ព្រឹក

តែងតែនឹកចាំអធិស្ឋានឲ្យ
ដោយLisa Samra
July 22, 2023
ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង។ ភីលេម៉ូន ១:៤ លោកម៉ាលខុម ខ្លោត(Malcolm Cloutt) បានក្លាយជាអ្នកទទួលរង្វាន់កិត្តិយស Maundy Money ឆ្នាំ២០២១ ពីក្សត្រីអេលីហ្សាប៊ែត ទី២(Elizabet II) ជាកម្មវិធីដែលគេប្រារព្ធធ្វើប្រចាំឆ្នាំ ដើម្បីឲ្យរង្វាន់ដល់បុរស ឬស្រ្តីអង់គ្លេសណាដែលមានភាពលេចធ្លោ។ នៅថ្ងៃទទួលរង្វាន់នោះ លោកខ្លោតមានអាយុ១០០ឆ្នាំហើយ។ គាត់បានទទួលរង្វាន់កិត្តិយសនេះ ដោយសារគាត់បានចែកព្រះគម្ពីរដោយផ្ទាល់ដៃ បាន១ពាន់ក្បាល ក្នុងមួយជីវិតគាត់។ លោកខ្លោតក៏បានធ្វើការកត់ត្រា អំពីអ្នកដែលបានទទួលព្រះគម្ពីរ១ក្បាលពីគាត់ ហើយក៏បានអធិស្ឋានឲ្យពួកគេជាទៀងទាត់។ ភាពស្មោះត្រង់របស់លោកខ្លោត ក្នុងការអធិស្ឋាន ជាគំរូនៃសេចក្តីស្រឡាញ់ដ៏មានអំណាច ដែលយើងឃើញមាន ក្នុងកណ្ឌគម្ពីរសំបុត្ររបស់សាវ័កប៉ុល ក្នុងកណ្ឌគម្ពីរសញ្ញាថ្មី។ ជាញឹកញាប់ សាវ័កប៉ុលបានលើកទឹកចិត្តអ្នកទទួលសំបុត្ររបស់គាត់ថា គាត់បានអធិស្ឋានឲ្យពួកគេជាទៀងទាត់។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានផ្ញើទៅមិត្តសំឡាញ់គាត់ ឈ្មោះ ភីលេម៉ូន គាត់បានសរសេរថា “ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង”(ភីលេម៉ូន ១:៤)។ ក្នុងសំបុត្រដែលគាត់សេរសេរផ្ញើទៅលោកធីម៉ូថេ គាត់សរសេរថា “ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបំរើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកឰយុកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ”(២ធីម៉ូថេ ១:៣)។ ក្នុងសំបុត្រដែលគាត់បានផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូម គាត់បាននិយាយសង្កត់ធ្ងន់ថា គាត់បាននឹកចាំអធិស្ឋានឲ្យពួកគេជានិច្ច និងគ្រប់ពេលវេលា(រ៉ូម ១:៩-១០)។ យើងប្រហែលមិនមានមនុស្ស១ពាន់នាក់ សម្រាប់អធិស្ឋានឲ្យ ដូចលោកម៉ាលខុមឡើយ តែការអធិស្ឋានអស់ពីចិត្ត ឲ្យអ្នកដែលយើងស្គាល់ មានអំណាចណាស់ ព្រោះព្រះទ្រង់ឆ្លើយតបការអធិស្ឋានរបស់យើង។ ពេលណាខ្ញុំបានទទួលការបណ្តាលចិត្ត និងព្រះចេស្តាពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអធិស្ឋានឲ្យនរណាម្នាក់ ខ្ញុំបានប្រើប្រតិទិន សម្រាប់បែងចែកពេលអធិស្ឋានឲ្យពួកគេ។ ការសរសេរឈ្មោះមនុស្សខុសៗគ្នា ដាក់ក្នុងកាលវិភាគប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ក្នុងប្រតិទិនរបស់ខ្ញុំ បានជួយឲ្យខ្ញុំមានភាពស្មោះត្រង់ ក្នុងការអធិស្ឋានឲ្យពួកគេជាទៀងទាត់។ ការនឹកចាំអធិស្ឋានឲ្យអ្នកដទៃ គឺជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ប្រពៃណាស់។—LISA M. SAMRA
តើធ្វើដូចម្តេចឲ្យអ្នកអាចអធិស្ឋាន ឲ្យអ្នកដទៃ ជាទៀងទាត់? តើអ្នកបានទទួលព្រះពរយ៉ាងណាខ្លះ តាមរយៈការអធិស្ឋានសម្រាប់អ្នកដទៃ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យមានភាពស្មោះត្រង់ ក្នុងការអធិស្ឋាន ដោយដឹងថា ព្រះអង្គតែងតែស្តាប់ឮទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៣-៣៤ និង កិច្ចការ ២៤
ប្រភេទ
ល្ងាច

ពេលដែលមានការគំរាមកំហែងខុសពីធម្មតា
ដោយJohn Piper
July 22, 2023
បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ។ ១ពេត្រុស ៤:១៤ គ្រីស្ទបរិស័ទជាច្រើន ក្នុងពិភពលោកនេះ មិនបានដឹងអំពីគ្រោះថ្នាក់ដែលគំរាមកំហែងជីវិត ដោយសារយើងជឿព្រះគ្រីស្ទនោះឡើយ។ យើងមានភាពស៊ាំនឹងការរស់នៅ ដោយគ្មានការបៀតបៀនទាំងនោះ។ រឿងនេះហាក់ដូចជាគ្មានអ្វីចម្លែកទេ។ ហេតុនេះហើយ ពេលណាយើងជួបការគំរាមកំហែងថា គេនឹងបៀតបៀនយើង នោះជាញឹកញាប់ ប្រតិកម្មឆ្លើយតបទីមួយរបស់យើង គឺច្រើនតែបង្ហាញចេញមក ដោយកំហឹង។ ប៉ុន្តែ កំហឹងនោះអាចជាសញ្ញាបង្ហាញថា យើងកំពុងតែភ្លេចថា យើងជាអ្នកប្រទេសក្រៅ និងអ្នកដែលគ្រាន់តែសំណាក់នៅ (“ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថា… “១ពេត្រុស ២:១១)។ ប្រហែលជាយើងបានរស់នៅសុខស្រួលពេក ក្នុងពិភលោកនេះ។ យើងមិនមានអារម្មណ៍ថា ចង់ទៅនៅជាមួយព្រះគ្រីស្ទ ដូចសាវ័កប៉ុលទេ ៖ “ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង”(ភីលីព ៣:២០)។ គ្រីស្ទានជាច្រើនត្រូវការឲ្យគេរំឭកថា “ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្តីចំឡែកនោះឡើយ”(១ពេត្រុស ៤:១២)។ រឿងនេះមិនមានអ្វីចម្លែកទេ។ តើអ្នកធ្លាប់ឆ្ងល់ទេថា អ្នកនឹងធ្វើដូចម្តេចខ្លះ ក្នុងពេលល្បងលជំនឿដែលខ្លាំងបំផុតត? ឧបមាថា មានខ្មាន់កាំភ្លើងម្នាក់បានឃើញអ្នក ហើយសួរអ្នកថា “អ្នកជាគ្រីស្ទានមែនទេ?” ព្រះបន្ទូលព្រះអាចជួយយើងឲ្យមានសង្ឃឹមឡើង ដើម្បីត្រៀមខ្លួនសម្រាប់ការល្បងលនេះ បានល្អលើសការគិតរបស់យើង។ គឺដូចដែលកណ្ឌគម្ពីរពេត្រុសបានចែងថា “បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ”(១ពេត្រុសស ៤:១៤)។ ត្រង់ចំណុចនេះ សាវ័កពេត្រុសបានលើកទឹកចិត្តយើងថា ក្នុងពេលដែលយើងជួបការគំរាមកំហែងខុសធម្មតា(ទោះជាការជេរប្រទិច ឬសេចក្តីស្លាប់ក្តី) “ព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើ” យើងរាល់គ្នា។ តើការនេះមិនមានន័យថា ព្រះទ្រង់ប្រទានជំនួយពិសេស ក្នុងពេលដែលមានវិបត្តិ ដល់អ្នកដែលរងទុក្ខដោយសារជំនឿទេឬ? ខ្ញុំមិនចង់មានន័យថា គាត់មិនមានទុក្ខលំបាកដទៃទៀត ដូចយើងនោះទេ។ ខ្ញុំគ្រាន់តែចង់មានន័យថា លោកពេត្រុសកំពុងព្យាយាមពន្យល់យើងថា អ្នកដែលរងទុក្ខ “ដោយសារព្រះនាមព្រះគ្រីស្ទ” និងបានទទួលការសណ្ឋិតនៅជាពិសេស នៃ “ព្រះវិញ្ញាណដ៏មានសិរីល្អ ជាព្រះវិញ្ញាណនៃព្រះ”។ ចូរអធិស្ឋានសូមឲ្យអ្នកទទួលបានបទពិសោធន៍នេះ ពេលដែលការល្បងលមកដល់។ ពេលនោះ ព្រះទ្រង់នឹងប្រទានការស៊ូទ្រាំ លើសពេលណាទាំងអស់។ ចូរសង្ឃឹមឡើង។