ព្រឹក

ធ្វើបន្ទាល់ពីសិរីល្អរបស់ព្រះ
ដោយUltimately with R.C. Sproul
July 31, 2023
ព្រះទ្រង់បានត្រាស់ហៅយើងឲ្យរស់នៅ ដើម្បីនាំឲ្យគេស្គាល់សិរីល្អរបស់ព្រះអាទិកររបស់យើង។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមបកស្រាយ អំពីការត្រាស់ហៅនេះ ដែលបានបង្ហាញទិសដៅ និងគោលដៅធំបំផុតនៃការរស់នៅរបស់យើងជាគ្រីស្ទបរិស័ទ។ អត្ថបទ ព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យមានសមត្ថភាពពិសេស ដើម្បីឆ្លុះបញ្ចាំង និងនាំឲ្យគេស្គាល់ចារិកលក្ខណៈរបស់ព្រះអង្គ។ បានសេចក្តីថា ក្នុងនាមអ្នកជាមនុស្ស ព្រះអាទិករបានរចនា និងបង្កើតអ្នកមក ព្រមទាំងប្រទានសមត្ថភាពយ៉ាងផ្ចិតផ្ចង់ ដើម្បីឲ្យអ្នកអាចបង្ហាញឲ្យគេឃើញសេចក្តីបរិសុទ្ធរបស់ព្រះអង្គ ក្នុងជីវិតអ្នក។ អ្នកមិនមានសេចក្តីបរិសុទ្ធដោយខ្លួនឯងបានឡើយ។ ព្រះទ្រង់មានសេចក្តីបរិសុទ្ធ ដោយខ្លួនឯង។ តែព្រះអង្គបានត្រាស់ហៅអ្នក ជាស្នាព្រះហស្តព្រះអង្គ ឲ្យធ្វើបន្ទាល់ពីព្រះអង្គ ឲ្យឆ្លុះបញ្ចាំង និងនាំឲ្យលោកិយទាំងមូលបានស្គាល់ចារិកលក្ខណៈរបស់ព្រះអង្គឲ្យបានច្បាស់។ តើព្រះយេស៊ូវមិនបានបង្ហាញឲ្យគេស្គាល់ព្រះវរបិតា តាមរយៈការស្តាប់បង្គាប់ដ៏ឥតខ្ចោះចំពោះព្រះវរបិតាទេឬ? តើព្រះអង្គមិនបានបំពេញគោលបំណង និងគោលដៅដែលព្រះបានបង្កើតមនុស្សទេឬ? ហេតុនេះហើយបានជាទេវវិទូជាច្រើនបានលើកឡើងថា ព្រះយេស៊ូវជាមនុស្សជាតិថ្មី ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា ព្រះអង្គជាអ័ដាមទី២ ដែលភាពពេញលេញរបស់ព្រះ បានសណ្ឋិតនៅក្នុងទ្រង់ ទាំងមានរូបអង្គផង។ តែជាងនេះទៅទៀត ព្រះអង្គជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់។ ហើយព្រះអង្គមានបន្ទូលទៅកាន់ពួកសាវ័កថា “អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ”។ ត្រង់ចំណុចនេះ យើងត្រូវមានការប្រុងប្រយ័ត្ន។ ខ្ញុំមិនមែនកំពុងតែនិយាយថា ភាពជាព្រះ បានកើតមានជាបន្ថែមទៀត នៅក្នុងយើង តាមរបៀបណាមួយនោះទេ។ តើអ្នកចាំពេលដែលលោកម៉ូសេឡើងភ្នំ ហើយបានជជែកជាមួយព្រះ មុខទល់នឹងមុខទេ? គឺមិនមែនគាត់បានឃើញព្រះភក្ត្ររបស់ព្រះអង្គនោះទេ តែបានឃើញខ្នងរបស់ព្រះអង្គវិញ ខណៈពេលដែលព្រះអង្គបានលាក់គាត់ នៅពីក្រោយថ្ម។ តើអ្នកចាំទេ? ពេលគាត់ចុះពីលើភ្នំវិញ តើមានរឿងអ្វីកើតឡើង? មុខរបស់គាត់ក៏បានបញ្ចេញពន្លឺ។ មានពន្លឺភ្លឺចិញ្ចាចបានចាំផ្លាតនៅលើមុខលោកម៉ូសេ។ តើពន្លឺដ៏រុងរឿងនោះ ស្រាប់តែបានបាញ់ចេញពីអ្នកគង្វាលម្នាក់នេះ តាមស្បែករបស់គាត់ ដែលនាំឲ្យប្រជាជនអ៊ីស្រាអែលអាចមើលឃើញពន្លឺ របស់លោកម៉ូសេជាលើកដំបូងឬ? អ្នកដឹងហើយថា រឿងនេះមិនដូច្នោះទេ។ អ្វីដែលបានកើតឡើងចំពោះលោកម៉ូសេ គឺដោយសារការប្រកបស្និទ្ធស្នាលជាមួយនឹងព្រះអង្គ ហើយហ៊ុមព័ទ្ធ ដោយសិរីល្អព្រះ បានជាសិរីល្អនោះនៅតែចាំងផ្លាតនៅលើមុខគាត់ ពេលគាត់ចុះពីលើភ្នំ។ ពន្លឺនោះភ្លឺខ្លាំងណាស់ បានជាពួកបណ្តាជនលាក់មុខរបស់ខ្លួន និងថយក្រោយដោយការប្រុងប្រយ័ត្ន ហើយស្រែកប្រាប់លោកម៉ូសេឲ្យយកអ្វីមកគ្របមុខរបស់ខ្លួន។ យើងមិនអាចមើលសិរីល្អរបស់ព្រះដោយផ្ទាល់បានទេ ព្រោះយើងនឹងស្លាប់មិនខាន។ ព្រោះគ្មាននរណាម្នាក់អាចមើលឃើញព្រះ ហើយនៅមានជីវិតរស់បានឡើយ តែសូម្បីតែពន្លឺនៃសិរីល្អដែលបានចាំងផ្លាត ក៏យើងមិនអាចមើលបានដែរ។ ហេតុនេះហើយបានជាលោកម៉ូសេត្រូវយកស្បៃមកគ្របមុខគាត់។ គោលដៅខ្ពស់បំផុតរបស់គ្រីស្ទបរិស័ទ ជាមូលហេតុដែលយើងរស់នៅ មានចលនា និងមានសេចក្តីសង្ឃឹមដ៏អស្ចារ្យបំផុត នៃជីវិតគ្រីស្ទបរិស័ទ គឺដើម្បីឲ្យបាន “ឃើញព្រះ”។ គឺមិនគ្រាន់តែដើម្បីឲ្យបានឃើញមុខរបស់លោកម៉ូសេ ដែលជាការឃើញសិរីល្អរបស់ព្រះដោយប្រយោល តែក៏ដើម្បីឲ្យបានឃើញសិរីល្អនៃព្រះភក្ត្ររបស់ព្រះអង្គផ្ទាល់ ហើយនាំឲ្យគេស្គាល់សិរីល្អរបស់ព្រះអង្គផងដែរ។
ប្រភេទ
ល្ងាច

មានជំនឿដូចក្មេងៗ
ដោយKatara Patton
July 31, 2023
សូមអាន លូកា ១៨:១៥-១៧ ទ្រង់...មានព្រះបន្ទូលថា ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ។ លូកា ១៨:១៦ ខណៈពេលដែលជីដូនចិញ្ចឹមរបស់យើងកំពុងសម្រាកព្យាបាល នៅលើគ្រែ ក្នុងមន្ទីរពេទ្យ បន្ទាប់ពីគាត់បានជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលជាច្រើនលើក គ្រូពេទ្យមិនដឹងថា ខួរក្បាលរបស់គាត់មានការខូចខាតកំរិតណាទេ។ ពួកគេចាំបាច់ត្រូវរង់ចាំឲ្យសុខភាពគាត់មានភាពល្អប្រសើរជាងមុនបន្តិច មុននឹងធ្វើតេស្ដមកលើមុខងាររបស់ខួរក្បាលគាត់។ គាត់អាចនិយាយបានតិចណាស់ ហើយយើងក៏កាន់តែពិបាកយល់ពាក្យដែលគាត់និយាយ។ គាត់មានអាយុ៨៦ឆ្នាំហើយ ហើយក៏បានមើលថែកូនស្រីរបស់ខ្ញុំអស់រយៈពេល១២ឆ្នាំ។ ពេលគាត់ឃើញខ្ញុំ គាត់ក៏បានបើកបបូរមាត់ដែលប្រេះស្ងួត សួរខ្ញុំថា “ចៅខាយឡា(Kayla) សុខសប្បាយជាទេ?” ដូចនេះ ពាក្យសម្ដីដំបូងបំផុត ដែលគាត់និយាយមកកាន់ខ្ញុំ ចាប់តាំងពីពេលគាត់ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ គឺជាពាក្យសួរសុខទុក្ខកូនស្រីខ្ញុំ ជាមនុស្សដែលគាត់ស្រឡាញ់ពេញបេះដូង។ ព្រះយេស៊ូវក៏ស្រឡាញ់ក្មេងៗផងដែរ ហើយក៏បានឲ្យពួកគេចូលមករកព្រះអង្គ ទោះពួកសាវ័កព្រះអង្គមិនចង់ឲ្យពួកគេចូលមកក្បែរព្រះអង្គក៏ដោយ។ ឪពុកម្តាយខ្លះបាននាំកូនៗរបស់ខ្លួន ចូលទៅរកព្រះយេស៊ូវ។ ព្រះអង្គក៏បានសម្រេចព្រះទ័យប្រទានពរក្មេងៗទាំងនោះ ដោយដាក់ព្រះហស្តលើពួកគេ(លូកា ១៨:១៥)។ ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែសប្បាយចិត្ត ពេលបានឃើញព្រះអង្គប្រទានពរដល់ក្មេងតូចៗទាំងនោះទេ។ ពួកសាវ័កក៏បានស្តីបន្ទោសឲ្យឪពុកម្តាយទាំងនោះ ហើយក៏បានប្រាប់ពួកគេមិនឲ្យមករំខានព្រះយេស៊ូវទៀត។ ប៉ុន្តែទ្រង់ហៅពួកសិស្សមកមានព្រះបន្ទូលថា “ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ”(ខ.១៦)។ ត្រង់ចំណុចនេះ ព្រះអង្គសព្វព្រះទ័យឲ្យយើង ទទួលនគរព្រះ ដូចក្មេងៗដែលចូលមករកព្រះអង្គ គឺដោយការពឹងផ្អែក ការទុកចិត្ត និងភាពស្មោះត្រង់ដ៏សាមញ្ញ។ ក្មេងៗកម្រលាក់ពុតណាស់។ តាមធម្មតា ការអ្វីដែលពួកគេបានបង្ហាញចេញមក គឺជាការពិត។ ខណៈពេលដែលព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ជួយយើងឲ្យមានជំនឿ ដូចក្មេងៗ សូមឲ្យសេចក្តីជំនឿ និងការពឹងផ្អែករបស់យើង ទៅលើព្រះអង្គ មានការបើកចំហដូចក្មេងៗផងដែរ។—Katara Patton
តើធ្វើដូចម្តេច ឲ្យអ្នកអាចយកតម្រាប់តាមភាពស្មោះត្រង់របស់ក្មេង ក្នុងទំនាក់ទំនងរបស់អ្នក ជាមួយព្រះ?
តើអ្នកបាននាំព្រះពរដល់ក្មេងៗក្នុងគ្រួសារ និងសហគមន៍របស់អ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យមានការបើកចំហ និងស្មោះត្រង់ ដូចក្មេងៗ ខណៈពេលដែលទូលបង្គំទទួលនគរព្រះអង្គ។
For further study, read Heart, Soul, and Mind: Raising Kids to Know and Love God at DiscoverySeries.org/Q0821.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៧-៥៩ និង រ៉ូម ៤