ព្រឹក

ការស្រែករកព្រះអង្គ
ដោយMarvin Williams
July 8, 2023
គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ។ អេសាយ ៥៨:៦ លោកដាវីឌ វីលីស(David Willis) បានឡើងទៅជាន់ខាងលើរបស់បណ្ណាគារWaterstone ដើម្បីរកមើលសៀវភៅ។ ពេលគាត់ចុះមកជាន់ក្រោមវិញ គាត់ក៏បានដឹងថា គេបានបិទភ្លើង ហើយក៏បានបិទទ្វារចាក់សោរួចទៅហើយ។ គាត់ក៏បានជាប់ខ្លួន នៅក្នុងបណ្ណាគារនោះ ដោយមិនអាចទៅណារួច។ ដោយមិនដឹងថា ត្រូវធ្វើដូចម្តេចទេ គាត់ក៏បានបើកបណ្ដាញសង្គមTwitter ហើយក៏បានបង្ហោះសារថា “សួរស្តី បណ្ណាគារ waterstone។ ខ្ញុំបានជាប់សោនៅខាងក្នុងបណ្ណាគាររបស់អ្នក អស់រយៈពេល២ម៉ោងហើយ។ សូមមកចាក់សោឲ្យខ្ញុំចេញក្រៅ”។ បន្ទាប់ពីគាត់បានបង្ហោះសារ មិនទាន់បានយូរប៉ុន្មានផង គេក៏បានមកចាក់សោឲ្យគាត់ចេញក្រៅ។ ការដែលយើងមានមធ្យោបាយស្វែងរកជំនួយ ពេលដែលយើងស្ថិតក្នុងភាពទាល់ច្រក គឺជារឿងល្អណាស់។ ហោរាអេសាយបានមានប្រសាសន៍ថា ព្រះទ្រង់នឹងឆ្លើយតប ពេលណាយើងស្រែករកព្រះអង្គ ក្នុងស្ថានភាពទាល់ច្រក។ លោកហោរាបានថ្លែងថា ព្រះអម្ចាស់បានស្តីបន្ទោសរាស្រ្តព្រះអង្គ ដោយសារពួកគេបានប្រតិបត្តិសេចក្តីជំនឿ ដោយគ្មានការទទួលខុសត្រូវ។ ពួកគេបានប្រព្រឹត្តដូចអ្នកកាន់សាសនា ដោយលាក់បាំងការដែលពួកគេកៀបសង្កត់អ្នកក្រ ដោយការធ្វើពិធីបុណ្យដែលល្អតែសម្បកក្រៅ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន (អេសាយ ៥៨:១-៧)។ ការនេះមិនបានធ្វើឲ្យព្រះអង្គសព្វព្រះទ័យសោះឡើយ។ ព្រះទ្រង់បានបែរព្រះនេត្រចេញពីពួកគេ ហើយក៏មិនឆ្លើយតបការអធិស្ឋានរបស់ពួកគេ(១:១៥)។ ព្រះអង្គបានប្រាប់ពួកគេឲ្យប្រែចិត្ត ហើយឲ្យជួយយកអសារអ្នកដទៃ អស់ពីចិត្ត(អេសាយ ៥៨:៦-៧)។ ព្រះអង្គមានបន្ទូលថា បើពួកគេបានអនុវត្តដូចនេះ បើពួកគេអំពាវនាវ ទ្រង់នឹងតបឆ្លើយ បើពួកគេស្រែករកព្រះអង្គ នោះព្រះអង្គនឹងមានព្រះបន្ទូលថា ព្រះអង្គបានត្រៀមជាស្រេចដើម្បីជួយពួកគេ(ខ.៩)។ ចូរយើងចូលទៅរកអ្នកទាល់ក្រ ដើម្បីជួយយកអសារពួកគេ។ ដ្បិតព្រះទ្រង់ក៏បានប្រាប់យើងឲ្យស្រែកឲ្យព្រះអង្គជួយ ហើយមានបន្ទូលមកយើងថា ព្រះអង្គកំពុងរង់ចាំជួយយើងស្រាប់ហើយ។ —MARVIN WILLIAMS
តើមានការប្រព្រឹត្ត ឬគំនិតអ្វី ដែលអាចរារាំងអ្នកមិនឲ្យទទួលការឆ្លើយតប ចំពោះការអធិស្ឋានរបស់អ្នក? តើអ្នកត្រូវប្រែចិត្តចេញពីអំពើបាបណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការស្តាប់ឮពាក្យទូលបង្គំអធិស្ឋាន។ សូមព្រះអង្គជួយទូលបង្គំ ឲ្យចេះជួយយកអសារអ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៨-៤០ និង កិច្ចការ ១៦:១-២១
ល្ងាច

ល្អប្រសើរជាងមាសប្រាក់ ផ្លូវភេទ និងអំណាច
ដោយJohn Piper
July 8, 2023
កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ។ ហេព្រើរ ១០:៣៥ យើងចាំបាច់ត្រូវជញ្ជឹងគិតថា ភាពធំបណ្តាច់របស់ព្រះគឺជារង្វាន់ដ៏ធំប្រសើរលើសអ្វីៗទាំងអស់ ដែលលោកិយនេះអាចផ្តល់ឲ្យបាន។ ពុំនោះទេ យើងនឹងស្រឡាញ់លោកិយ និងរស់នៅ ដូចអ្នកដទៃមិនខាន។ ដូចនេះ ចូរយើងពិចារណា អំពីអ្វីៗដែលកំពុងដឹកនាំលោកិយនេះ ហើយជញ្ជឹងគិតថា ព្រះទ្រង់ល្អជាង និងស្ថិតស្ថេរជាងរបស់ទាំងនោះ។ ចូរពិចារណាអំពីទ្រព្យសម្បត្តិ ឬអំពើបាបខាងផ្លូវភេទ ឬអំណាចរបស់មនុស្ស ហើយគិតអំពីទំនាក់ទំនងដែលពួកវាមានជាមួយសេចក្តីស្លាប់។ សេចក្តីស្លាប់នឹងដកពួកវាចេញ។ បើអ្នកកំពុងតែរស់នៅសម្រាប់របស់ទាំងអស់នេះ នោះអ្នកនឹងមិនចំណេញបានច្រើនទេ ហើយអ្វីដែលអ្នកមាន នោះអ្នកក៏នឹងបាត់បង់ទាំងអស់។ តែកំណប់ទ្រព្យរបស់ព្រះល្អប្រសើរជាងរបស់ទាំងនោះឆ្ងាយណាស់ ហើយក៏ស្ថិតស្ថេរផង។ សេចក្តីស្លាប់មិនអាចរារាំងកំណប់ទ្រព្យទាំងនោះបានទេ ក៏ប្រសើរជាងមាសប្រាក់ ព្រោះមាសប្រាក់ទាំងអស់សុទ្ធតែជាកម្មសិទ្ធិព្រះអង្គ ហើយព្រះអង្គជាព្រះវរបិតារបស់យើង។ យើងនឹងទទួលមរតកពីព្រះអង្គ។ “របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ”(១កូរិនថូស ៣:២២-២៣)។ កំណប់ទ្រព្យនោះប្រសើរជាងផ្លូវភេទ។ ព្រះយេស៊ូវមិនដែលមានទំនាក់ទំនងផ្លូវភេទ ហើយព្រះអង្គជាមនុស្សដែលមានភាពពេញលេញ និងគ្រប់គ្រាន់បំផុត នៅលើផែនដី។ ការរួមដំណេកគឺគ្រាន់តែជាស្រមោល ឬរូបភាពនៃការពិតដែលធំប្រសើរជាង ឬស្រមោលនៃទំនាក់ទំនង និងក្តីអំណរ ដែលនឹងធ្វើយើងគិតថា ការរួមភេទគឺហាក់ដូចជារឿងដែលគួរឲ្យធុញទ្រាន់។ រង្វាន់របស់ព្រះប្រសើរជាងអំណាចក្នុងលោកិយ។ គ្មានអំណាចណាដែលមនុស្សមាន ដែលខ្លាំងជាងអំណាចបានធ្វើជាកូនព្រះដ៏មានចេស្ដានោះឡើយ។ “តើមិនដឹងថា យើងរាល់គ្នានឹងជំនុំជំរះ ដល់ទាំងពួកទេវតាផងទេឬអី?”(១កូរិនថូស ៦:៣)។ “ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ”(វិវរណៈ ៣:២១)។ និយាយរួម ព្រះទ្រង់ល្អប្រសើរជាង និងស្ថិតស្ថេរជាងអ្វីៗទាំងអស់ដែលលោកិយនេះអាចផ្តល់ឲ្យយើងបាន។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ។ ព្រះទ្រង់នៅតែឈ្នះគ្រប់ពេល។ តែយើងត្រូវសួរខ្លួនឯងថា តើយើងនឹងមានព្រះអង្គឬទេ? តើយើងនឹងភ្ញាក់ខ្លួន ឈប់ចាញ់បោកលោកិយនេះ ហើយមើលឃើញ និងជឿ ព្រមទាំងអរសប្បាយ និងស្រឡាញ់ការអ្វីដែលពិត មានតម្លៃ និងអស់កល្បជានិច្ច?