ព្រឹក

បានតភ្ជាប់នឹងប្រភពនៃថាមពល
ដោយLisa Samra
June 30, 2023
កុំឲ្យពន្លត់ព្រះវិញ្ញាណ។ ១ថែស្សាឡូនិច ៥:១៩ ក្រុមគ្រួសារខ្ញុំដឹងថា ភ្លើងនៅផ្ទះយើងបានដាច់ បន្ទាប់ពីមានខ្យល់ព្យុះ(ដែលកើតមានឡើងជាធម្មតា ក្នុងតំបន់ដែលខ្ញុំរស់នៅ) តែសភាវគតិរបស់ខ្ញុំ បានបណ្តាលចិត្តខ្ញុំឲ្យចុចកុងតាក់បើកភ្លើង ពេលខ្ញុំចូលក្នុងបន្ទប់។ ភ្លើងនៅតែមិនភ្លឺ បន្ទប់របស់ខ្ញុំនៅតែងងឹតដដែល។ ខ្ញុំដឹងហើយថា ខ្សែដែលបានតភ្ជាប់នឹងប្រភពចរន្តអគ្គិសនីបានដាច់ តែខ្ញុំនៅតែរំពឹងថា អគ្គីសនីនៅតែមាន។ បទពិសោធន៍នេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិតខាងវិញ្ញាណ។ មានពេលជាញឹកញាប់ពេកហើយ ដែលយើងរំពឹងចង់បានព្រះចេស្តាព្រះ នៅពេលដែលយើងមិនបានពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធដែលជាប្រភពនៃព្រះចេស្តា។ ក្នុងបទគម្ពីរ ១ថែស្សាឡូនិច សាវ័កប៉ុលបានបង្រៀន អំពីរបៀបដែលព្រះទ្រង់បានប្រទានដំណឹងល្អ មិនគ្រាន់តែ“ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា និងព្រះវិញ្ញាណបរិសុទ្ធដែរ”(១:៥)។ ហើយពេលណាយើងទទួលយកការអត់ទោសបាបពីព្រះ យើងក៏អាចទទួលព្រះចេស្តារបស់ព្រះវិញ្ញាណ ក្នុងជីវិតយើងផងដែរ។ ព្រះចេស្តាព្រះអង្គជួយយើងបង្កើតផលផ្លែ ដែលជាចារិកលក្ខណៈ ដូចជា ក្តីស្រឡាញ់ ក្តីអំណរ សេចក្តីសុខសាន្ត និងភាពអត់ធ្មត់ជាដើម(កាឡាទី ៥:២២-២៣) ហើយក៏បានប្រទានយើងនូវអំណោយទាន សម្រាប់បម្រើពួកជំនុំ ដែលមានការបង្រៀន ការធ្វើជាអ្នកជំនួយ និងគ្រប់គ្រង(១កូរិនថូស ១២:២៨)។ សាវ័កប៉ុលបានដាស់តឿនអ្នកអានសំបុត្រគាត់ កុំឲ្យពន្លត់ព្រះវិញ្ញាណឡើយ(១ថែស្សាឡូនិច ៥:១៩)។ យើងប្រហែលមិនបានបើកចំហចិត្តឲ្យព្រះវិញ្ញាណបញ្ចេញព្រះចេស្តាក្នុងជីវិតយើង ដោយយើងមិនអើពើចំពោះព្រះវត្តមានព្រះ ឬបដិសេធន៍ការដឹកនាំរបស់ព្រះអង្គ(យ៉ូហាន ១៦:៨)។ ប៉ុន្តែ យើងមិនត្រូវរស់នៅ ដោយការដាច់ចេញពីព្រះអង្គនោះឡើយ។ ព្រះចេស្តារបស់ព្រះអង្គ តែងតែមាន សម្រាប់កូនព្រះអង្គជានិច្ច។—LISA M. SAMRA
តើនៅពេលណាខ្លះ អ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណមិនបានបញ្ចេញព្រះចេស្តា ក្នុងជីវិតអ្នក?
តើអ្នកបានដកពិសោធន៍ជាមួយនឹងព្រះចេស្តារបស់ព្រះវិញ្ញាណយ៉ាងដូចម្តេចខ្លះ?
ឱព្រះមានគ្រប់ចេស្តា សូមព្រះអង្គជួយទូលបង្គំឲ្យដកពិសោធន៍នឹងព្រះចេស្តានៃព្រះវិញ្ញាណព្រះអង្គ ក្នុងជីវិតទូលបង្គំ។
For further study, read A Story of a Life Led by the Spirit at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២០-២១ និង កិច្ចការ ១០:២៤-៤៨
ប្រភេទ
ល្ងាច

បានរាប់យើងបញ្ចូលក្នុងការតាំងសេចក្តីសញ្ញា
ដោយJohn Piper
June 30, 2023
នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្តីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨ តើនរណាខ្លះ ដែលនឹងទទួលផលប្រយោជន៍ ពីព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានប្រទានស្តេចដាវីឌ? បទគម្ពីរទំនុកដំកើង ១៣២:១៧-១៨ បានចែងថា : “នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្តីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង”។ ឥឡូវនេះសូមយើងភ្ជាប់ខគម្ពីរនេះជាមួយបទគម្ពីរ អេសាយ ៥៥:១,៣ ដែលបានចែងថា “ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ …ហើយអញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្តីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ”។ បើខ្ញុំមើលទៅឈើឆ្កាង តាមន័យនេះ ខ្ញុំអាចបកស្រាយបទគម្ពីរនេះថា ៖ អស់អ្នកណាដែលចូលមករកព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាព្រះអង្គ ដោយស្រេកឃ្លានអ្វីដែលព្រះមានសម្រាប់យើង ក្នុងព្រះគ្រីស្ទ ជាជាងពឹងផ្អែកលើអត្តសញ្ញាណរបស់យើង ឬអ្វីដែលយើងធ្វើ នោះព្រះទ្រង់នឹងតាំងសញ្ញានឹងអ្នកនោះ។ តើយើងចាំថា ទំព័រចុងក្រោយនៃព្រះគម្ពីរ បានចែងយ៉ាងដូចម្តេចខ្លះ ក្នុងបទគម្ពីរវិវរណៈ ២២:១៧? “អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ”។ ព្រះបន្ទូលនេះមិនមែនសម្រាប់តែសាសន៍យូដា នៅសម័យហោរាអេសាយប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកណាក៏ដោយ ដែលចូលមករកព្រះគ្រីស្ទ ដើម្បីចម្អែតភាពស្រេកឃ្លាននៃវិញ្ញាណរបស់ខ្លួន។ ហើយព្រះអង្គមានបន្ទូលថា “អញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច!” តើសេចក្តីសញ្ញាអ្វី? គឺសេចក្តីសញ្ញាដែលមានន័យ និងស្ថិតស្ថេរ ដោយសារ “សេចក្តីមេត្តាករុណាដ៏ស្មោះត្រង់ ដែលព្រះទ្រង់មានចំពោះស្តេចដាវីឌ”។ បទគម្ពីរអេសាយ ៥៥:៣ បានចែងថា “អញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្តីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ”។ បានសេចក្តីថា ព្រះអង្គក៏បានរាប់បញ្ចូលខ្ញុំ នៅក្នុងសេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយស្តេចដាវីឌផងដែរ។ អ្វីដែលស្តេចដាវីឌទទួល នោះខ្ញុំក៏នឹងទទួលបាន ក្នុងព្រះគ្រីស្ទយេស៊ូវ។ ហើយតើអ្វីដែលខ្ញុំនឹងទទួលនោះមានអ្វីខ្លះ? ស្នែងនឹងចេញពន្លកឡើង សម្រាប់ខ្ញុំ។ បានសេចក្តីថា ព្រះដែលមានកម្លាំងដ៏អស្ចារ្យ នឹងប្រយុទ្ធជំនួសខ្ញុំ ហើយការពារខ្ញុំ។ ព្រះអង្គនឹងរៀបចំឲ្យមានចង្កៀងមួយ សម្រាប់ខ្ញុំ។ គឺមានន័យថា ពន្លឺនឹងហ៊ុមព័ទ្ធខ្ញុំ ហើយភាពងងឹតនឹងមិនអាចឈ្នះខ្ញុំឡើយ។ ខ្ញុំនឹងមានមកុដមួយ។ បានសេចក្តីថា ខ្ញុំនឹងបានសោយរាជ្យជាមួយព្រះបុត្រានៃស្តេចដាវីឌ និងអង្គុយជាមួយទ្រង់ នៅលើបល្ល័ង្ករបស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ”(វិវរណៈ ៣:២១)។ នេះជាព្រះពរដ៏អស្ចារ្យដែលយើងនឹងទទួលបាន ពីព្រះបន្ទូលសន្យា ដែលព្រះទ្រង់មានចំពោះស្តេចដាវីឌ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានការភ្ញាក់ផ្អើល។ ព្រះអង្គសព្វព្រះទ័យឲ្យភាពស្មោះស្ម័គ្ររបស់យើង មានការភ្ញាក់ផ្អើល ចំពោះព្រះចេស្ដា និងអំណាច ហើយព្រះអង្គបានស្រឡាញ់យើង ដោយអំណាច ព្រះចេស្ដាព្រះអង្គនោះឯង។