្រភេទ
ល្ងាច

ថ្នាំសម្រាប់ព្យាបាលអំណួត
ដោយJohn Piper
June 17, 2023
ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ តែឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់។ យ៉ាកុប ៤:១៣-១៦ ក្នុងបទគម្ពីរខាងលើនេះ លោកយ៉ាកុបកំពុងនិយាយ អំពីអំនួត និងភាពក្រអឺតក្រទម និងការដែលគេបង្ហាញពួកវាចេញមក តាមរបៀបដ៏ប៉ិនប្រសប់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា "អ្នករាល់គ្នាមានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់"។ ពេលដែលអ្នកគិតអំពីប្រភេទទាំង៣នៃការល្បួងដែលនាំឲ្យពឹងខ្លួនឯង ដែលមានដូចជា ការល្បួងឲ្យចង់បានប្រាជ្ញា ការល្បួងឲ្យចង់បានអំណាច និងការល្បួងឲ្យចង់បានទ្រព្យសម្បត្តិ អ្នកនឹងឃើញថា ការល្បួងទាំងនោះបង្កើតឲ្យមានការទាក់ទាញដ៏មានអំណាច ទៅរកទម្រង់នៃអំនួតដ៏ខ្ពស់បំផុត ដែលជាការមិនជឿថា ព្រះមានពិតមែន។ វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីឲ្យយើងអាចបន្តប្រកាន់យកគំនិតខ្លួនឯងជាទីមួយ គឺត្រូវបដិសេធន៍អ្វីដែលខ្ពស់ជាងយើង។ ហេតុនេះហើយ មនុស្សអួតចូលចិត្តមើលងាយអ្នកដទៃ។ គឺដូចដែលលោកស៊ី អេស លូអ៊ីសបានមានប្រសាសន៍ថា "មនុស្សអួតតែងតែមើលងាយអ្វីៗទាំងឡាយ និងមើលងាយអ្នកដទៃ ហើយជាការពិតណាស់ ដរាបណាអ្នកមើលងាយ នោះអ្នកមិនអាចមើលឃើញអ្វីដែលខ្ពស់ជាងអ្នកឡើយ"(ដកស្រង់ពីសៀវភៅ ជំនឿគ្រីស្ទបរិស័ទធម្មតា)។ ប៉ុន្តែ ដើម្បីរក្សាសេចក្តីអំនួត យើងប្រហែលជាគ្រាន់តែប្រកាស់ថា គ្មានអ្វីខ្ពស់ជាងយើង សម្រាប់ឲ្យយើងមើលឡើយ។ "មនុស្សអាក្រក់ពោលដោយឫកអំនួតរបស់ខ្លួនគេថា ព្រះទ្រង់នឹងមិនធ្វើទោសទេ ឯអស់ទាំងគំនិតរបស់គេ នោះតែងគិតថា គ្មានព្រះណាសោះ"(ទំនុកដំកើង ១០:៤)។ សរុបមក មនុស្សអួតត្រូវបញ្ចុះបញ្ចូលខ្លួនឯង ឲ្យជឿថា ព្រះមិនពិតជាមានមែន ឡើយ។ មូលហេតុគឺដោយសារការពិតរបស់ព្រះ បានជ្រាបចូលយ៉ាងលើសលប់ ទៅក្នុងភាពលម្អិតទំាងអស់នៃជីវិតមនុស្ស។ អំណួតមិនអាចទទួលស្គាល់ថា ព្រះទ្រង់កំពុងគ្រប់គ្រងចក្រវាល ដោយការចូលរួមដ៏ស្និទ្ធស្នាល កុំថាឡើយ គ្រប់គ្រងផ្នែកលម្អិត និងរឿងដ៏សាមញ្ញនៃជីវិតយើង។ អំណួតមិនចូលចិត្តអធិប្បតេយ្យភាពរបស់ព្រះទេ។ ដូចនេះ អំណួតមិនចូលចិត្តជឿថា ព្រះពិតជាមានមែន ព្រោះព្រះមានអធិប្បតេយ្យភាព។ អំណួតប្រហែលបង្ហាញចេញមក ដោយនិយាយថា "ព្រះមិនពិតជាមានមែនឡើយ"។ ឬបង្ហាញចេញមក ដោយនិយាយថា "ខ្ញុំកំពុងបើកឡានទៅរដ្ឋអាត្លានតា ដើម្បីប្រារព្ធធ្វើណូអែល"។ កណ្ឌគម្ពីរយ៉ាកុបបានប្រាប់យើង មិនឲ្យតាំងខ្លួនជាអ្នកដឹងច្បាស់ពីពេលអនាគតឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវនិយាយថា "បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងទៅរដ្ឋអាត្លានតា ដើម្បីប្រារព្ធធ្វើបុណ្យណូអែល"។ ត្រង់ចំណុចនេះ កណ្ឌគម្ពីរយ៉ាកុបកំពុងបង្រៀនយើងថា ព្រះទ្រង់ជាអ្នកសម្រេចថា អ្នកនឹងបានទៅរដ្ឋអាត្លានតាឬអត់ ហើយអ្នកនឹងរស់ រហូតដល់អានសៀវភៅនេះចប់ឬអត់។ ការនេះបានវាយប្រហារយ៉ាងខ្លាំងមកលើ អំណួតដែលគិតថាខ្លួនមិនត្រូវការព្រះ គឺអំណួតដែលមិនទាំងអាចកំណត់ថា ខ្លួនឯងនឹងបានអានសៀវភៅនេះដល់ចប់ ដោយមិនដាច់សរសៃឈាមខួរក្បាលស្លាប់ផង។ កណ្ឌគម្ពីរយ៉ាកុបកំពុងបង្រៀនយើងថា ការមិនជឿលើសិទ្ធិនៃអធិប្បតេយ្យភាពរបស់ព្រះ ដែលគ្រប់គ្រងលើភាពលម្អិតនៃអនាគតរបស់អ្នក គឺជាភាពក្រអឺតក្រទម។ ដើម្បីតយុទ្ធនឹងភាពក្រអឺតក្រទមនេះ យើងត្រូវចុះចូលនឹងអធិប្បតេយ្យភាពរបស់ព្រះ ក្នុងគ្រប់ផ្នែកលម្អិតទាំងអស់នៃជីវិតយើង ហើយទុកចិត្តលើព្រះបន្ទូលដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ដែលសន្យាថា នឹងបង្ហាញព្រះអង្គទ្រង់ ដោយអំណាចចេស្តា ជំនួសយើង(២របាក្សត្រ ១៦:៩) នឹងដេញតាមយើង ដោយសេចក្តីសប្បុរស និងសេចក្តីមេត្តាជារៀងរាល់ថ្ងៃ(ទំនុកដំកើង ២៣:៦) និងធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់(អេសាយ ៦៤:៤) ហើយនឹងប្រទានយើងនូវអ្វីទាំងអស់ដែលយើងត្រូវការ ដើម្បីរស់នៅថ្វាយសិរីល្អដល់ព្រះអង្គ(ហេព្រើរ ១៣:២១)។