ព្រឹក

កំពុងធ្វើរឿងដែលមានប្រយោជន៍
ដោយTim Gustafson
July 17, 2023
តែកាលទ្រង់មានសេចក្តីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកឰយុកោទ្រង់វិញ។ ២របាក្សត្រ ៣៣:១២ ថ្ងៃមួយ ខ្ញុំ និងភរិយាខ្ញុំបានការភ្ញាក់ផ្អើល ពេលដែលបានទទួលសំបុត្រមួយច្បាប់ ពីពីលោកចេសិន(Jason) ដែលជាអ្នកទោស។ យើងបានចិញ្ចឹម និងបង្រៀនកូនឆ្កែ ឲ្យក្លាយជាសត្វឆ្កែ ដែលអាចជួយជនពិការ។ ក្នុងចំណោមកូនឆ្កែទាំងនោះ មានកូនឆ្កែមួយក្បាលបានបញ្ចប់ការបណ្តុះបណ្តាល ហើយត្រូវឡើងទៅវគ្គមួយទៀត ដែលមានអ្នកទោសធ្វើជាគ្រូបង្វឹក។ អ្នកទោសទាំងនោះសុទ្ធតែបានទទួលការបណ្តុះបណ្តាលឲ្យចេះបង្រៀនសត្វឆ្កែ។ ក្នុងសំបុត្ររបស់លោកចេសិន គាត់បានបង្ហាញទុក្ខក្រៀមក្រំ ចំពោះការស្លាប់របស់សត្វឆ្កែមួយក្បាលនោះ តែគាត់ថា សត្វឆ្កែមួយក្បាលនោះជាសត្វឆ្កែទី១៧ ដែលគាត់បានបង្វឹក។ វាជាសត្វឆ្កែដែលល្អបំផុត សម្រាប់គាត់។ ពីមុនគាត់មានការសោកស្តាយចំពោះ ចំពោះកំហុសដែលបានធ្វើឲ្យគាត់ក្លាយជាអ្នកទោស តែសត្វឆ្កែមួយក្បាលនេះ បានធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់កំពុងធ្វើរឿងដែលមានប្រយោជន៍។ មិនមែនមានតែលោកចេសិនទេ ដែលមានការសោកស្តាយ។ យើងរាល់គ្នាសុទ្ធតែមានការសោកស្តាយក្នុងរឿងអ្វីមួយ។ ស្តេចម៉ាន៉ាសេមានរឿងជាច្រើនដែលធ្វើឲ្យទ្រង់សោកស្តាយ។ បទគម្ពីរ ២របាក្សត្រ ជំពូក៣៣ បានរៀបរាប់ អំពីទង្វើរអាក្រក់ជាច្រើនរបស់ទ្រង់ ដែលមានដូចជា ការសង់អាសនាថ្វាយព្រះក្លែងក្លាយ(ខ.៣) ទ្រង់បានទៅពឹងគ្រូមន្តអាគមន៍ ហើយថែមទាំងបានយកបុត្រទ្រង់ទៅធ្វើយញ្ញបូជា(ខ.៦)។ ទ្រង់បានដឹកនាំប្រទេសទ្រង់ទាំងមូលឲ្យដើរតាមផ្លូវខុសនេះ(ខ.៩)។ ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ាន៉ាសេ ហើយនិងរាស្ត្រទ្រង់ដែរ តែគេមិនព្រមទទួលស្តាប់តាមឡើយ(ខ.១០)។ ទីបំផុត ទ្រង់ក៏បានងាកមករកព្រះអម្ចាស់វិញ។ ពួកសាសន៍បាប៊ីឡូនបានលើកទ័ពមកឈ្លានពាន ហើយ “ចាប់ម៉ាន៉ាសេ ដាក់ខ្នោះដាក់ច្រវាក់ នាំទៅឯក្រុងបាប៊ីឡូន”(ខ.១១)។ ក្រោយមក ស្តេចម៉ាន៉ាសេក៏បានធ្វើរឿងដ៏ត្រឹមត្រូវ។ “កាលទ្រង់មានសេចក្តីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកឰយុកោទ្រង់វិញ”(ខ.១២)។ ព្រះអម្ចាស់ក៏បានឮទ្រង់ ហើយក៏បានលើកតាំងទ្រង់ជាស្តេចឡើងវិញ។ ស្តេចម៉ាន៉ាសេក៏បានឈប់ឲ្យគេប្រតិបត្តិតាមសាសនាដទៃទៀត ហើយងាកមកថ្វាយបង្គំព្រះពិតវិញ(ខ.១៥-១៦)។ តើអ្នកមានការសោកស្តាយ ដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តឬទេ? អ្នកមិនទាន់ហួសពេលនៅឡើយទេ។ ព្រះទ្រង់តែងតែផ្ទៀងព្រះកាណ៌រង់ចាំស្តាប់យើងអធិស្ឋាន ដោយការប្រែចិត្ត និងបន្ទាបខ្លួន។—TIM GUSTAFSON
តើអ្នកមានការសោកស្តាយអ្វីខ្លះ? តើអ្នកអាចថ្វាយព្រះកិត្តិនាម ដល់ព្រះអង្គ ដោយអនុញ្ញាតឲ្យព្រះអង្គប្រើអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គតែងតែត្រៀមជាស្រេច ដើម្បីស្តាប់ការអធិស្ឋានដ៏ស្មោះត្រង់របស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២០-២២ និង កិច្ចការ ២១:១-១៧
ប្រភេទ
ល្ងាច

ភស្តុតាងបង្ហាញថា ព្រះពិតជាមានមែន
ដោយUltimately with R.C. Sproul
July 17, 2023
តើយើងអាចដឹងច្បាស់ថា ព្រះពិតជាមានមែន? នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងនាំយើងទៅរកកន្លែងមួយ ដែលយើងមិននឹកស្មានដល់ ដោយផ្តល់ឲ្យនូវភស្តុតាងដែលមិនអាចប្រកែកបាន ដើម្បីបញ្ជាក់ថា ព្រះអាទិករដ៏អស់កល្ប ពិតជាមានមែន។ អត្ថបទ នៅពេលយប់មួយនោះ ខ្ញុំបានស្តាប់ការជជែកវែកញែកតាមវិទ្យុ រវាងទស្សនវិទូមិនជឿព្រះម្នាក់ ទេវវិទូរ៉ូម៉ាំងកាតូលិកម្នាក់ និងទេវវិទូប្រូតេស្តង់ម្នាក់។ ហើយពួកគេក៏បានជជែកគ្នាក្រោមប្រធានបទ តើព្រះពិតជាមានមែនឬ? ពួកគេក៏បានបញ្ចេញចំណេះដឹងដ៏ខ្ពង់ខ្ពស់គ្រប់ប្រភេទ ក្នុងការជជែកគ្នាថា ព្រះពិតជាមានមែនឬអត់ និងដើមកំណើតនៃពិភពលោក ។ល។ ហើយមានប្រិយមិត្តអ្នកស្តាប់ម្នាក់បានទូរស័ព្ទចូលកម្មវិធីនោះ ដើម្បីសួរសំណួរវាគ្មិនទាំងឡាយ។ គេអាចដឹងច្បាស់ថា គាត់មិនបានរៀនសូត្របានជ្រៅជ្រះទេ។ ហើយគាត់បាននិយាយខុសវេយ្យាករណ៍ច្រើនណាស់ ខណៈពេលដែលគាត់សម្ដែងការមិនពេញចិត្តចំពោះពួកគេថា “ខ្ញុំមិនដឹងថា អស់លោកចេះតែយ៉ាងម៉េចក្នុងខ្លួនទេ។ ហេតុអ្វីមិនចេញទៅខាងក្រៅ បើកភ្នែកមើលស្នាព្រះហស្តរបស់ព្រះ? ព្រះអង្គបានបង្ហាញឲ្យឃើញច្បាស់នឹងភ្នែកប៉ុណ្ណឹងហើយ ហេតុអ្វីអស់លោកនៅតែមើលរំលង?” មានគេសួរខ្ញុំថា “លោកគ្រូស្ព្រោល តើលោកគ្រូអាចបកស្រាយថា ព្រះពិតជាមានមែនឬទេ?” ខ្ញុំក៏បានឆ្លើយថា “មិនពិបាកទេ”។ ពួកក៏បានប្រាប់ខ្ញុំឲ្យបង្ហាញភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះពិតជាមានមែន។ ខ្ញុំក៏បានដោះស្បែកជើង ហើយនិយាយថា “សូមមើលចុះ នេះជាភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះដ៏មានគ្រប់ចេស្តាដ៏អស់កល្ប ពិតជាមានមែន”។ ពួកគេនិយាយថា ភស្តុតាងដែលខ្ញុំបានបង្ហាញនេះ មិនមានភាពច្បាស់លាស់ទេ។ តែខ្ញុំប្រាប់ពួកគេថា “ភស្តុតាងនេះមានភាពច្បាស់លាស់ណាស់។ ព្រោះបើស្បែកជើងនេះពិតជាមានវត្តមាននៅទីនេះមែន បើអ្នកឃើញស្បែកជើងនៅទីនេះមែន នោះមានន័យថា ស្បែកជើងនេះគឺជារបស់អ្វីមួយកំពុងមានវត្តមាននៅទីនេះហើយ”។ ព្រះទ្រង់មានអំណាច នៅក្នុងការមានវត្តមានដ៏អស់កល្ប ដោយខ្លួនឯង ពុំនោះទេ បើគ្មានអ្នកបង្កើតទេ នោះក៏គ្មានអ្វីអាចកើតមានបានដែរ។ ព្រោះបើអ្វីៗទាំងអស់គ្មានវត្តមានទាល់តែសោះ ក្នុងពេលណាមួយ នោះមានន័យថា គ្មានអ្វីអាចកើតមានបានឡើយ។ ដើម្បីឲ្យមានអ្វីមួយកើតមានបាន គឺទាល់តែមានអ្វីមួយផ្សេងទៀតមានអំណាច ក្នុងការធ្វើឲ្យពួកវាកើតមាន។ តើមានការពន្យល់អ្វី ដែលសាមញ្ញជាងនេះទៀត? បើព្រះមិនមានអំណាច ក្នុងការមានវត្តមានតាំងពីអស់កល្បជានិច្ចទេ នោះគ្មានអ្វីអាចកើតមានបានឡើយ។ អ្នកមិនចាំបាច់ត្រូវរង់ចាំ ឲ្យស្ថានសួគ៌បញ្ចេញសម្លេងប្រកាសប្រាប់ក្តែងៗថា ព្រះទ្រង់ពិតជាមានមែននោះទេ។ សូមគ្រាន់តែមើលស្បែកជើងរបស់អ្នកប៉ុណ្ណោះ អ្នកអាចដឹងថា ព្រះទ្រង់ពិតជាមានមែន។